ភ្នំពេញៈ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​សេចក្តី​ព្រាងច្បាប់​ថ្មី​ស្តីពី​មូលបត្ររដ្ឋ (Government Securities) ដើម្បី​ជំនួស​ច្បាប់​ចាស់​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ធ្វើការ​បោះផ្សាយ​មូលបត្រ​រដ្ឋ​ក្នុង​ការកៀរគរ​ហិរញ្ញប្បទាន​ក្នុងស្រុក និង​ជា​ការធ្វើ​ពិពិធកម្ម​នៃ​ប្រភព​ទុន​របស់​រដ្ឋ​ជាជាង​ការខ្ចី​បុល​ពី​ខាងក្រៅ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៨ ខែកក្កដា បាន​ឲ្យ​ដឹងថា ដោយ​តម្រូវការ​ធនធាន និង​ហិរញ្ញប្បទាន​មាន​ការកើនឡើង​ដែល​អាច​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​តាមរយៈ​បុរេ​សកម្ម​ក្នុង​ការគិតគូរ​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ប្រភព​ហិរញ្ញប្បទាន ជាពិសេស​ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ប្រភព​ហិរញ្ញប្បទាន​ក្នុង​ស្រុក​ដែល​នៅមាន​សក្តានុពល​ខ្ពស់​នៅឡើយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រៀបចំ​ «​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​មូលបត្រ​រដ្ឋ (​ថ្មី​) (Government Securities) ដើម្បី​ជំនួស​ឲ្យ​ច្បាប់​ចាស់​ដែល​បាន​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ​ ២០០៧ ហើយ​កំពុង​មាន​សុពលភាព​រហូត​ដល់​ពេល​បច្ចុប្បន្ន​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា​៖ «​ច្បាប់​ថ្មី​នេះ​ជា​មូលដ្ឋាន​គតិយុត្ត ដើម្បី​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​បោះផ្សាយ​មូលបត្រ​តាមរយៈ​ការកំណត់​នូវ​វិសាលភាព ការសម្រេច​លើ​ការបោះផ្សាយ កំណត់​ទំហំ និង​ទម្រង់​នៃ​ការបោះ​ផ្សាយ​មូលបត្រ​រដ្ឋ ការកំណត់​អ្នកចូលរួម និង​នីតិវិធី​ក្នុង​ការជួញដូរ​មូលបត្រ​រដ្ឋ ព្រម​ទាំង​ទោស​ប្បញ្ញត្តិ​ជាដើម​»​។

សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ​មាន​ភាពគ្រប់​ជ្រុងជ្រោយ និង​ឆ្លើយតប​ខ្ពស់​ទៅនឹង​បរិបទ​បច្ចុប្បន្ន និង​និន្នាការ ការប្រែប្រួល​នៃ​ការអភិវឌ្ឍ​របស់​កម្ពុជា​តាមរយៈ​ការកំណត់​នូវ​ក្របខ័ណ្ឌ​រួម​សម្រាប់​គ្រប់គ្រង​ការបោះ​ផ្សាយ ការជួញដូរ និង​ការគ្រប់គ្រង​មូលបត្រ​រដ្ឋ និង​ការកំណត់​នូវ​គោលបំណង​ជាក់លាក់​រួមមាន ការឆ្លើយតប​ទៅ​នឹង​តម្រូវការ​ហិរញ្ញប្បទាន ជាពិសេស​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង​ការគ្រប់គ្រង​តម្រូវការ​សាច់ប្រាក់ ការអភិវឌ្ឍ​វិស័យ​មូលបត្រ និង​ហិរញ្ញវត្ថុ និង​ការគាំទ្រ​គម្រោង​អាទិភាព និង​ចាំបាច់​ផ្សេងទៀត​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​បោះផ្សាយ​មូលបត្រ​រដ្ឋ​ក្នុង​ការកៀរគរ​ធនធាន​ក្នុង​ស្រុក​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស​តាម​តម្រូវការ​ជាក់ស្តែង​។ ទោះយ៉ាងណា លោក​មិនអាច​ប្រាប់ថា តើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នឹង​ត្រូវ​បាន​ធ្វើការ​អនុម័ត​ជា​ផ្លូវការ​ដោយ​គណៈរដ្ឋមន្ត្រី និង​រដ្ឋសភា នៅពេល​ណា​នោះទេ​។

លោក​ថ្លែងថា​៖ «​ដោយ​តែ​ច្បាប់​ចាស់​មិនមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើការ​ពិនិត្យ​ឡើងវិញ និង​កែប្រែ​ធ្វើ​ច្បាប់​ថ្មី​ដែល​គ្រប់​ជ្រុងជ្រោយ និង​អនុញ្ញាត​ឲ្យ​យើង​ចាប់ផ្តើម​អនុវត្តបាន​»​។

លោក វង្សី វិស្សុត រដ្ឋលេខាធិកា​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​បញ្ជាក់​ផងដែរ​ថា ការបង្កើត​ឲ្យ​មាន​មូលបត្រ​គឺជា​យន្តការ​មួយ​ក្នុង​ការកៀរគរ​ធនធាន​ក្នុង​ស្រុក​ជាជាង​ការពឹង​ផ្អែកទៅលើ​ការផ្តល់​ជំនួយ​បរទេស​។

លោក​ថ្លែងថា​៖ «​យើង​មិនអាច​ចាំតែ​ពឹងផ្អែក​តែ​ទាំងស្រុង​ទៅលើ​បំណុល​ពី​ក្រៅ​ឡើយ​ដែល​វា​មាន​ហានិភ័យ​ខ្ពស់​»៕ LA