ភ្នំពេញៈ ប្រទេស​កម្ពុជា​កំពុង​ស្វែងរក​ការគាំទ្រ​ពី Siam Piwat Company Limited ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ថៃ ដើម្បី​បង្ហាញ​ផលិតផល​ដែល​ផលិត​នៅក្នុង​ស្រុក​នៅក្នុង​ផ្សារ​ទំនើប​ល្បីឈ្មោះ​ ២ ​របស់​ពួកគេ​គឺ ICONSIAM និង Siam Paragon ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើន​ផលិតផល​ក្នុងស្រុក និង​ជួយ​កាត់បន្ថយ​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​អាស៊ាន​របស់ខ្លួន​។

លោក អ៊ុក សោភ័ណ្ឌ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​ជួប​លោក Tanaphat Sirikulvadhana ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​ទំនាក់ទំនង​រដ្ឋាភិបាល​មកពី​ក្រុមហ៊ុន Siam Piwat Company កាលពី​ថ្ងៃ​ចន្ទ ខណៈ​ក្រុមហ៊ុន​នេះ​មាន​ផ្សារ​ទំនើប​ល្បី​ឈ្មោះ​ ២ គឺ​ផ្សារ Siam Paragon និង​ផ្សារ ICONSIAM ដើម្បី​បង្ហាញ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​ដល់​ពួកគេ​ដើម្បី​តាំង​បង្ហាញ​នៅក្នុង​ផ្សារទំនើប​ទាំង​ ២ ​របស់​ពួកគេ​។

លោក​បាន​ថ្លែងថា​៖ «​យើង​បានផ្ដល់​យោបល់​ដល់​ពួកគេ​ឲ្យ​យក​ទំនិញ​របស់​យើង​លក់​នៅក្នុង​ផ្សារ​ទំនើប​របស់​ពួកគេ ហើយ​ពួកគេ​បានស្នើ​ឲ្យ​ពួកយើង​ត្រូវ​ធ្វើបញ្ជី​ប្រភេទ​មុខទំនិញ រូបភាព​របស់​ផលិតផល និង​ឯកសារ​បញ្ជាក់​អំពី​ផលិតផល​ដែល​ភ្ជាប់​ជាមួយ​បញ្ជី​ដែល​ដាក់ជូន​ដល់​ពួកគេ​សម្រាប់​ការពិចារណា និង​ប្រភេទ​ទំនិញ​ដែល​អាច​លក់​នៅក្នុង​ទីផ្សារ​នេះ​»​។

លោក​ថ្លែងថា​៖ «​អាទិភាព​ដំបូង​របស់​យើង គឺ​ធ្វើបញ្ជី​ឈ្មោះ​ផលិតផល ហើយ​យើង​គ្រោង​នឹង​ដាក់​ផលិតផល​សម្គាល់​ភូមិសាស្ដ្រ​របស់​យើង ដូចជា​ម្រេច​កំពត ស្ករស​កំពង់ស្ពឺ ហើយ​យើង​គ្រោង​នឹង​បង្ហាញ​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ ខណៈ​ពួកគេ​ក៏បាន​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ទីនោះ​ផងដែរ​»​។

លោក​បន្ថែមថា​ លោក​ក៏បានផ្ដល់​យោបល់​ដល់​ពួកគេ​ឲ្យ​ផ្ដល់​កន្លែង​ណាមួយ​នៅក្នុង​ផ្សារទំនើប​ ២ ​នេះ ដើម្បី​តាំង​បង្ហាញ​ផលិតផល​ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​ដល់​អតិថិជន និង​ភ្ញៀវទេសចរ​មុនពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ផងដែរ​។

លោក Tanaphat Sirikulvadhana បាន​សន្យាថា​នឹង​ផ្ដល់​ដល់​ក្រុមហ៊ុន​ផលិត​របស់​កម្ពុជា​នូវ​ស្ដង់​ដែលមាន​ទីតាំង​នៅ​ខាងក្នុង​ផ្សារទំនើប ICONSIAM និង​ផ្សារ Siam Paragon សម្រាប់​ការតាំង​បង្ហាញ និង​ការលក់​ផលិតផល​ខ្មែរ រយៈពេល​ ៧ ​ថ្ងៃ​មុនពេល​ពិធីបុណ្យ​ចូលឆ្នាំ​។ លើសពី​នេះ​ទៅ​ទៀត​លោក​ក៏បាន​បង្ហាញ​បំណង​របស់លោក​ក្នុងការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ពី​ស្ថានទូត​របស់​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​។

លោក អ៊ុក សោភ័ណ្ឌ បាន​ឲ្យ​ដឹងថា នោះ​គឺជា​ជំហាន​វិជ្ជមាន​មួយ​ដែល​ប្រទេស​កម្ពុជា​អាច​មាន​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​កាន់តែ​ច្រើន​នៅ​បរទេស ហើយ​លោក​នឹង​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ឯកជន​របស់​កម្ពុជា​ដើម្បី​ធ្វើការងារ​ជាមួយ​ក្រុមហ៊ុន Siam Piwat សម្រាប់​ព័ត៌មាន​លម្អិត​។

លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​យើង​មាន​ការរៀបចំ​ដ៏ច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន Siam Piwat យើង​នឹង​ស្នើ​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​ធ្វើ​ការងារ​លើ​ព័ត៌មាន​លម្អិត​ជាមួយ​ក្រុមហ៊ុន Siam Piwat រៀងខ្លួន ដូចជា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ឬ​កិច្ចព្រមព្រៀង​។ ស្ថានទូត​គឺជា​ស្ពាន​មួយ​ដើម្បី​ភ្ជាប់​ពួកគេ​ក្នុង​ការធ្វើជា​ដៃគូ​ពិតប្រាកដ​មួយ​»​។ ​

លោក​បន្តថា​៖ «​យើង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង​ក្នុង​ការធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ថៃ វិស័យ​ឯកជន និង​ក្រុមហ៊ុន​លើ​បញ្ហា​នេះ​។ ក្រៅពី​ក្រុមហ៊ុន Siam Piwat យើង​ក៏​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន CP All ដែល​គ្រប់គ្រង​ហាង​លក់ 7-Eleven ដើម្បី ពិចារណា​លើ​ផលិតផល​របស់​យើង​ដាក់លក់​នៅក្នុង​ហាង​របស់​ពួកគេ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​«​។

របាយការណ៍​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​ដែល​ទទួលបាន​ពី​ស្ថានទូត​ថៃ​បាន​បង្ហាញថា​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ ​មាន​តម្លៃ ៤,២ ​ពាន់​លាន​ដុល្លារ កើនឡើង ៧ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ កាលពី​ឆ្នាំ​ ២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​មាន​ទំហំ​ប្រហែល​ ៨,៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​៕ LA