ភ្នំពេញៈ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​លទ្ធភាព​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ពី​ទីក្រុង​ភ្នំពេញ​តភ្ជាប់​ទៅ​ក្រុង​បាវិត​ដែល​ជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា និង​វៀតណាម​។

អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ជឿថា គម្រោង​នេះ​នឹង​រួមចំណែក​ជំរុញ​ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ល្អ ប្រសើរ​ថែមទៀត​។

លោក លី បូរិន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការសិក្សា​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ថ្មី​ពី​រាជធានី-ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត​ក្នុង​ខេត្ត​ស្វាយរៀង​កំពុងដំណើរការ​។

លោក​ថ្លែងថា​៖ «​គេ​កំពុង​តែ​ធ្វើការ​សិក្សា​លើ​លទ្ធភាព​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក ហើយ​យើង​មិនទាន់​ដឹក​ថា គម្រោង​នេះ​នឹង​បញ្ចប់​ពេលណា​នោះទេ​។ យើង​ធ្លាប់​បាន​សិក្សា​ម្តង​រួចមកហើយ ដែល​យើង​សិក្សា​សាងសង់​ផ្លូវដែក តភ្ជាប់​ពី​ស្រុក​ស្នួល​ខេត្ត​ក្រចះ​ទៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង ប៉ុន្តែ​ភាគី​វៀតណាម​បាន​ស្នើសុំ​យើង​ឱ្យ​សាងសង់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​វិញ ហើយ​ភាគី​វៀតណាម​នឹង​សាងសង់​ពី​ទីក្រុង​ហូជីមិញ​ឆ្ពោះ​មក​ក្រុង​បាវិត ដូច្នេះ​យើង​សិក្សា​គម្រោង​នេះ​ឡើងវិញ​»​។

លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ថា ការអភិវឌ្ឍ​ផ្លូវដែក​គឺជា​​អាទិភាព​ទី​ ២ ​របស់​រដ្ឋាភិបាល បន្ទាប់ពី​ផ្លូវថ្នល់​ដែល​ជា​ការជំរុញ​លើកកម្ពស់​ភាពប្រកួតប្រជែង និង​ពាណិជ្ជកម្ម​ឆ្លងដែន​ជាមួយ​នឹង​ប្រទេស​ជិតខាង​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវតែ​អភិវឌ្ឍ​ផ្លូវដែក​ដើម្បី​ដឹកទំនិញ​នាំចេញ​របស់​យើង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​ច្រើន​។ ​យើង​ឃើញថា ក្រុង​បាវិត​គឺជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដែល​កំពុង​មាន​សក្តានុពល​ដឹកជញ្ជូន​យ៉ាង​ខ្លាំងក្លា ហើយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ខេត្តស្វាយរៀង​ក៏​កំពុង​មាន​សក្តានុពល​នៃ​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម​វាយនភណ្ឌ​ដែល​មាន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​បាន​ឱ្យដឹង​ទៀតថា​សព្វថ្ងៃ​ការដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា ​ប្រមាណ ៤០ ភាគរយ ត្រូវ​បាន​ឆ្លងកាត់​ប្រទេស​វៀតណាម ដូច្នេះ​ប្រសិន​បើ​គម្រោង​សាងសង់​ផ្លូវដែក​នេះ​កើត​មាន​ឡើង​វា​នឹង​ជួយ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់​កម្ពុជា​ក្នុង​ការរក្សា​ភាពប្រកួតប្រជែង​ក្នុង​តំបន់​។

លោក​និយាយ​ថា​៖ «​យើង​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការអភិវឌ្ឍ​គម្រោង​ផ្លូវដែក​នេះ​ដែល​យើង​សង្ឃឹមថា គម្រោង​នេះ​នឹង​ជួយ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​យើង​កាន់តែ​ចុះ​ទាប ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផងដែរ​»​។

រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ បាន​សន្យា​ថា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ដល់ ៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ ខណៈ​ដែរ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ គិត​ត្រឹម​ខែតុលា ឆ្នាំ ២០១៩ សម្រេច​បាន ៤,៤ ពាន់​លាន​ដុល្លារ កើនឡើង ១៣,៨ ភាគរយ​។

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​វៀតណាម​ចាប់ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ​ ២០១៨ កើនឡើង​ដល់​ជាង ១,១៨ ពាន់​លាន​ដុល្លារ ខណៈ​ការនាំចេញ​ទំនិញ​របស់​វៀតណាម​មក​កម្ពុជា​វិញ​មាន​ចំនួន ៦,៩៦ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ក៏​កំពុង​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ដែល​សិក្សា​ដោយ​ក្រុមហ៊ុន China Railway International Group Co., Ltd​។ កាលពី​ខែ​មុន​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តំណាង​ក្រុមហ៊ុន​នេះ បាន​ឱ្យ​ដឹងថា ការសិក្សា​ពី​ស្ថានភាព​ភូមិសាស្ត្រ និង​ផលប៉ះពាល់​ផ្សេងៗ​កំពុងដំណើរការ​ទៅ​មុខជា​បន្តបន្ទាប់​។

ក្រុមហ៊ុន​នេះ​រកឃើញ​មាន​ជម្រើស​ចំនួន ៣ សម្រាប់​ការសាងសង់​គម្រោង​នេះ ខណៈ​រដ្ឋាភិបាល​កំពុង​រង់ចាំ​លទ្ធផល​របាយការណ៍​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​នៅ​ពាក់កណ្តាល​ខែ​តុលា​ឆ្នាំ​នេះ ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុង​ការសម្រេចចិត្ត​។

កន្លងមក​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​នេះ​ធ្លាប់​ត្រូវបាន​ទីភ្នាក់ងារ​ជប៉ុន JICA ធ្វើការ​សិក្សា​ម្តង​រួចមកហើយ ដោយ​ផ្លូវ​នេះ​អាច​នឹង​មាន​ចម្ងាយ ១៣៥ គីឡូម៉ែត្រ និង​មាន​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​៕ LA