ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​​កំពុង​ស៊ើប​អង្កេត​​ករណី​ ដែល​ថា​ មាន​​ក្រុមហ៊ុន​ចិន​កំពុង​ប្រើប្រាស់​​តំបន់​សេដ្ឋកិច្ច​ពិសេស​​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​នៅ​កម្ពុជា​សម្រាប់​ការ​នាំចេញ​ទំនិញ​ទៅ​អាមេរិក​ ដើម្បី​គេច​ពី​ការ​​បង់​ពន្ធ​នាំចូល​។ ​នេះ​បើ​យោង​​​តាម​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ វិធានការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក Arend Zwartjes ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​អាមេរិក​​បាន​ផាក​ពិន័យ​​ក្រុមហ៊ុន​មួយ​ចំនួន​ពី​ការ​នាំចេញ​ទំនិញ​តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​នៅ​កម្ពុជា​​ក្នុង​គោល​បំណង​​គេច​ពី​​ពន្ធ​នាំចូល​របស់​​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​ដែល​បាន​ដាក់​លើ​ទំនិញ​​នាំចូល​របស់​​ប្រទេស ​ចិន​។​​

លោក​ ស៊ាង​ ថៃ ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​បន្ទាប់​ពី​ការ​ទទួល​ព័ត៌មាន​នេះ​ ក្រសួង​បាន​បញ្ជូន​​ក្រុម​ការងារ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ដើម្បី​ស៊ើប​អង្កេត​នៅ​នឹង​កន្លែង​។​

លោក​បាន​ថ្លែង​​ថា៖ «​យើង​បាន​បញ្ជូន​​ក្រុម​ការងារ​របស់​យើង​រួច​ហើយ ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​ក្រុង​ព្រះសីហនុ​ ដើម្បី​ពិនិត្យ​មើល​ថា​តើ​​វាពិត​ ឬ​អត់​»។ លោក​បន្ត​ថា​៖ «​យើង​នឹង​មិន​អនុញ្ញាត​​ឲ្យ​វា​កើត​ឡើង​នោះ​ទេ ​ព្រោះ​វា​ផ្ទុយ​ទៅ​នឹង​​គោលការណ៍​របស់​យើង​ជាមួយ​អាមេរិក​»។​

លោក ​ស៊ាង ​ថៃ ​បាន​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​បាន​រក​ឃើញ​ថា​ពិត​ ក្រុមហ៊ុន​ទាំង​នោះ​នឹង​ត្រូវ​ផាក​​ពិន័យ​ ឬ​ដក​ហូត​អាជ្ញាប័ណ្ណ​នាំចេញ​តែ​ម្តង​។​

លោក​ថ្លែង​​ថា​៖ «​យើង​នឹង​​មិន​​ព្រងើយ​ចំពោះ​បញ្ហា​នេះ​ទេ ​បើ​​មិន​អ៊ីចឹង​ទេ​យើង​នឹង​បាត់បង់​ [ប្រព័ន្ធ​អនុគ្រោះ​ ឬ ​GSP]​ ដែល​បាន​ផ្ដល់​ដោយ​អាមេរិក​ ប្រសិន​បើ​យើង​​មិន​ចាត់​វិធានការ​​ណាមួយ​ទេ​នោះ​»។ ​លោក​បន្ត​ថា​៖ «​ពួក​គេ​ផ្ដល់ GSP ​ដល់​ពួក​យើង​​ ហេតុ​អ្វី​ក៏​យើង​ផ្ដល់ វា​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត?​»​។​

លោក​ Arend Zwartjes អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក ​បាន​​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​តាម​អ៊ីមែល​​​កាល​ពី​ម្សិលមិញ​ថា ​អាមេរិក​បាន​ផាក​ពិន័យ​​ក្រុមហ៊ុន​​ជា​ច្រើន​​ពី​បទ​នាំចេញ​ទំនិញ​តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ក្នុង​គោល​បំណង​គេច​ផុត​ពី​ពន្ធ​នាំចូល​​អាមេរិក។ ​​លោក​ថ្លែង​ថា​៖ «​​ពេលខ្លះ​​​ក្រុមហ៊ុន​ជា​ច្រើន​ស្វែងរក​ការ​គេច​ពន្ធ​នាំចូល​ និង​​​នាំ​​ផលិតផល​ទាំង​នោះ​ទៅ​អាមេរិក​​តាមរយៈ​ដឹក​ទំនិញ​ឆ្លង​កាត់​»​។

