
IbeeC រំពឹងថា គំរូអាជីវកម្មបរិយាប័ន្ននឹងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនក្រីក្រ និងអ្នកមានចំណូលទាបចំនួន ១,៧ លាននាក់ត្រឹមឆ្នាំ ២០២៣។ ហុង មិនា
ភ្នំពេញៈ រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្រស្តីពីការជំរុញអាជីវកម្មបរិយាប័ន្នកម្ពុជា (Inclusive Business En-abling Environment for Cambodia-IbeeC) ដែលគ្រោងនឹងអនុម័តជាផ្លូវការនៅពេលឆាប់ៗដោយគេរំពឹងថា គំរូអាជីវកម្មបរិយាប័ន្ននឹងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនក្រីក្រ និងអ្នកមានចំណូលទាបចំនួន ១,៧ លាននាក់ត្រឹមឆ្នាំ ២០២៣។
ការលើកឡើងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្នលើកទី១ និងកម្មវិធីប្រកាសជាផ្លូវការរបាយការណ៍ស្តីពីស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជាកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំនេះតាមវីដេអូអនឡាញ។
កិច្ចប្រជុំនេះរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សមាគមអាជីវកម្ម ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន វិនិយោគិន អ្នកសម្របសម្រួល និងជំរុញធុរកិច្ច ពិសេសលេខាធិការដ្ឋានអាស៊ានក្នុងគណៈកម្មាធិការសម្របសម្រួលអាស៊ាន ដើម្បីអភិវឌ្ឍន៍សហគ្រាសមីក្រូធុនតូច និងមធ្យម (ACCMSME)។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិយាយថា អាជីវកម្មបរិយាប័ន្ន (Inclusive Business IB) គឺជាបណ្តាញអាជីវកម្មប្រកបដោយលក្ខណពិសេសឈរលើគោលការណ៍បែបពាណិជ្ជកម្ម ហើយពោរពេញដោយភាពច្នៃប្រឌិត នវានុវត្តន៍ និងមានចំណូលគួរឱ្យកត់សម្គាល់។
លោក ប្រសិទ្ធ បានបន្ថែមថា អាជីវកម្មបរិយាប័ន្នបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ដំណោះស្រាយលើការផ្តល់ចំណូល និងលើកកម្ពស់ជីវភាពរបស់បណ្តាប្រជាជនក្រីក្រ និងអ្នកមានចំណូលទាបដែលមានលក្ខណៈប្រព័ន្ធ និងចីរភាព។
លោកថ្លែងថា៖ «មូលហេតុនេះហើយបានជាយើងចាំបាច់ត្រូវការជំរុញលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនប្រភេទអាជីវកម្មបរិយាប័ន្ន ដើម្បីរួមចំណែកសម្រេចបានទស្សនៈរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០»។
លោកឱ្យដឹងថា គំនិតក្នុងការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា (IBeeC) បានផ្តួចផ្តើមអភិវឌ្ឍនៅឆ្នាំ ២០១៩-២០។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យដឹងថា យុទ្ធសាស្ត្រនេះផ្តោតជាសំខាន់ចំនួន ៩ ចំណុច រួមមានការគាំទ្រសម្រាប់ស្ថាប័នជំរុញអាជីវកម្មបរិយាប័ន្ន ការលើកកម្ពស់ការយល់ដឹង ការវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន ការផ្តល់ការបណ្តុះបណ្តាលជំរុញទៅដល់បណ្តាអាជីវកម្មបរិយាប័ន្នសក្តានុពល និងមូលនិធិកាត់បន្ថយហានិភ័យ ធានាដល់វិនិយោគិនក្នុងការបណ្តាក់ទុនលើអាជីវកម្មបរិយាប័ន្ន។
លោកបន្ថែមថា យុទ្ធសាស្ត្រនេះក៏ផ្តោតទៅលើការផ្តល់ការលើកទឹកចិត្ត ការផ្តល់អាទិភាពដល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន និងសហគ្រាសសង្គមក្នុងលទ្ធកម្មសាធារណៈ ការតាមដាន ត្រួតពិនិត្យ និងរាយការណ៍ពីការជះឥទ្ធិពលសង្គម កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីពង្រឹងរបៀបវារៈអាជីវកម្មបរិយាប័ន្ន នៅក្នុងតំបន់។
លោកនិយាយថា៖ «អាជីវកម្មបរិយាប័ន្នត្រូវបានបញ្ជ្រាបទៅក្នុងសេចក្តីព្រាងគោលនយោបាយសហគ្រាសធុនតូច និងមធ្យម ហើយបច្ចុប្បន្នយុទ្ធសាស្ត្រស្តីពីការជំរុញអាជីវកម្មបរិយាប័ន្នកម្ពុជាកំពុងត្រូវបានពិនិត្យត្រៀមសម្រាប់ការអនុម័តជាផ្លូវការ»៕ LA