ភ្នំពេញៈ ប្រទេសកម្ពុជាបានចំណាយទឹកប្រាក់ជាង១,៦ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈកាលពីឆ្នាំ២០១២ដែលចំនួននេះកើនឡើងខ្ពស់ជាងឆ្នាំ២០១១ដល់១៧ភាគរយ។
មន្ត្រីបក្សប្រឆាំងថាបញ្ហាប្រឈមគឺអំពើពុករលួយដែលនាំឲ្យមានការនាំចូលប្រេងគេចពន្ធបាត់ចំណូលជាតិរាប់រយលានដុល្លារ។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថាការនាំចូលប្រេងឥន្ធនៈនៅឆ្នាំ២០១២ មានចំនួន១,៦លានតោនដោយបានកើនឡើង១២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១១ ដែលមាន១,៥លានតោន ស្មើនឹងទឹកប្រាក់១,៤ពាន់លានដុល្លារ។
អ្នកសេដ្ឋកិច្ចនិងមន្ត្រីបាននិយាយថា កំណើននៃការនាំចូលប្រេងឥន្ធនៈបណ្តាលមកពីតម្រូវការប្រើប្រាស់ក្នុងស្រុកកើនឡើងលោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានលើកឡើងថា៖«យើងឃើញថាការប្រើប្រាស់កំពុងតែកើនឡើងដោយសារតែលក្ខណៈល្អប្រសើរនៃវិស័យឧស្សាហកម្មនិងផលិតកម្មជាពិសេសការកើនឡើងនៃគ្រឿងយន្តកសិកម្ម។ ទន្ទឹមនឹងនេះកំណើនវិនិយោគក៏កំពុងរួមចំណែកឲ្យមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈខ្ពស់ផងដែរសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងនានា»។
លោក ម៉េង សកិ្តធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានឲ្យដឹងថាមានការកើនឡើងនៃការដឹកជញ្ជូនក្នុងស្រុក ជាពិសេសវិស័យសេវាកម្មដែលត្រូវការប្រើប្រាស់ច្រើន។ លោកថ្លែងថា៖ «ពិតមែន! នេះជាសញ្ញាមួយដ៏ល្អដែលបញ្ជាក់ថាសេដ្ឋកិច្ចរបស់យើងកំពុងរីកចម្រើន។ បើសេដ្ឋកិច្ចមិនរីកចម្រើនការប្រើប្រាស់ប្រេងឥន្ធនៈក៏មិនត្រូវការច្រើនដែរ។ ខ្ញុំមានអារម្មណ៍ថា វិស័យដឹកជញ្ជូនរបស់យើងមានការរីកចម្រើនកាលពីឆ្នាំមុន ឥឡូវយើងឃើញថាចរាចរណ៍ពិតជាកក់ស្ទះមែន»។
លោកបន្ថែមថា៖«ការកើនឡើងនេះមិនមែនមានន័យថា យើងខ្វះការផ្គត់ផ្គង់ថាមពលនោះទេព្រោះឥឡូវយើងកំពុងទទួលថាមពលពីវារីអគ្គិសនី ថាមពលធ្យូងសម្រាប់ការផលិតដែរ»។
របាយការណ៍របស់ក្រសួងក៏បង្ហាញដែរថាកម្ពុជាបាននាំចូលយានយន្តសរុបជាង១,៩១លានគ្រឿងក្នុងឆ្នាំ២០១២ដែលចំនួននេះបានកើនឡើងជាង១៥៧ភាគរយ បើធៀបនឹងឆ្នាំ២០១១ដែលមានចំនួនជិត៦៨ម៉ឺនគ្រឿង។
ទោះជាយ៉ាងនេះក្តី លោក ចាន់ សុផលអះអាងថាទិន្នន័យនៃការការនាំចូលប្រេងឥន្ធនៈនេះ នៅតែទាបបើប្រៀបធៀបនឹងការប្រើប្រាស់ជាក់ស្តែង។ លោកបន្តថា ៖«ខ្ញុំគិតថារបាយការណ៍ពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារតែកម្ពុជានៅមានប្រេងឥន្ធនៈគេចពន្ធជាច្រើនទៀតដែលមិនបានកត់ត្រា»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានឯកភាពចំពោះតួលេខនៃការនាំចូលប្រេងនេះប៉ុន្តែអះអាងថាការនាំចូលប្រេងគេចពន្ធបានធ្វើឲ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋ។
លោកបន្តថារដ្ឋាភិបាលបានយកពន្ធពីការនាំចូលប្រេង៣៤០ដុល្លារក្នុងមួយតោនប៉ុន្តែពន្ធដែលប្រមូលបានជាក់ស្តែងមានតែជាង១៦០លានដុល្លារប៉ុណ្ណោះដោយបាត់ចំណូលពន្ធរហូតដល់ជា៣៥០លានដុល្លារ។
លោក យឹម សុវណ្ណ ថ្លែងថា៖
« មិនអាចដោះស្រាយបញ្ហានេះបានទេដោយសារតែរដ្ឋាភិបាលធ្វើមិនដឹងអំពីរឿងនេះជារឿងអំពើពុករលួយមានតែដូរមេដឹកនាំចេញទេ។ ការគេចពន្ធនេះពួកគេការពារគ្នាជាប្រព័ន្ធ»។
របាយការណ៍ក្រសួងពាណិជ្ជកម្មក៏បង្ហាញផងដែរថាឱនភាពពាណិជ្ជកម្មកម្ពុជានៅឆ្នាំ២០១២កន្លងទៅមានជាង២,៦៥ពាន់លានដុល្លារ៕ CC
រាយការណ៍បន្ថែម ស៊ន សារ៉ាត