
កសិករម្នាក់ កំពុងស្រោចស្រពដំណាំរបស់ខ្លួននៅសង្កាត់ជ្រោយចង្វា។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ការផ្តល់អាទិភាពទៅលើវិស័យកសិកម្មរបស់កម្ពុជាហាក់នៅមានកម្រិតនៅឡើយ បើធៀបជាមួយនឹងវិស័យទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ADB បានឲ្យដឹងកាលពីម្សិលមិញ ថា វិស័យកសិកម្មនៅកម្ពុជាមិនសូវមានសម្ទុះកើនឡើងខ្ពស់ទេ ដែលត្រូវបានរាំងខ្ទប់ដោយកង្វះប្រព័ន្ធធារាសាស្រ្ត។
លោក Andrew Brubaker ប្រធានក្រុមវាយតម្លៃនៃធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់ឡើយនៅក្នុងការស្រាវជ្រាវលើវិស័យកសិកម្ម ដែលការខ្វះខាតនេះក៏កើតមាននៅក្នុងបណ្តាប្រទេសអាស៊ីមួយចំនួនផងដែរ។ ជាទូទៅកំណើននៃការផ្តល់ឥណទានសម្បទានរបស់ ADB បានគាំទ្រដល់ប្រតិបត្តិការធំៗដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងទឹក។
លោក ចន្ទ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ថា គិតមកទល់ពេលនេះគម្រោងប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាមានចំនួនប្រមាណ ៣ ០០០ ដែលបានចូលរួមចំណែកក្នុងការបញ្ចៀសទឹកជំនន់ និងគ្រោះរាំងស្ងួត។ គម្រោងទាំងនោះភាគច្រើនត្រូវបានជួសជុល និងស្តារឡើងវិញ ជាបន្តបន្ទាប់។ លោកបានបន្តថា តែទោះបីយ៉ាងណាប្រព័ន្ធធារាសាស្ត្រទាំងនោះ ស្ថិតក្នុងតំបន់ដែលមានខ្សាច់ច្រើន។ លោកថ្លែងថា៖ «នេះជាបញ្ហាចម្បងមួយដែលធ្វើឲ្យការរក្សាទឹកទុកនៅកម្ពុជាមានកម្រិតទាប»។
លោកប្រាប់ទៀតថា ទន្ទឹមនឹងការស្តារ និងគ្រប់គ្រងឲ្យមានប្រសិទ្ធភាព ប្រព័ន្ធធារាសាស្រ្តនៅកម្ពុជាក៏ត្រូវការធ្វើទំនើបកម្មផងដែរ។ លោកនិយាយថា៖ «ការគ្រប់គ្រងធនធានទឹកដែលមានប្រសិទ្ធភាពនឹងផ្តល់ឱកាសឲ្យប្រជាកសិករទទួលបានទឹកយកទៅប្រើប្រាស់ ដែលវានឹងជួយបង្កើតឱកាសវិនិយោគ និងធ្វើឲ្យកម្ពុជាសម្រេចបាននូវគោលដៅបង្កើនផលិតផលកសិកម្មផងដែរ»។
លោកប្រាប់ទៀតថា ការជួយរបស់ ADB បានចូលរួមចំណែកយ៉ាងធំធេងដល់រដ្ឋាភិបាលក្នុងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីបង្កើនសមត្ថភាពវិស័យកសិកម្មនៅកម្ពុជា។
លោក ស្រី វុឌ្ឍី អគ្គលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និយាយថា ទោះបីវិស័យស្រូវអង្ករកម្ពុជាត្រូវបានរដ្ឋាភិបាលកំណត់ជាវិស័យអាទិភាពប៉ុន្មានឆ្នាំមកហើយក៏ដោយ ក៏វិស័យនេះនៅតែមានបញ្ហាប្រឈមជាច្រើនរហូតមកទល់ពេលនេះ។ លោកបន្តថា កន្លងមករដ្ឋាភិបាលបានខិតខំធ្វើការងារជាច្រើនដើម្បីគ្រប់គ្រងទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម។ វិស័យកសិកម្មត្រូវការទឹកជាចាំបាច់ បើមានទឹកគ្រប់គ្រាន់វាអាចបង្កើនផលិតភាពកសិកម្មបានកាន់តែច្រើន។ លោកអះអាងថា បច្ចុប្បន្នវិស័យនេះកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលនៃការធ្លាក់ចុះកម្លាំងពលកម្មផងដែរ។
លោកបន្តថា៖ «ក្រសួងនឹងស្នើឲ្យអង្គភាពពាក់ព័ន្ធចូលរួមគ្នាក្នុងការជួយដើម្បីធ្វើឲ្យវិស័យកសិកម្មកាន់តែមានសក្តានុពលខ្ពស់ជាងមុន»។
វិស័យកសិកម្មកម្ពុជា បានបង្ហាញពីការធ្លាក់ចុះជាបន្តបន្ទាប់ ដោយកាលពីឆ្នាំ ២០១៤ ចំណែកវិស័យកសិកម្មក្នុង GDP មាន ៣០ ភាគរយ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកនៅត្រឹមតែ ២២-២៣ ភាគរយ។ នេះបើតាមលោក វុឌ្ឍី៕LA