ក្រុងព្រះសីហនុៈ កុងតឺន័រ​ផ្ទុក​វត្ថុធាតុ​ដើម​សម្រាប់​វិស័យ​កាត់ដេរ និង​គ្រឿងបន្លាស់​ផ្សេងទៀត​ជិត​ ២០០ ​ទូ​បាន​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS) កាលពី​យប់​ថ្ងៃ​ចន្ទ ដែល​នឹង​ធ្វើឲ្យ​ផលិតកម្ម​ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​វីរុស​កូវីដ​ ១៩ នឹងត្រូវ​ល្អប្រសើរ​ឡើងវិញ​។

លោក លូ គឹមឈន់ អគ្គនាយក PAS បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា មាន​នាវា​ដឹក​កុងតឺន័រ​ចំនួន​ ៤ ដែល​បាន​ផ្ទុក​ដោយ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងចំណោម​នោះ ៩១ ​កុងតឺន័រ​គឺជា​វត្ថុធាតុដើម​កាត់ដេរ និង​ស្បែកជើង​ដែល​ជា​ក្រណាត់​។

លោក​ថ្លែងថា ជា​មធ្យម​មាន​នាវា ១៥ ​គ្រឿងក្នុង​ ១ ​សប្តាហ៍​បាន​នាំយក​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​យើង​គ្រោង​នឹង​បង្កើន​ចំនួន​នាវា ​ដើម្បី​គាំទ្រ​ដល់​ការដឹកជញ្ជូន​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​»​។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា GMAC ​មិនទាន់បាន​គណនា​តម្រូវការ​វត្ថុធាតុដើម​នោះទេ​គិត​ត្រឹម​ថ្ងៃ​អង្គារ​។ លោក​បន្តថា​៖ «​យើង​កំពុង​ត្រួត​ពិនិត្យថា តើ​កុងតឺន័រ​ប៉ុន្មាន​នឹង​មក​»​។

ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា កម្ពុជា​នាំចូល​ប្រហែល​ ៦០ ​ភាគរយ​នៃ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន សម្រាប់​ការផលិត​ និង​ការនាំចេញ​។

លោក​បញ្ជាក់ថា ចិន​បាន​ទទួលយក​សំណើ​របស់​លោក​តាមរយៈ​ការផ្គត់ផ្គង់​វត្ថុ​ធាតុដើម​មក​ប្រទេស​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​ផលប៉ះពាល់​របស់​យើង​គឺ​ខ្វះ​វត្ថុធាតុ​ដើម​សម្រាប់​រោងចក្រ​កាត់ដេរ ដោយសារ​តែ​ការរីករាលដាល​វីរុស​កូវីដ​ ១៩​។ អរគុណ​ប្រទេស​ចិន​ដែល​បាន​បញ្ជូន​នាវា​ដឹក​កុងតឺន័រ​ ៧ ​គ្រឿង ដឹក​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​ទាំងនោះ​»​។

លោកនាយក​រដ្ឋមន្ដ្រី​ក៏បាន​អំពាវនាវ​ឲ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង PAS ត្រូវ​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ដល់​រោងចក្រ​ទាំងនោះ​ផងដែរ​។

កាលពី​ថ្ងៃ​ចន្ទ​លោក Wu Guoquan ទីប្រឹក្សា​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​ចិន​បាន​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន និង​ស្ថានទូត​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​មក​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ដោយមាន​ការគាំទ្រ​របស់​​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​ចិន​នឹង​ចាប់ផ្ដើម​ដឹកជញ្ជូន​វត្ថុធាតុដើម​មក​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់​បំផុត​។ នេះ​នឹង​កាត់បន្ថយ​ការខាតបង់​សម្រាប់​ឧស្សាហកម្ម​នេះ​ក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ​»​។

លោក ហេង សួរ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​រោងចក្រ​ចំនួន ៥០ ត្រូវបាន​ព្យួរ​ការងារ ដែល​មាន​កម្មករ​និយោជិត​ចំនួន ២០ ៩៤០ ​នាក់​ក្នុង​នោះ​រោងចក្រ​កាត់ដេរ​ចំនួន ៧ ដែល​មាន​កម្មករនិយោជិត ១០ ១០៣ នាក់​បាន​សម្រេច​ដំណើរការ​ចង្វាក់​ផលិតកម្ម​ឡើងវិញ​បន្ទាប់ពី​ទទួល​បាន​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​។

លោក​បាន​ថ្លែងថា​៖ «​បើទោះបី​ជា​កប៉ាល់​ដឹក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នៅមាន​ចំនួន​តិច តែ​វា​នឹង​ជួយ​ឲ្យ​រោងចក្រ​មួយចំនួន​អាច​បន្ត​ចង្វាក់​ផលិតកម្ម​ឡើងវិញ ហើយ​វា​នឹង​ជួយ​ទប់​មិន​ឲ្យ​មាន​រោងចក្រ​បន្ត​ព្យួរ​ថែមទៀត​ផងដែរ​»៕LA