
ភ្នំពេញ: រាល់បញ្ហាប្រឈម និងក្តីបារម្ភនានាមួយចំនួនរបស់វិស័យឯកជនដែលជារបាំងនៃកំណើនត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការដោះស្រាយភ្លាមៗនៅក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន (G-PSF)លើក ទី១៧ នៅវិមានរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីអវត្តមានរយៈពីរឆ្នាំនៃការប្រារព្ធវេទិកានេះចាប់តាំងឆ្នាំ ២០១២ មក ដោយសារតែ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអាស៊ានផ្សេងៗទៀតកាលពីឆ្នាំ ២០១២ និងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ ២០១៣ កន្លងមកដែលបណ្ដាលឲ្យមានការជាប់គាំងផ្នែកនយោបាយរហូតមកដល់បច្ចុប្បន្ន។
វេទិកាឆ្នាំនេះគឺផ្តោតលើប្រធានបទ «សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ កាលានុវត្តភាព និងការប្រឈមចំពោះ កម្ពុជា» ហើយឆ្នាំនេះក៏កាន់តែមានការចូលរួមពីវិស័យឯកជនច្រើនជាងឆ្នាំមុនៗដែរ ដោយបានបន្ថែមក្រុមការងារពីរថ្មីបន្ថែមទៀតពីវិស័យអង្ករនិង ក្រុមមួយទៀតពីវិស័យថាមពល និងធនធានរ៉ែ។
G-PSF ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៩ តាមគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាល កម្ពុជា ដើម្បីផ្ដល់យន្តការសន្ទនាគួរឲ្យទុកចិត្តសម្រាប់ការពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងវិស័យឯកជនស្ដីពីបញ្ហាបរិយាកាសការវិនិយោគចេញពីគោលនយោបាយរយៈពេលវែងរហូតដល់ប្រតិបត្តិការប្រចាំថ្ងៃដើម្បីលើកទឹកចិត្តដល់គំនិតផ្ដួចផ្ដើមរបស់វិស័យឯកជនហើយវាក៏ផ្ដល់កម្មវិធី គួរឲ្យទុកចិត្តបានសម្រាប់សហគមន៍អាជីវកម្មដើម្បីលើកឡើង និងដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលនៅក្នុងថ្ងៃតែមួយ។
លោក តែ តាំងប៉ អ្នកតំណាងក្រុមការងារវិស័យឯកជនផ្នែកកម្មន្តសាលនិងសហគ្រាសធុនតូចនិងមធ្យមនិងសេវាកម្ម ស្នើទៅរាជរដ្ឋាភិបាលឲ្យអនុគ្រោះពន្ធនាំចូលម៉ាស៊ីន សម្ភារ និងវត្ថុធាតុដើម ដែលបម្រើដល់សហគ្រាសខ្នាតតូចនិងមធ្យម និងសុំព្យួរពន្ធលើប្រាក់ចំណេញរយៈពេលបីឆ្នាំសម្រាប់សហគ្រាសដែលទើបនឹងបង្កើតថ្មី។ បន្ថែមពីនេះ លោកសុំឲ្យមានការព្យួរពន្ធនាំចូល ហើយអាករលើតម្លៃបន្ថែម (VAT) ជាបន្ទុករបស់រដ្ឋក្នុងការនាំចូលសរសៃសូត្រ តាមការសន្យារបស់រដ្ឋាភិបាលក្នុងវេទិកា ទី១៥។ ពាក់ព័ន្ធនឹងបញ្ហាពន្ធនេះដែរ លោកក៏បានស្នើសុំការលុបបំបាត់ការបង់ពន្ធលើតម្លៃបន្ថែមចំពោះក្រុមហ៊ុនដែលលក់ទំនិញបន្តទៅក្រុមហ៊ុននាំចេញដោយសុំការអនុញ្ញាតឲ្យអ្នកលក់ភ្ជាប់ឯកសារនាំចេញនៅពេលប្រកាសពន្ធ។ ក្នុងករណីនៅតែអនុវត្តតាមនីតិវិធីចាស់លោកស្នើឲ្យមានការប្រាក់អាករលើតម្លៃបន្ថែមឲ្យបានគ្រប់ចំនួនក្នុងរយៈពេលមិនលើសមួយសប្តាហ៍។
ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងសិក្សាពីលទ្ធភាពនៃការអនុគ្រោះពន្ធសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅ កម្ពុជា ដើម្បីពិនិត្យថា តើសហគ្រាសណាដែលត្រូវបានការលើកទឹកចិត្ត។ លោកបញ្ជាក់ថា មិនមែនអនុគ្រោះទាំងស្រុងនោះទេ។
លោកបានអនុម័តលើសំណើសុំដាក់អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់អង្កាមនិងកន្ទក់ក្នុងស្រុក រាជរដ្ឋាភិបាលអាករលើតម្លៃបន្ថែមសូន្យភាគរយ សំណើសុំដាក់បន្ទុកលើអាករលើតម្លៃបន្ថែមសម្រាប់នាំចូលសរសៃសូត្រដែលនឹងបន្តអនុគ្រោះពន្ធរយៈពេលពីរឆ្នាំបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ ២០១៥ ហើយក្រសួង សេដ្ឋកិច្ចនិងហរិញ្ញវត្ថុរៀបចំប្រកាសសម្រាប់ដាក់អនុវត្ត។ ក្នុងនោះលោកក៏បានពិនិត្យលើលទ្ធភាពក្នុងការអនុគ្រោះពន្ធលើការនាំចូលម៉ាស៊ីន និងសម្ភារ ជាវត្ថុធាតុដើមសម្រាប់ផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ។
លោក ហូ វណ្ឌី អ្នកតំណាង ក្រុមការងារវិស័យឯកជន ផ្នែកទេសចរណ៍បានលើកឡើងនូវបញ្ហាមួយចំនួននិងបានស្នើសុំឲ្យមានការបង្កើតបញ្ជរបន្ថែមនៅតាមច្រកទ្វារដែលមានភ្ញៀវចេញចូលច្រើន។
លោកនាយករដ្ឋមន្រ្តីបានចាត់ឲ្យក្រសួង ទេសចរណ៍ សហការជាមួយស្នងការនគរបាលជាតិ ផ្នែកអន្តោប្រវេសន៍សិក្សាអំពីលទ្ធភាពក្នុងការបង្កើតបញ្ជរគ្រប់ច្រក ដែលមានការយឺតយ៉ាវ។ ទិដ្ឋាការពេលមកដល់ជាការងាយស្រួលហើយ សម្រាប់ទេសចរ បញ្ហានៅពេលបោះត្រាពេលមកដល់។ លោកនាយករដ្ឋមន្រ្តីបន្ថែមថាខាងក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន ធ្លាប់បានស្នើឲ្យមន្ត្រីកម្ពុជាបោះត្រានៅលើយន្តហោះ។ លោកបានស្នើឲ្យលោក ហូ វណ្ឌី សហការជាមួយក្រសួង ទេសចរណ៍ ដើម្បីពិនិត្យលើលទ្ធភាពនៃការបោះត្រាទិដ្ឋាការលើយន្តហោះដែរ។
ក្នុងកិច្ចប្រជុំ លោក លឹម ប៊ុនហេង អ្នកតំណាង ក្រុមការងារវិស័យឯកជនផ្នែកស្រូវអង្ករ លើកឡើងពីបញ្ហាចម្បងពីរដែលកំពុងជួបប្រទះ។ ដូចជា បញ្ហាហិរញ្ញប្បទាន។ ការមិនទទួលយកស្តុកស្រូវអង្ករជារបស់បញ្ចាំបានធ្វើឲ្យការទទួលបានប្រាក់កម្ចីនៅមានកម្រិត។ ការរាំងស្ទះការដឹកជញ្ជូនទៅកាន់កំពង់ផែជាដើម។
បញ្ហានេះលោកនាយករដ្ឋមន្រ្តីថ្លែងថា សំណើសុំដាក់អាករលើតម្លៃបន្ថែមសុំការផ្គត់ផ្គង់អង្ករក្នុងស្រុករាជរដ្ឋាភិបាលផ្តល់ជូននូវលក្ខណៈសម្បតិ្តជាសហគ្រាសគាំទ្រ ដោយអនុវត្តអាករលើតម្លៃបន្ថែមសូន្យភាគរយ ចំពោះរោងម៉ាស៊ីនកិនស្រូវ និងសហគ្រាស ដែលប្រមូលទិញស្រូវយកមកកែច្នៃជាអង្ករ សម្រាប់ផ្គត់ផ្គងបន្តឲ្យអ្នកនាំចេញ ដូចគ្នានិងវិស័យកាត់ដេរដែរ ប៉ុន្តែត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រមួយចំនួន ដូចជា កិច្ចសន្យាផ្គត់ផ្គង់អង្ករ និងប្រតិវេទគយជាដើម។
លោក វ៉ាន់ ស៊ូអៀង ប្រធានក្រុមការងារ ផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម បានស្នើដល់រដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងស្ថិរភាពសណ្ឋាប់ធ្នាប់សង្គមដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមអ្នកវិនិយោគ។ ជំរុញអភិវឌ្ឍធនធានមនុស្ស និងជំនាញស្របតាមទីផ្សារត្រូវការ និងការលើកកម្ពស់ផលិតភាពរបស់កម្មករ។ កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបន្តផ្គត់ផ្គង់ថាមពលដែលមានតម្លៃទាបជាងបច្ចុប្បន្ន។
លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលនឹងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មដោយកាត់បន្ថយការត្រួតពិនិត្យទំនិញនាំចេញទៅប្រទេសដែលកម្ពុជាត្រូវបង់ពន្ធឲ្យមកត្រឹម ២ ភាគរយនៃទំនិញសរុបវិញដើម្បីធ្វើឲ្យការនាំចេញបានលឿន។ រដ្ឋាភិបាលក៏នឹងពង្រឹងការសម្របសម្រួលឲ្យមានភាពស៊ីចង្វាក់គ្នារវាងវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារ។
