ភ្នំពេញៈ កម្ពុជា​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អង្ករ​ក្រអូប​ទៅកាន់​ទីផ្សារ​ចិន ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ធំជាងគេ​របស់​ពិភពលោក​មួយ​នេះ​។ នេះ​បើ​យោងតាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វិធានការ​នេះ​ធ្វើឡើង​ដើម្បី​អាច​សម្រេច​បាន​តាម​កូតា​ដែល​ប្រទេស​ចិន​បាន​ផ្តល់​ឲ្យ​កម្ពុជា​ចំនួន ៤០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

CRF បាន​ប្តេជ្ញា​ថា​នឹង​នាំចេញ​អង្ករ​ឲ្យ​បាន​ ១ ​លាន​តោន​ត្រឹម​ឆ្នាំ​ ២០២២ ក្នុងនោះ​នឹង​នាំ​ចេញ​ទៅ​ចិន​ឲ្យ​បាន​ ៣៥ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ដោយ​កំណត់​ការនាំចេញ​អង្ករ​ក្រអូប​ប្រណីត ៣០ ​ភាគរយ អង្ករ​ក្រអូប​ធម្មតា ៤០ ​ភាគរយ និង​អង្ករ​ធម្មតា​ ៣០ ​ភាគរយ​។

លោក ចាន់ សុខឃាំង បាន​ឲ្យ​ដឹងថា CRF កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​បង្កើន​ការនាំចេញ​អង្ករ​ក្រអូប​ទៅកាន់​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​មាន​សក្តានុពល​ខ្ពស់ បន្ទាប់ពី​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ធ្លាក់ចុះ​។ លោក​បាន​បន្តថា កិច្ចការ​ទាំងនោះ​មាន​ដូចជា ការជួបពិភាក្សា​ជាមួយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចែកចាយ និង​ការ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​ចិន​។

លោក​ថ្លែង​ថា​៖ «​ការនាំចេញ​អង្ករ​ក្រអូប​ទៅ​ប្រទេស​ចិន​កំពុងមាន​ការកើនឡើង ខណៈ​អង្ករ​ក្រអូប​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​អង្ករ​ល្អ​ជាងគេ​លើ​ពិភពលោក ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ ចំនួន ៤ ​ឆ្នាំ​រួចមកហើយ​»​។

លោក​បន្ត​ថា​ប្រទេស​ចិន​ជា​ទីផ្សារ​ធំ​ដែល​មាន​តម្រូវការ​អង្ករ​ច្រើន​ដោយ​បច្ចុប្បន្ននេះ​បរិមាណ​អង្ករ​កម្ពុជា​នាំ​ចូលទៅ​ទីនោះ​មាន​ចំណែក​ទីផ្សារ​ប្រមាណ​ត្រឹមតែ ៥ ​ភាគរយ​ប៉ុណ្ណោះ​។ លោក​បន្តថា​៖ «​នេះ​ជា​ឱកាស​ដ៏ធំ​សម្រាប់​អង្ករ​ក្រអូប​កម្ពុជា ខណៈ​តម្លៃ​អង្ករក្រអូប​របស់​យើង​ក៏​ល្អ​ផងដែរ បើ​ធៀប​ជាមួយ​អង្ករ​ក្រអូប​របស់​ប្រទេស​ថៃ​»​។

បច្ចុប្បន្ននេះ​តម្លៃ​អង្ករ​ក្រអូប​កម្ពុជា​នៅលើ​ទីផ្សារ​ចិន មាន​តម្លៃ​ចន្លោះ​ពី ៩២០ ទៅ​ ៩៣០ ​ដុល្លារ​ក្នុង ១ ​តោន ខណៈ​អង្ករក្រអូប​ថៃ​មាន​តម្លៃ​ចន្លោះ​ពី ១​ ១៥០ ទៅ​ ១ ២០០ ​ដុល្លារ​។

សម្រាប់​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​សរុប ៣៩៨ ៥៨៦ ​តោន កើនឡើង ២,៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០១៨​។

សម្រាប់​ឆ្នាំ​ ២០១៩ លោក សុខឃាំង ព្យាករ​ថា ការនាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នឹង​អាច​មាន​កំណើន​ប្រមាណ​ ៨ ​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨៕ LA