ភ្នំពេញៈ បើទោះបី​ផែនការ​ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ផ្លូវការ​នៃ​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ត្រូវ​ពន្យារពេល ប៉ុន្តែ​ការទទួល​បាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ (GI) ពី​ក្រសួង​ពាណិជ្ជកម្ម​បាននិង​កំពុង​រួមចំណែក​ក្នុង​ការធ្វើ​ឱ្យ​ផលិតផល​មួយ​នេះ​អាច​ពង្រីក​ទីផ្សារ​កាន់តែ​ធំ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​ចុះបញ្ជី​ទៅក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២១​។ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» គឺជា​ទំនិញ​ទី​ ៤ ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះបញ្ជី​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ បន្ទាប់ពី​ម្រេច​កំពត​, ស្ករត្នោត​កំពង់ស្ពឺ​, និង​ក្រូចថ្លុង​កោះទ្រង់​។

លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៦ ខែ​មេសា​ថា តាម​ផែនការ​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​ធ្វើ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ផ្លូវការ​នៃ​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» នៅ​ថ្ងៃទី​ ៦ ខែមេសា ប៉ុន្តែ​ដោយសារ​ការរីក​រាលដាល​ព្រឹត្តិ​កាណ៍​សហគមន៍​ ២០ ​កុម្ភៈ​បាន​ធ្វើឱ្យ​ផែនការ​នេះ​ត្រូវ​ពន្យារពេល​។

ទោះបី​យ៉ាងណា​ក្រសួង​បាន​ចុះបញ្ជី​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​»​ទៅក្នុង​ប្រភេទ​ទំនិញ GI រួចរាល់​ហើយ​។ ការចុះបញ្ជី​នេះ​មានន័យថា​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​នឹងត្រូវ​បាន​ការពារ​ដោយមាន​ដើមកំណើត​ផ្សារភ្ជាប់​ជាមួយ​ទីតាំង​ភូមិសាស្ត្រ​ជាក់លាក់ មាន​គុណភាព និង​គុណតម្លៃ​ច្បាស់លាស់ ព្រមទាំង​ធ្វើឱ្យ​ប្រជាជន និង​ផលិតករ​ក្នុង​តំបន់​អាច​ធ្វើការ​ផ្ទេរ​ចំណេះ និង​ជំនាញ​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​។

លោក​បន្ថែមថា ការចុះបញ្ជី​ GI ក៏​ជា​ឧបករណ៍​ដ៏សំខាន់​ក្នុង​ការលើក​ទឹកចិត្ត​ឱ្យ​សហគមន៍​ផលិត​នូវ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ដែលមាន​គុណភាព​ខ្ពស់​តាមរយៈ​ការពង្រឹង និង​ពង្រីក​ចង្វាក់​ផលិតកម្ម បង្កើន​ការត្រួតពិនិត្យ​គុណភាព​ជា​ប្រព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ និង​ឈាន​ទៅ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។

លោក​ថ្លែងថា​៖ «​ការចុះបញ្ជី​នេះ​វា​ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​មានតម្លៃ​បន្ថែម​នៅលើ​ទីផ្សារ ពិសេស​តម្លៃ​លក់​នឹង​ទទួល​បាន​ខ្ពស់ ហើយ​មានការ​ទទួល​ស្គាល់​ទាំង​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​»​។

លោក​បន្ថែមថា ការចុះបញ្ជី GI ក៏​នឹង​រួមចំណែក​កាត់បន្ថយ ភាពក្រីក្រ តាមរយៈ​ការបង្កើត​ភូមិ​មួយ​ផលិតផល​មួយ​។

លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​បាន​ឱ្យ​ដឹងថា ការទទួលស្គាល់​ជា GI មាន​ន័យថា ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី គឺជា​ផលិតផល​ដែល​ផលិតឡើង​ដោយមាន​ការគ្រប់គ្រង មាន​ប្រព័ន្ធ​ត្រួតពិនិត្យ និង​ការធានា​គុណភាព​ត្រឹមត្រូវ ដែល​អាច​នឹង​ធ្វើឱ្យ​ផលិតផល​ទាំង​នេះ​មាន​តម្លៃ​ខ្ពស់ជាង​មុន​។ GI ក៏​ជាការ​បើកឱកាស​ឱ្យ​ផលិតផល​នេះ​ទទួល​ការបញ្ជាទិញ​ទៅ​ក្រៅប្រទេស​ផងដែរ​។

លោក កើញ បូផាត់ ប្រធាន​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី​និយាយ​ថា ការចុះបញ្ជី​ផ្លូវការ​នៃ​ទំនិញ​ GI នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​បង្កើន​ប្រាក់ចំណូល​ដល់​អ្នក​នៅក្នុង​សហគមន៍​។ លោក​បន្តថា ទោះយ៉ាងណា​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​ឆ្នាំនេះ​នឹងមិន​មាន​បរិមាណ​ច្រើន​ដូច​ឆ្នាំមុន​ទេ ដោយ​អាច​បាន​ចន្លោះ​ពី​ ១០-២០ ​តោន​ប៉ុណ្ណោះ ខណៈ​ឆ្នាំមុន​ទទួលបាន​ជាង ៦០ ​តោន​។

លោក​បន្ថែមថា លក្ខណ​ពិសេស​របស់​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​គឺ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ខាប់ និង​មាន​ក្លិនក្រអូប​។

បច្ចុប្បន្ន​សមាគម​ទិញ​ទឹកឃ្មុំ​ពី​សមាជិក​ក្នុងតម្លៃ ៦០ ០០០ ​រៀល​ ក្នុង​ ១ ​លីត្រ និង​លក់​ចេញ​ ៧ ​ទៅ​ ៧ ​ម៉ឺន​ ៥ ​ពាន់​រៀល​។ នេះ​បើតាម​លោក បូផាត់​៕ LA