លោក​បញ្ជាក់​ថា​៖ «​Department of Homeland Security បាន​ត្រួត​ពិនិត្យ​ និង​ផាក​ពិន័យ​​ក្រុមហ៊ុន​មួយ​ចំនួន​​ពី​បទ​គេច​ពី​ពន្ធ​នាំចូល​​នៅ​អាមេរិក ​ដោយ​ដឹក​ជញ្ជូន​ទំនិញ​ទាំង​នោះ​កាត់​តាម​​ប្រទេស ​កម្ពុជា»​។ លោក​បន្ត​ថា​ នាយកដ្ឋាន​នេះ​ ក៏​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​ផង​ដែរ។​​

លោក Arend Zwartjes ​ឲ្យ​​ដឹង​ថា ​ក្រុមហ៊ុន​ទាំង​នេះ​​មាន​​ទីតាំង​នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​​របស់​ប្រទេស ​កម្ពុជា​។​ ទោះបី​យ៉ាង​នេះ​ក្តី ​លោក​បដិសេធ​មិន​បង្ហាញ​​ប្រភេទ​ទំនិញ​ ដែល​ក្រុមហ៊ុន​ទាំង​នេះ​​​កំពុង​នាំចេញ​​​ទេ​ ដោយ​បង្វែរ​ឲ្យ​ទៅ​សួរ​ Homeland Security។​

ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​នៅ​ត្រីមាសទី១ ​ជា​លើក​ដំបូង​ឆ្នាំ​នេះ​បាន​​កើន​ឡើង​​លើស​ពី​ ១ ពាន់​លាន​​ ​ជា​លើក​ដំបូង​ ដែល​មួយ​ផ្នែក​ធំ​ដោយសារ​តែ​​ការ​បង្កើន​ការ​នាំចេញ​ទំនិញ​ធ្វើ​ដំណើរ​។​

វ៉ាលីស ​និង​កាបូប ​ដែល​ផលិត​នៅ​កម្ពុជា​ ត្រូវបាន​ផ្ដល់​សិទ្ធិ​ចូល​ទៅ​ទីផ្សារ​អាមេរិក​ស្ថិត​ក្រោម​កម្មវិធី​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP) ចាប់​តាំង​ពី​ខែ ​កក្កដា​ ឆ្នាំ ​២០១៦។ ​សិទ្ធិ​នេះ​​បាន​រួម​ចំណែក​យ៉ាង​សំខាន់​​ដល់​ការ​បង្កើន​តម្លៃ​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​។​

លោក ​លីម ​ហេង​ អនុប្រធាន​​សភាពាណិជ្ជកម្ម​កម្ពុជា ​បាន​គាំទ្រ​​ដល់​ការ​​អត្ថាធិប្បាយ​របស់​លោក​ ស៊ាង ថៃ។​ ​លោក​ថ្លែង​ថា​៖ «​វា​នឹង​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​​កម្ពុជា​ ប្រសិន​បើ​វា​ពិត​»។ លោក​បន្ត​ថា៖ ​«​ពួក​គេ​​ផ្ដល់​ GSP និង EBA ​ដល់​ពួក​យើង​ ដើម្បី​បង្កើត​ការងារ​សម្រាប់​ប្រជាជន​របស់​យើង​ វា​មិន​ទទួល​បាន​អ្វី​សោះ​សម្រាប់​ពួក​យើង ​ប្រសិន​​បើ​យើង​គ្រាន់​តែ​ជា​កន្លែង​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​នោះ​»។​

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស ​ចិន ​និង​អាមេរិក ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បរទេស​​ជាច្រើន​​ផ្លាស់ប្តូរ​​មូលដ្ឋាន​​ផលិត​​របស់​​ពួក​គេ​​ពី​ប្រទេស ​ចិន ទៅ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍ ដើម្បី​គេច​ពី​ការ​ហូត​ពន្ធ​នាំចូល​ ខណៈ​​ក្រុមហ៊ុន​​របស់​ចិន​មួយ​ចំនួន​កំពុង​ស្វែងរក​ការ​គេច​ពន្ធ​នាំចូល​ និង​ដឹក​ជញ្ជូន​ផលិតផល​ទាំង​នោះ​ទៅ​អាមេរិក​ តាមរយៈ​​​​ការ​ផ្លាស់ប្តូរ​ទីកន្លែង​នាំចេញ​​​។​

កាល​ពី​ដើម​ខែ​នេះ​ប្រទេស ​វៀតណាម ​បាន​​ប្ដេជ្ញា​ថា ​នឹង​បង្រ្កាប​លើ​​ក្រុមហ៊ុន​ដែល​ប្រើ​ស្លាក​ផលិត​នៅ​វៀតណាម​​លើ​ទំនិញ​ដើម្បី​នាំចេញ​ទៅ​អាមេរិក​​ដោយ​​រួច​ពន្ធ​ដែល​កើត​ចេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​​រវាង​អាមេរិក ​និង​ចិន៕ LA