ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​អូស្ត្រាលី​ក្នុង​ការជំរុញ​ការអនុវត្ត​ការប្រើប្រាស់​ឯកសារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ក្នុង​បរិបទ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

ការលើកឡើង​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ប៉ាន សូរស័ក្ដិ ​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Pablo Kang តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ១៨ ខែឧសភា​។

កិច្ចព្រមព្រៀង AANZFTA បាន​ផ្តល់នូវ​ការកាត់បន្ថយ​ពន្ធ​យ៉ាង​ទូលំទូលាយ និង​ភាពជាក់លាក់​កាន់តែច្រើន​សម្រាប់​អ្នកផ្គត់ផ្គង់​សេវាកម្ម និង​វិនិយោគិន​នៃ​ប្រទេស​ជា​ដៃគូ​។

AANZFTA បាន​ចូល​ជា​ធរមាន​ក្នុង​ខែមករា ឆ្នាំ​ ២០១០ សម្រាប់​អូស្ត្រាលី ខណៈ​កម្ពុជា​ចូល​ជាធរ​មាននៅ​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០១១​។

ក្នុងជំនួប​នោះ លោក ប៉ាន សូរស័ក្ដិ បាន​លើកឡើងថា កម្ពុជា និង​អូស្ត្រាលី បន្ត​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ជាពិសេស​ការបន្ត​ជួយ​គាំទ្រ​របស់​អូស្ត្រាលី​ក្នុង​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​កម្ពុជា​ទាំង​ទ្វេភាគី តំបន់ និង​ពហុភាគី​។

លោក​បាន​បន្តថា នៅក្នុង​ក្របខ័ណ្ឌ​តំបន់ ប្រទេស​អូស្ត្រាលី​នឹង​ចាប់ផ្តើម​ដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ជំរុញ​ការប្រើប្រាស់​ឯកសារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង AANZFTA ដើម្បី​សម្រួល​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អូស្ត្រាលី​កាន់តែ​ងាយស្រួល​។

លោក​ថ្លែងថា​៖ «​គំនិត​ផ្តួចផ្តើម​នេះ​នឹង​រួមចំណែក​កាត់បន្ថយ​ការចំណាយ​សំដៅ​លើកកម្ពស់​ភាពធន់​នៃ​ខ្សែចង្វាក់​ពាណិជ្ជកម្ម និង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់​ក្នុង​បរិការណ៍​នៃ​វិបត្តិ​កូវីដ​១៩ និង​ក្រោយ​វិបត្តិ​នេះ​»​។

លោក​រដ្ឋមន្ត្រី​បន្ថែមទៀតថា ដោយឡែក​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា-អូស្ត្រាលី ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​លើ​ការបន្ត​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រោម​ជំនួយ​របស់​អូស្ត្រាលី​ដែល​រួមមាន​ការពង្រឹង និង​ការកសាង​សមត្ថភាព​មន្ត្រី​ពាណិជ្ជកម្ម ការអភិវឌ្ឍ និង​កសាង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​ការបន្ត​អនុវត្ត​កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-អូស្ត្រាលី​ (CAVAC) ​និង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេទ្បិចត្រូនិក​។

AANZFTA ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​មិន​ធ្លាប់មាន​ដែល​បាន​ចុះហត្ថលេខា​រួចហើយ​។ វា​នឹង​ជួយ​កាត់បន្ថយ ឬ​លុបបំបាត់​របាំង​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​ដែលមាន​ប្រជាជន ៦០០ ​លាន​នាក់ ដោយមាន GDP ​ប្រចាំឆ្នាំ​ប្រហែល ២,៧ ​ពាន់​ពាន់​លាន​ដុល្លារ​។

កិច្ចព្រមព្រៀង​នេះ​បង្ហាញ​ពី​អត្ថប្រយោជន៍​ជាក់ស្តែង​ជាច្រើន​សម្រាប់​អាជីវកម្ម​ដែល​ស្វែងរក​ការធ្វើ​ពាណិជ្ជកម្ម ឬ​វិនិយោគ​រវាង​អូស្ត្រាលី និង​កម្ពុជា រួមមាន ការកាត់បន្ថយ​ពន្ធគយ​លើ​ទំនិញ ការធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ​សម្រាប់​សេវាកម្ម​ភាគច្រើន និង​ផ្តល់​ការការពារ​សម្រាប់​វិនិយោគិន​។

លោក Pablo Kang បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា​ការពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា គឺ​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការការពារ​អតិថិជន ក៏ដូចជា​ផលប្រយោជន៍​ទៅវិញ​ទៅមក​នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​សរុប ២១៣,៦៤ ​លាន​ដុល្លារ កើន​ ៣,៨២ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ២០៥,៧៩ ​លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​នាំ​ពី​កម្ពុជា​មានតម្លៃ ១៣៣,៩២ ​លាន​ដុល្លារ កើនឡើង ០,២៦ ​ភាគរយ និង​ការនាំ​ចូល​ពី​អូស្ត្រាលី​មាន ៧៩,៧២ លាន​ដុល្លារ កើនឡើង ១០,៤១ ​ភាគរយ​៕ LA