ភ្នំពេញៈ ប្រទេស​កម្ពុជា​កំពុង​សិក្សា​មុខទំនិញ​ប្រមាណ ៥០ ដើម្បី​រៀបចំ​ជា​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ក្នុង​ការចាប់​យក​ទីផ្សារ​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) កម្ពុជា-ចិន ព្រមទាំង​ពី​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​លើ​ពិភពលោក​។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ៨ ខែមករា ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន និង​ពី​ដៃគូ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​។

លោក សុវិជាតិ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃអាទិត្យ​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​ត្រូវបង្កើត​តារាង​ម៉ាទ្រិច​​ (Matrix) ​ដោយ​រាយ​មុខទំនិញ​ចំនួន ៥០ ​មុខ ដើម្បី​សិក្សា​លើ​របាំង​បច្ចេកទេស របាំង​ពន្ធគយ និង​ភាពអនុគ្រោះ​ពន្ធ​នានា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន​ដែល​ជា​គំរូ​សម្រាប់​ការសិក្សា​។

លោក សុវិជាតិ បានឱ្យ​ដឹងថា ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​ឱ្យ​បាន​ជា​អតិបរមា ព្រមទាំង​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ផងដែរ​។ លោក​បានឱ្យដឹងថា ក្រុមការងារ​របស់​ក្រសួងពាណិជ្ជកម្ម​កំពុង​សិក្សា​ពី​ទីផ្សារ​ប្រទេស​ចិន​ថា តើ​អាច​ស្រូប​បាន​ទំនិញ​អ្វីខ្លះ​? ហើយ​ថា​តើ​តម្រូវការ​ទីផ្សារ​ពិភពលោក​នៅ​មាន​ឬ​ទេ​?

លោក​ថ្លែងថា​៖ «​យើង​មាន​ទំនិញ​កសិកម្ម​សំខាន់ៗ​ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ សត្វ​រស់ និង​សាច់សត្វ ជាដើម​ដែល​សុទ្ធតែ​ជា​មុខសញ្ញា​របស់​យើង​សម្រាប់​នាំទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដោយ​មុខទំនិញ​ទាំងអស់នេះ​ទទួល​បាន​អត្រាពន្ធ​សូន្យ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន​»​។

លោក​ឱ្យ​ដឹង​ទៀតថា ចំពោះ​ទំនិញ​កម្ពុជា​ដែល​មាន​ស្រាប់ ហើយ​ជា​ទំនិញ​មាន​សក្តានុពល​ខ្លាំង​រួមមាន​ផលិតផល​ស្បែកជើង សម្លៀកបំពាក់ ផលិតផល​ធ្វើដំណើរ​ក៏​កម្ពុជា​នៅតែ​បន្ត​ជំរុញ​ទីផ្សារ ព្រោះ​វា​ជា​ប្រភព​ចំណូល​ដ៏ចម្បង​ពី​ការនាំ​ចេញ​ទៅ​ទីផ្សារ​ធំៗ​លើ​ពិភពលោក​។ ទោះបី​យ៉ាង​ណា ការសិក្សា​នេះ​មិនទាន់​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ ដោយ​សង្ឃឹម​ថា​នឹង​បញ្ចប់​ឆាប់ៗ​នេះ​។

លោក​បន្ថែមថា​៖ «​មុខទំនិញ​ ១ ​ទៀត​នៅក្នុង​ឧស្សាហកម្ម​សហគ្រាស​ខ្នាតតូច និង​មធ្យម ព្រមទាំង​ផលិតផល​ឧស្សាហកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា​គ្រឿង​ផ្គុំ​យានយន្ត និង​គ្រឿង​ផ្គុំ​អគ្គិសនី​ស្ថិត​នៅក្នុង​បញ្ជី​មុខទំនិញ​ទាំងនេះ ដែល​យើង​កំពុង​សិក្សា​ជា​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ផងដែរ​»​។

កម្ពុជា និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​គ្នា​កាលពី​ថ្ងៃទី​ ១២ ខែ តុលា ឆ្នាំ​ ២០២០ ដែល​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ទំនិញ​មួយចំនួន​ទៅ​ប្រទេស​ចិន​ដោយមាន​អត្រាពន្ធ​សូន្យ​។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក Wang Wentian បាន​សរសេរ​អបអរសាទរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ២០២១ ​ថា ភាគី​ចិន​នឹង​ពន្លឿន​នីតិវិធី​នៃ​ការត្រួតពិនិត្យ​ដើម្បី​ទទួល​បាន​ចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ចិន-កម្ពុជា​។

លោក​បាន​ឱ្យដឹង​ទៀតថា ភាគី​ចិន​ក៏​នឹង​ពន្លឿន​អនុវត្ត​គម្រោង​ឃ្លាំង​ស្តុក​ស្រូវ និង​គ្រឿង​បរិក្ខារ​សម្ងួត​ដែលជា​ជំនួយ​ដល់​ភាគី​កម្ពុជា ដើម្បី​ជួយ​ដល់​ផលិតផល​កសិកម្ម​ដែលមាន​គុណភាព​ខ្ពស់​របស់​កម្ពុជា​អាច​នាំចេញ​ទៅ​ចិន​កាន់តែច្រើន​។

លោក​សរសេរ​ថា​៖ «​ភាគី​ចិន​នឹង​បន្ត​លើកទឹកចិត្ត​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​»​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ចុងឆ្នាំ​ ២០២០ បាន​ឱ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន ៣២ ​ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ​ការនាំចេញ​សរុប​របស់​កម្ពុជា​មាន​ប្រហែល ១៦ ​ពាន់​លាន​ដុល្លារ​។

លោក​បន្តថា កម្ពុជា​ទទួល​បាន​កំណើន​ខ្ពស់​លើ​ផលិតផល​កសិកម្ម​សំខាន់ៗ​ទាំង​ ៧ ​ដែល​មាន​តម្លៃ ៣,៨៨ ​ពាន់​លាន​ដុល្លារ ​ក្នុង​នោះ​អង្ករ​មានតម្លៃ ៥១៤ ​លាន​ដុល្លារ ដំឡូងមី ជាង ១ ​លាន​ដុល្លារ ស្វាយចន្ទី តម្លៃ ២៨៨ ​លាន​ដុល្លារ ស្វាយ តម្លៃ​ ៤៧៣​ លាន​ដុល្លារ ចេក​ដំបូង​លឿង តម្លៃ ៥៥១ ​លាន​ដុល្លារ មៀន​ប៉ៃលិន តម្លៃ ៥៧ ​លាន​ដុល្លារ និង​ម្រេច តម្លៃ ២៥ ​លាន​ដុល្លារ​៕