ភ្នំពេញៈ កម្ពុជា​បាន​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅ​រក​ការ​ដំណើរការ​សេដ្ឋកិច្ច​តាម​ឌីជីថល​នាពេល​ខាង​មុខ​ ខណៈ​រដ្ឋាភិបាល​កាលពី​ថ្មីៗ​នេះ​បាន​អនុម័ត​លើ​អនុក្រឹត្យ​ស្តីពី «​ហត្ថលេខា​ឌីជីថល​» ដែល​បើក​ផ្លូវ​ឲ្យ​មាន​ការ​រៀបចំ​រចនាសម្ព័ន្ធ​សម្រាប់​បង្កើត​ប្រព័ន្ធ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ​អេឡិចត្រូនិក​តាម​អ៊ីនធឺណិត​។

បច្ចុប្បន្ន​បើ​ទោះបី​ជា​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ចុះ​បញ្ជី ឬ ស្នើសុំ​សិទ្ធិ​ផ្សេងៗ​តាម​អនឡាញ តែ​កិច្ចការ​ជាក់​ស្តែង​នៅ​តែ​ត្រូវការ​ក្រដាស​ស្នាម ឬ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ដៃ​នៅ​ក្នុង​ដំណាក់កាល​ខ្លះ​នៅ​ឡើយ​ដោយសារ​ថា​វា​មាន​ភាព​ចាំបាច់​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​ទម្រង់​ឯកសារ​ដែល​បាន​ស្នើសុំ និង​ការ​មិន​អាច​ប្រកែក​បាន​ពី​អ្នក​ស្នើសុំ​នាពេល​បន្ទាប់​។

ហត្ថលេខា​ឌីជីថល​សំដៅ​ដល់​ទិន្នន័យ​ដែល​ភ្ជាប់​នឹង​សារ​អេឡិចត្រូនិក ​ដើម្បី​បញ្ជាក់​អត្ដសញ្ញាណ​នៃ​ហត្ថលេខី​ឌីជីថល និង​ផ្ទៀងផ្ទាត់​ស្ថានភាព​ដើម​នៃ​សារ​អេឡិចត្រូនិក​ដែល​ហត្ថលេខី​ឌីជីថល​បាន​ចុះ​ហត្ថលេខា​។

អនុក្រឹត្យ​ស្តីពី «​ហត្ថលេខា​ឌីជីថល​» ត្រូវ​បាន​ចុះហត្ថលេខា​អនុម័ត​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៧​។

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង MPTC បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ពិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ ស្តីពី​ហត្ថលេខា​ឌីជីថល​ កាលពី​ម្សិលមិញ​ថា ការ​ដំណើរការ​ប្រព័ន្ធ​ថ្មី​នេះ​ត្រូវការ​បង្កើត​តួអង្គ​សំខាន់​មួយ​ទៀត​គឺ​អាជ្ញាធរ​ហត្ថលេខា​ឌីជីថល ​ជា​ភ្នាក់ងារ​គ្រប់គ្រង​ផ្តល់​ហត្ថលេខា​ឌីជីថល​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ចុង​ក្រោយ​។

លោក​ថ្លែង​ថា​៖ «​ឥឡូវ​ដោយសារ​អត់​ទាន់​មាន​ប្រព័ន្ធ​ហត្ថលេខា​ឌីជីថល​អ៊ីចឹង​រាល់​ឯកសារ​ដែល​ផ្ញើ​វា​ពិបាក​ក្នុង​ការ​បញ្ជាក់​ថា​តើ វា​ជា​ពាក្យ​ស្នើសុំ​ពី​ម្ចាស់​ដើម ឬ មិនមែន​ណាស់​»​។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​លើក​ឡើង​ថា​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ពាណិជ្ជកម្ម​អនឡាញ​កាន់តែ​ច្រើន​ជាង​មុន ក្រុមហ៊ុន សហគ្រាស និង​ស្ថាប័នហិរញ្ញវត្ថុ​នឹង​ក្លាយ​ទៅ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ពី​សំណាក់​ឧក្រិដ្ឋជន​នានា​ដោយ​ព័ត៌មាន​សម្ងាត់​ពាណិជ្ជកម្ម​ត្រូវ​បាន​លួច កម្មសិទ្ធិបញ្ញា​ត្រូវ​បាន​ចម្លង ការ​បន្លំ​អត្តសញ្ញាណ​ និង​ឯកសារ និង​ការ​បោក​បញ្ឆោត​ក្នុង​ការ​ផ្ទេរ​ប្រាក់​ជាដើម​។

លោក​បន្ត​ថា ​ដើម្បី​ជំរុញ​កំណើន​ប្រតិបត្តិការ​អនឡាញ​ឲ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ជាង​មុន រដ្ឋាភិបាល​កម្ពុជា​មាន​ផែនការ​សាងសង់​នូវ​មាត់​ច្រក​បង់​ប្រាក់​ជាតិ​នា​ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ​នេះ​។

លោក​បន្ត​ថា​៖ «​យើង​ត្រូវ​មាន​វិធី​ការពារ ហើយ​វិធី​ការពារ​មួយ​ក្នុង​ចំណោម​វិធី​ជាច្រើន​គឺ​ដំណើរការ​ហត្ថលេខា​ឌីជីថល​ដើម្បី​កុំ​ឲ្យ​មាន​ការ​បន្លំ​»៕LA