ភ្នំពេញៈ កង្វះ​ទុន​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅតែ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវបាន​វិស័យ​នេះ​លើកឡើង​ជា​ញឹកញាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ បើ​ទោះបី​ជា​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ (RDB) គ្រប់គ្រង​ដោយ​បាន​បញ្ចេញ​កម្ចី​សម្រាប់​គាំទ្រ​ដល់​វិស័យនេះ​ជាច្រើន​ឆ្នាំ​មកហើយ​ក្តី​។

អ្នក​នៅក្នុង​វិស័យនេះ​តែង​ស្តីបន្ទោស​លើក​ង្វះ​ទុន​ថា​បាន​រារាំង​ដល់​កំណើន​នាំចេញ​អង្ករ​របស់​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ដល់​នឹង​ពេលនេះ​។

ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​។

លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្នុង​ចំណោម​មូលធន​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ទាំង​ជាង ១៦០ ​លាន​ដុល្លារ គឺ​ប្រមាណ​ជាង​ ៧០ ​ភាគរយ​ ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​ដែល​នេះ​ជា​ចំនួន​ដ៏ខ្ពស់​រួច​ទៅ​ហើយ​។ ម្យ៉ាងទៀត​លទ្ធភាព​នៃ​ទុន​របស់ RDB ក៏មាន​កម្រិត​ផងដែរ​។ លោក​ថ្លែងថា​៖ «​យើង [RDB] ស្ទើរតែ​អស់​លទ្ធភាព​ក្នុង​ការបញ្ចេញ​ទុន​បន្ថែម​ទៀត​ទៅក្នុង​វិស័យ​ស្រូវ​អង្ករ​ហើយ អ៊ីចឹង​ស្នើ​ទៅ​ប្រភព​ផ្សេង​ឲ្យ​ជួយ​ទើប​ទៅរួច​»​។

បើ​តាម​លោក កៅ ថាច លោក​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ទុន​បន្ថែម​ទៀត​សម្រាប់​ឲ្យ​ធនាគារ RDB មាន​លទ្ធភាព​ផ្តល់ប្រាក់​កម្ចី​បាន​កាន់តែ​ច្រើន​នៅពេល​ខាងមុខ​។

របាយការណ៍​នាំចេញ​ស្រូវ​អង្ករ​របស់​លេខាធិការដ្ឋាន​ច្រកចេញ​ចូល​តែមួយ​សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​បរិមាណ ៣៩៨ ៥៨៦ ​តោន​កើនឡើង ២,៣ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​ ២០១៨​។

ការនាំ​ចេញ​ទៅ​ទីផ្សារ​ចិន​កំពុង​នាំមុខ​ក្នុង​ចំណោម​ទីផ្សារ​អន្តរជាតិ​ផ្សេងទៀត ចាប់តាំងពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យកពន្ធ​នាំចូល​អង្ករ​កម្ពុជា​ពី​ដើម​ឆ្នាំ​ ២០១៩ មក​។

របាយការណ៍​បង្ហាញថា ការនាំចេញ​អង្ករ​ទៅ​ចិន​ក្នុង​រយៈពេល​ ៩ ខែ ឆ្នាំនេះ​មាន​បរិមាណ ១៥៧ ៧៩៣ ​តោន សហភាព​អឺរ៉ុប​មាន ១៣៥ ៤៧១ ​តោន និង​តំបន់​អាស៊ាន មាន ៥៣ ៣៤៧ ​តោន ក្រៅពី​នោះ​មាន​នាំ​ចេញ​ទៅ​អាហ្វ្រិក និង​ទិសដៅ​មួយ​ចំនួន​ទៀត​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​កាលពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នៅ​ត្រូវការ​ទុន​បន្ថែមទៀត​ដើម្បី​ធ្វើឲ្យ​ទីផ្សារ​នេះ​មាន​ភាពរឹងមាំ​។ លោក​ថ្លែងថា​៖ «​ជាធម្មតា​នៅពេល​រដូវ​ប្រមូល​ដំបូងៗ​ម្ចាស់​ក្រុមហ៊ុននាំចេញ​អង្ករ និង​រោង​ម៉ាស៊ីន​កិនស្រូវ​នីមួយៗ​តែង​បញ្ចេញ​ប្រាក់​ទិញស្រូវ​យក​មក​ស្តុក​ទុក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ខ្វះខាត​ប្រាក់​នៅ​ចុងរដូវកាល​»​។

លោក​ថ្លែងថា​៖ «​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ត្រូវការ​ទឹកប្រាក់​ប្រមាណ ២០០ ​លាន​ដុល្លារ​ទៀត ដើម្បី​ធ្វើ​ជា​ទុន​បង្វិល​»​។

តាម​លោក លន់ យ៉េង ទុនវិនិយោគ​សរុប​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​បច្ចុប្បន្ន​រួមបញ្ចូល​គ្នា​មាន​តម្លៃ​ប្រមាណ​ពី​ ៣០០ ​លាន​ទៅ ៤០០ ​លាន​ដុល្លារ​។

លោក ហេង ផេង នាយកប្រតិបត្តិ​ក្រុមហ៊ុន​នាំចេញ​អង្ករ ថ្មគោល នៅ​ខេត្ត​បាត់ដំបង​បាន​និយាយថា បើ​រោង​ម៉ាស៊ីន​មាន​ទុន​គ្រប់គ្រាន់ វា​មិន​ត្រឹមតែ​អាចជួយ​ទប់ស្កាត់​ការហូរ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិតខាង​នៅពេល​ប្រមូលផល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការបង្កើន​បរិមាណ​នៃ​ការនាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ ខ្ញុំ​ស្នើ​ឲ្យ​ [RDB ] និង​ធនាគារពាណិជ្ជ​ជួយ​ផ្តល់​ប្រាក់កម្ចី​បន្ថែម ឬ​យ៉ាងហោច​ណាស់​ជួយ​រក្សា​ប្រាក់កម្ចី និង​អត្រា​ការប្រាក់​ដដែល​»​។

បច្ចុប្បន្ន​តម្លៃ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង​នៅ​រដូវ​ប្រមូលផល​នេះ​គឺ ១ ១៨០ ​រៀល ក្នុង​ ១ ​គីឡូក្រាម​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន​តម្លៃ​ជាង​ ១ ៣៥០ ​រៀល​៕LA