ភ្នំពេញ៖ ភ្ញៀវ​ទេសចរ​ប្រមាណ ៩ ពាន់​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា​នៅ​សប្តាហ៍​ដំបូង គិត​ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ប្រកាស​បើក​ឲ្យ​ដំណើរការ​រមណីយដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ថ្លែង​នៅ​ថ្ងៃទី ៣ ខែ​ ឧសភា ឆ្នាំ ២០២១ ថា គិត​ចាប់​ពី​ថ្ងៃទី ២៦ ខែ​មេសា ដល់​ថ្ងៃទី ២ ខែ​ឧសភា នៃ​ការ​បញ្ចប់​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំង​ប្រទេស​ឡើង​វិញ​នោះ មិន​ទាន់​មាន​ភ្ញៀវ​ទេសចរ​ចេញ​ទស្សនា​ច្រើន​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ទៀត​ក៏​នៅ​មិន​ទាន់​បើក​ដំណើរការ​ឡើង​វិញ​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៨ ៩៦០ នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ ៨ ៧៥៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃ​ក្នុង ២០៦ នាក់។

លោក​រដ្ឋមន្រ្តី​កត់​សម្គាល់​ថា ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង គឺ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​ស្ថានភាព​មុន​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ រី​ឯ​គោលដៅ​ទេសចរណ៍​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ក៏​អាជ្ញាធរ​មិន​ទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ទេ។

លោក ថោង ខុន ឲ្យ​ដឹង​ទៀត​ថា៖ «ជាមួយ​គ្នា​នេះ តាម​បណ្តា​ខេត្ត​ផ្សេងៗ រដ្ឋបាល​ខេត្ត​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ក្នុង​ការ​បើក​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ឡើង​វិញ ដោយ​ពុំ​ទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ទេ និង​នៅ​បន្ត​អនុវត្ត​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ និង​ការ​ចេញ​ចូល​តំបន់​សំខាន់ៗ ពិសេស​គោលដៅ​ទេសចរណ៍»។

លោក​រដ្ឋមន្ត្រី ថោង ខុន បន្ថែម​ទៀត​ថា ក្រសួង​ទេសចរណ៍​នឹង​បន្ត​ជំរុញ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត​ឲ្យ​បន្ត​ពង្រឹង និង​បង្កើន​កិច្ច​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ដែល​ពាក់ព័ន្ធ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​អ្នក​គ្រប់គ្រង​ទាំង​អស់ ដើម្បី​បង្កើន​ការ​អប់រំ​ពន្យល់​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ និង​អ្នក​ផ្តល់​សេវា​ទាំង​អស់​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ធានា​ដល់​សុវត្ថិភាព និង​សុខភាព​សាធារណៈ។

លោក​និយាយ​ថា៖ «ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​របស់​គាត់ និង​ជួបជុំ​គ្នា​តិច​តួច​បំផុត ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់»។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) អ្នកស្រី ឆាយ ស៊ីវលីន ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ពុំ​ទាន់​មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នៅ​ពេល​នេះ ប៉ុន្តែ​វា​នឹង​ជួយ​ឲ្យ​ម្ចាស់​រមណីយដ្ឋាន​ត្រៀម​លក្ខណ​សម្បត្តិ​ជា​មុន​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​នៅ​ពេល​មាន​ការ​បើក​ទូលាយ​ឡើង​វិញ នៅ​ក្នុង​វិស័យ​នេះ។

អ្នកស្រី ស៊ីវលីន និយាយ​ថា៖ «ទោះបី​ជា​ក្នុង​អំឡុង​ពេល​បើក​ដំបូង​វា​នឹង​មិន​ទទួល​បាន​ភ្ញៀវ​ច្រើន​ ក៏​ប៉ុន្តែ​វា​យ៉ាង​ហោច​ណាស់​ក៏​ពួក​គាត់​នឹង​ទទួល​បាន​ចំណូល ឬ​មាន​សកម្មភាព​លក់​ដូរ​កម្រើក​ឡើង​វិញ ដូច​នេះ ខ្ញុំ​គិត​ថា​ការ​បើក​ឡើង​វិញ​នេះ នឹង​ជួយ​ដល់​អាជីវកម្ម​នៅ​ថ្នាក់​មូលដ្ឋាន​ដែល​នេះ​ជា​ការ​ចាប់​ផ្តើម​ក្នុង​វិស័យ​ទេសចរណ៍»។

នៅ​កម្ពុជា​មាន​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ដែល​មាន​សក្តានុពល​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ៥៥៧ កន្លែង រួម​បញ្ជូល​ទាំង​រមណីយដ្ឋាន​ទើប​នឹង​បង្កើត​ថ្មី​ក្នុង​ដំណាក់កាល​ជំងឺ​កូវីដ ១៩។ នេះ​បើ​តាម​លោក តុប សុភ័ក្រ មន្រ្តី​នាំពាក្យ​ក្រសួង​ទេសចរណ៍។

បើ​តាម​ក្រសួង​ទេសចរណ៍​សម្រាប់​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ឆ្នាំ ២០២០ គឺ​មាន​ចំនួន​ប្រមាណ ៤០០ លាន​ដុល្លារ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ឆ្នាំ ២០២០ ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ប្រទេស​កម្ពុជា មាន​ចំនួន ១,៣១ លាន​នាក់ ថយ​ចុះ ៨០,២ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន ៦,៦១ លាន​នាក់។

រីឯ ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​កន្លែង​នានា ក្នុង​ប្រទេស​មាន​ចំនួន​សរុប ៧,២៣ លាន​នាក់ ធ្លាក់ចុះ ជិត ៣៦,១ ភាគរយ ពី​ចំនួន ១១,៣ លាន​នាក់​កាល​ពី​ឆ្នាំ ២០១៩៕