
ភ្នំពេញ: សហគ្រាស និងសិប្បកម្មផលិតទឹកផ្លែឈើ និងភេសជ្ជៈក្នុងស្រុកកំពុងពង្រឹងស្តង់ដារផលិតផលរបស់ខ្លួនដើម្បីត្រៀមខ្លួនប្រកួតប្រជែងនៅពេលដែលសមាហរណកម្មអាស៊ានចូលមកដល់តែថាកង្វះដើមទុននៅតែជាឧបសគ្គដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពផលិតផល។
វិញ្ញាបនបត្រទទួលស្គាល់គុណភាពផលិតផលរួមមាន HACCP GMP និង ISO 202000។ បើតាមការឲ្យដឹងពីលោក ហឹម ផានិត អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលផលិតកម្មជាតិ ស្តង់ដារទាំងនេះត្រូវបានគេស្គាល់ថា ជាស្តង់ដារគ្រប់គ្រង គុណភាព សុវត្ថិភាព ម្ហូបអាហារ។
លោកថា៖ «GMP ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ផ្តោតលើការថែរក្សាបរិស្ថាន អនាម័យល្អ ក្នុងរោងចក្រ សិប្បកម្ម ម្ហូបអាហារ។ ចំណែក HACCP គឺមានកម្រិតមួយខ្ពស់ជាង GMP ផ្តោតលើភ្នាក់ងារបង្កគ្រោះថ្នាក់ដល់ម្ហូបអាហារ ហើយ ISO 202000 គឺជាការបូកបញ្ចូលគ្នារវាង HACCP GMP និង ISO 9001 ដែលផ្តោតលើការគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារទាំងអស់»។
លោកបន្តពន្យល់ដូច្នេះថា ប្រព័ន្ធទាំងអស់នេះមានសារៈសំខាន់សម្រាប់សហគ្រាសធុនតូចនិង មធ្យមដែលមានបំណងនាំចេញផលិតផលទៅក្រៅប្រទេស នៅក្នុង ឆ្នាំ២០១៥។ លោកថ្លែងថា៖ «របាំងពន្ធគយត្រូវបានទម្លាក់ នៅតែរបាំងបច្ចេកទេសប៉ុណ្ណោះ។ ដើម្បីអាចនាំចេញផលិតផលទៅកាន់ប្រទេសជិតខាងនៅក្នុងអាស៊ានបានទាល់តែយើងមានស្តង់ដារដែលតម្រូវទៅតាមប្រទេសនីមួយៗ»។
ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពផលិតផលសហគ្រាសនិងសិប្បកម្មទាមទារឲ្យអនុវត្តតម្រូវតាមបទដ្ឋានស្តង់ដារនីមួយៗ ដែលក្នុងនោះរួមមានរបៀបគ្រប់គ្រងការផលិត ទីតាំងផលិត និងការរក្សាអនាម័យនិងបរិស្ថានក្នុងកន្លែងផលិត។
ឧបសគ្គដែលរារាំង ការទទួលបានគឺកង្វះធនធានមនុស្សនិងថវិកា។ លោកថា៖ «ទីមួយធនធានមនុស្ស។ ដោយសារតែស្តង់ដារទាំងនោះ វាទាមទារឲ្យយើងមានការកត់ត្រា ការយល់ដឹងអំពីប្រព័ន្ធសុវត្ថិភាពទាំងអស់នោះ ទើបអាចអនុវត្តបានត្រឹមត្រូវ។ ទី២ គឺកត្តាថវិកាសម្រាប់វិនិយោគ ព្រោះគាត់ត្រូវវិនិយោគទៅលើការកែសំណង់អគារ ការវិនិយោគទៅម៉ាស៊ីនដែលបម្រើដល់ការផលិតចំណីអាហារទាំងអស់នោះ»។