ពាក់ព័ន្ធវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម លោក ម៉ុង ឫទ្ធី បានស្នើទស្សនវិស័យបីចំណុចទៅដល់រដ្ឋាភិបាលឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ក្នុងនោះរួមមាន ទីមួយការបង្កើតយន្តការផ្លាស់ប្តូរលើវិស័យបច្ចេកវិទ្យាកសិកម្ម និងកសិ-ឧស្សាហកម្មរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ទីពីរការបង្កើតប្រព័ន្ធសន្តិសុខស្បៀងដើម្បីត្រួតពិនិត្យលើយន្តការស្បៀងអាហារទាំងមូល និងទីបី ការបង្កើនការបណ្តុះបណ្តាល ជាកម្មករ វិស្វករ អ្នកមានវិជ្ជាជីវៈដើម្បីបំពេញតម្រូវការរបស់សមាហរណកម្មសេដ្ឋកិច្ច អាស៊ាននៅឆ្នាំ ២០១៥។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ពាក់ព័ន្ធនិងទស្សនវិស័យរបស់ លោក ឧកញ៉ា ម៉ុង ឫទ្ធី ដូច្នេះថា នៅក្នុងបរិការណ៍នៃសហគមន៍អាស៊ាន ការត្រៀមខ្លួនមួយទៀតដែលមិនអាចខ្វះបាននោះគឺការអភិវឌ្ឍមូលធនមនុស្ស។
លោក ណាង សុធី សហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈបានស្នើទៅរដ្ឋាភិបាលចំណុចសំខាន់ៗរួមមានទីមួយគឺការលើកទឹកចិត្តឲ្យមានបណ្តុះបណ្តាលធនធានមនុស្ស។ លោកក៏បានសុំឲ្យមានការពន្លឿនក្នុងការអនុម័តច្បាប់ស្តីពីសហជីព និង ច្បាប់តុលាការការងារ ផងដែរ។
លោក ហ៊ុន សែន ថ្លែងថា ការចូលរួមជាលក្ខណៈស្ថាបនា និងមានការទទួលខុសត្រូវពីសំណាក់និយោជិត សហជីព និងនិយោជកដោយមានការពិគ្រោះយោបល់ និងការចរចាដោយត្រង់ៗរវាងគ្នាជាការចាំបាច់ដើម្បីឈានទៅលទ្ធផលល្អក្នុងទំនាក់ទំនងផ្នែកឧស្សាហកម្ម ផលិតភាពនិងប្រាក់ឈ្នួលសមរម្យ។
លោក សូ ងួន ប្រធានក្រុមកាងារវិស័យឯកជនផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធបានលើកសំណើឲ្យមានការជួយជំរុញ និងគាំទ្រការវិនិយោគក្នុងកម្មវត្ថុជួយពង្រឹង និងកែលម្អគុណភាពសេវាកម្មដឹកជញ្ជូន និងសុំមានការអនុគ្រោះពន្ធនាំចូលមកត្រឹម ០ ភាគរយនិងលើកលែងពន្ធអាករពិសេសនានាសម្រាប់រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ និងរថយន្តទេសចរណ៍ធុនធំ (Bus) ថ្មីៗ។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលបានឯកភាពចំពោះសំណើដែលស្នើឲ្យរថយន្តដឹកជញ្ជូនអាចឆ្លងកាត់ផ្លូវ ៣៧១ តែសម្រាប់តែករណីដឹកជញ្ជូនស្រូវអង្ករទេក្នុងគោលបំណងលើកកម្ពស់វិស័យនាំចេញអង្ករ។
រដ្ឋាភិបាលនឹងបន្តពិនិត្យសម្រួលបន្ទុកពន្ធដល់ក្រុមហ៊ុនវិនិយោគតាមការជាក់ស្តែង តែទន្ទឹមនេះវិស័យឯកជនត្រូវបន្តខិតខំកសាងនិងអភិវឌ្ឍសមត្ថភាពខ្លួនហើយត្រូវបោះបង់ចោលនូវទម្លាប់ស្នើសុំការលើកទឹកចិត្តផ្នែកពន្ធដារពីរដ្ឋដោយជំនួសវិញនូវការផ្តល់ព័ត៌មាន និងអនុសាសន៍នានាជូនរាជរដ្ឋាភិបាលពិសេសពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈមនានា និងចាប់យកឱកាសល្អៗដែលកើតចេញពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥។
តែទោះជាយ៉ាងណាក៏ដោយវេទិកាលើក ទី១៧ នេះក៏មិនទាន់បានដោះស្រាយ នូវបញ្ហាទាំងឡាយដែលត្រូវបានលើកឡើងពីក្រុមការងារទាំងអស់នោះឡើយ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើការអះអាងយ៉ាងមុតមាំថា រាល់បញ្ហាដែលមិនធ្វើការដោះស្រាយនាពេលនេះនឹងទាមទារឲ្យក្រុមការងារពីវិស័យឯកជនទាំង ១០ ជួបពិភាក្សាបន្តទៀតជាមួយនឹងប្រធានក្រុមការងារដែលសុទ្ធតែមានសមាសភាពរដ្ឋមន្រ្តីតំណាងក្រសួងនីមួយៗ៕