យោងតាមលោក ហឹម ផានិត បច្ចុប្បន្ននេះកម្ពុជាមានសហគ្រាសខ្នាតតូចនិងមធ្យមសរុបប្រមាណ ៥០ ម៉ឺនក្រុមហ៊ុន។ ក្នុងនោះមានតែ ២០ ទៅ ៣០ ក្រុមហ៊ុនប៉ុណ្ណោះដែលមាន HACCP GMP និង ISO 202000 ហើយមានក្រុមហ៊ុនមួយចំនួនធំកំពុងរៀបចំខ្លួនដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសុវត្ថិភាព និងគុណភាពផលិតផលចំណីអាហាររបស់ខ្លួន។
ក្នុងនោះសហគ្រាសផលិតទឹកផ្លែឈើ ខ្មែរមេគ្គងហ្វូដ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលកំពុងរៀបចំខ្លួនឈានទៅរកការទទួលបានវិញ្ញាបនបត្រ HACCP និង GMP។ លោកស្រី សែន សុខលី ជាម្ចាស់សហគ្រាសផលិតទឹកផ្លែឈើ រមេគ្គងហ្វូដ និយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា សហគ្រាសរបស់លោកស្រីនឹងទទួលបានវិញ្ញាបនបត្រ HACCP និង GMP នៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីឈរជើងក្នុងទីផ្សាររយៈពេលប្រហែល ៩ឆ្នាំ។
បច្ចុប្បន្នផលិតផលទឹកផ្លែឈើ ខ្មែរមេគង្គហ្វូដ ត្រូវបានដាក់លក់នៅតាមផ្សារទំនើប តាមភោជនីយដ្ឋាន ផ្ទះសំណាក់ និងស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែង។
ការចូលខ្លួនក្នុងទីផ្សារដំបូងរបស់ផលិតផលទឹកផ្លែឈើរបស់លោកស្រីមិនមែនជាការងាយស្រួលនោះទេ។ ប្រជាជនខ្មែរភាគច្រើននៅតែមិនមានទំនុកចិត្តអំពីគុណភាពផលិតផលដែលផលិតឡើងដោយជនជាតិខ្មែរនៅឡើយ។ លោកស្រីថ្លែងថា៖ «ខ្ញុំខាត ៤ឆ្នាំ មុនពេលដែលអាចមានចំណែកនៅក្នុងទីផ្សារដូចសព្វថ្ងៃ។ ភាគច្រើនគេមិនទុកចិត្តផលិតផលខ្មែរទេ ព្រោះខ្លាចថា ផលិតដោយគ្មានអនាម័យ បើទោះបីជាយើងមានស្លាកបញ្ជាក់ពីគុណភាពនិងអាហារូបត្ថម្ភក៏ដោយ»។
លោកស្រីទទួលស្គាល់ថា ដំណើរការទទួលបានវិញ្ញាបនបត្រ HACCP និង GMP មានលក្ខណៈស្មុគស្មាញ និងត្រូវការចំណាយច្រើន។ លោកស្រីបានចំណាយប្រមាណជាង ១ ម៉ឺនដុល្លាររួចហើយ។ លោកស្រីឲ្យដឹងថា៖ «ការចំណាយនេះគឺតែលើផ្នែកសេវាប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការអនុវត្តក្នុងការផលិត និងការកែលម្អអគារបន្តិចបន្តួច»។
លោកស្រីបន្ថែមថា នេះក៏ដោយសារលោកស្រីមានទីតាំងស្រាប់ និងបានសាងសង់អគារស្របតាមបទដ្ឋានតម្រូវស្រាប់ ដែលជាទូទៅការចំណាយអាចនឹងមានចំនួនច្រើនជាងនេះ។ លោកស្រីរំពឹងថា ក្រោយពីទទួលបានវិញ្ញាបនបត្រ HACCP និង GMP អតិថិជននឹងមានភាពកក់ក្តៅក្នុងចិត្តអំពីផលិតផលទឹកផ្លែឈើរបស់លោកស្រី។
ចំណែកលោកស្រី តាំង ស្រង់ ជាម្ចាស់សិប្បកម្មទឹកផ្លែឈើ ឃាង ឃាង ដែលដំណើរការតាំងពី ឆ្នាំ២០០០ នោះក៏បង្ហាញពីបំណងក្នុងការរៀបចំការផលិតរបស់ខ្លួនដើម្បីទទួលបានវិញ្ញាបនបត្រ HACCP និង GMP ផងដែរ តែថា កង្វះទុននៅតែជាបញ្ហាប្រឈមរបស់សិប្បកម្មលោកស្រី។
លោកស្រីឲ្យដឹងថា៖ «ចង់ណាស់ឲ្យផលិតផលត្រូវបានគេទទួលស្គាល់នៅពេលសមាហរណកម្មអាស៊ានគ្រាន់តែថា សំខាន់គឺទុនតែម្តង។ បញ្ហាសំខាន់គឺមិនទាន់មានដើមទុនពង្រីក។ ណាមួយការគាំទ្រពីប្រជាជនខ្មែរយើងក៏នៅមានតិចតួច»។ លោកស្រីបន្តថា លោកស្រីក៏បានដឹងអំពីការផ្តល់កម្ចីរបស់ស្ថាប័នហរិញ្ញវត្ថុផ្សេងៗដែរ ប៉ុន្តែលោកស្រីនៅស្ទាក់ស្ទើរដោយសារការប្រាក់ខ្ពស់។ លោកស្រីនិយាយថា៖ «មានដឹងដែរ តែខ្ចីលុយធនាគារមិនហ៊ានទេ ការប្រាក់ខ្ពស់ ណាមួយទីផ្សារមិនទាន់ធំ ដូច្នេះមិនទាន់ហ៊ានខ្ចីលុយធនាគារបោះទុនទេ។ ខ្លាចអស់ទាំងការទាំងដើម»។
រីឯលោក ឡា មីន ម្ចាស់សិប្បកម្ម ណាចា ហ្វូដ ក៏បាននិយាយដែរថា លោកបានដឹងអំពីអត្ថប្រយោជន៍នៃការទទួលបានវិញ្ញាបនបត្រ HACCP និង GMP ដែរ ប៉ុន្តែថា តម្រូវការទុនដើម្បីវិនិយោគបន្ថែមលើទីធ្លាបានធ្វើឲ្យលោកស្ទាក់ស្ទើរ ដោយសារសិប្បកម្មរបស់លោកមានលក្ខណៈតូច។
លោកថ្លែងថា៖ «បើទោះបីយើងផលិតដោយប្រើម៉ាស៊ីនក៏ដោយ គេតម្រូវឲ្យយើងមានទីធ្លាសមស្រប។ ដូចសិប្បកម្មខ្ញុំដែលតូចដូចនេះ គឺរៀបមិនចេញទេ។ ណាមួយត្រូវការទុនដើម្បីពង្រីក»។
លោក ហឹម ផានិត បានរៀបរាប់ពីដំណើរការទទួលបានវិញ្ញាបនបត្រ HACCP និង GMP ដូច្នេះថា៖ «ទីមួយគាត់ត្រូវរកអ្នកប្រឹក្សាផ្ដល់យោបល់ក្នុងការទទួលបានវិញ្ញាបនបត្រនេះ។ គាត់អាចរកអ្នកប្រឹក្សានៅក្នុងស្រុកក៏បាន នៅក្រៅស្រុកក៏បាន។ គាត់នឹងចុះទៅបង្រៀនពីការអនុវត្តផ្ទាល់នូវប្រព័ន្ធទាំងអស់នោះ។ បន្ទាប់ពីអនុវត្តហើយ ពួកគាត់ត្រូវស្នើទៅអង្គប្រតិបត្តិរបស់ HACCP ដើម្បីទទួលវិញ្ញាបនបត្រ»។
លោក ហឹម ផានិត បន្តថា ការចំណាយដើម្បីទទួលបានវិញ្ញាបនបត្រខាងលើនេះគឺអាស័្រយទៅតាមអ្នកជំនាញថា គាត់នៅក្នុងឬមកពីបរទេស។ លោកថា៖ «ជាទូទៅតម្លៃជាស្តង់ដារគឺប្រហែល ១ ម៉ឺនដុល្លារអីហ្នឹង តែតម្លៃអាចកើនដល់ ៥ ទៅ ៦ ម៉ឺនដុល្លារប្រសិនបើគាត់ត្រូវបានតម្រូវឲ្យមានការបណ្តុះបណ្តាលធនធានមនុស្សនិងកែលម្អអគារទៅតាមបទដ្ឋាន»។
តាមការឲ្យដឹងពីលោក ប៊ុន មុនី ប្រធានសមាគមស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្នមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនកំពុងផ្តល់កម្ចីសម្រាប់សហគ្រាសនិងសិប្បកម្ម៕