ភ្នំពេញៈ ប្រទេសកម្ពុជាបានបង្ហាញការគាំទ្រគំនិតផ្តួចផ្ដើមក្នុងការអភិវឌ្ឍកម្មវិធីសម្រាប់ការគាំទ្រសហគ្រិននវានុវត្តន៍ក្នុងស្រុកជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាគិតគូរពីបរិយាកាស។ នេះបើតាមមន្ដ្រីនៅក្រសួងបរិស្ថាន។
ការសន្យានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរៀបចំដោយវិទ្យាស្ថានកំណើនបៃតងសកលលោក (GGGI) នៅក្នុងសិក្ខាសាលាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីគម្រោងដំណោះស្រាយបៃតងថ្មី គឺបរិយាកាសហិរញ្ញវត្ថុ បច្ចេកវិទ្យា សហគ្រិន ជាមួយធនាគារ KDB Bank ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF) របស់សាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី ២ ខែមីនា។
គំនិតផ្តួចផ្ដើមនេះបានលេចជារូបរាងដោយសារតែគោលបំណងរួមក្នុងចំណោមរដ្ឋាភិបាលកូរ៉េ មូលនិធិអាកាសធាតុបៃតង (GCF) ធនាគារ KDB Bank និង GGGI ក្នុងការស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធភាព និងកិច្ចសហការនៃការអភិវឌ្ឍបច្ចេកវិទ្យា ព្រមទាំងការផ្លាស់ប្តូរអាកាសធាតុ ជាការឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសក្នុងវិបត្តិជំងឺកូវីដ១៩។ នេះបើយោងតាម GGGI។
GGGI កំពុងធ្វើការងារជាមួយធនាគារ KDB ស្ថាប័ន GCF ទទួលស្គាល់ដោយប្រទេសកូរ៉េ និងអាជ្ញាធរដែលបានជ្រើសតាំងថ្នាក់ជាតិ (NDA) នៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងហ្វីលីពីន ដើម្បីអភិវឌ្ឍកម្មវិធីមួយសម្រាប់ការគាំទ្រសហគ្រិនក្នុងស្រុកនវានុវត្តន៍ជាមួយដំណោះស្រាយនៃបច្ចេកវិទ្យាអាកាសធាតុ និងលើកកម្ពស់អេកូស៊ីស្ដែម បច្ចេកវិទ្យាអាកាសធាតុ ដែលនឹងបង្កើនល្បឿនកម្រិតកាបូនទាប និងកំណើនបៃតងដែលធន់នឹងអាកាសធាតុ។
លោក ស៊ុំ ធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងសិក្ខាសាលានោះថា រដ្ឋាភិបាលកម្ពុជាគាំទ្រការលើកកម្ពស់សហគ្រិនតាមរយៈសហគ្រិនខ្មែរ ដែលជាអង្គភាពអនុវត្តមូលនិធិសហគ្រិន (EDF) បង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «ក្រសួងបរិស្ថានមានសេចក្ដីរីករាយក្នុងការជួយសម្រួលកិច្ចសហប្រតិបត្តិការរវាងដៃគូអន្តរជាតិរបស់យើង និងស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា»។
លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកសហគ្រិនខ្មែរបានចែករំលែកតួនាទីរបស់សហគ្រិនខ្មែរក្នុងការផ្ដល់ការគាំទ្រពេញ ១ ជីវិតសម្រាប់សហគ្រិនវ័យក្មេងជាមួយនឹងគំនិតអាជីវកម្មដោយបានបញ្ជាក់ថា តម្រូវការប្រើប្រាស់ថាមពលសូឡានៅកម្ពុជានៅមានកម្រិត។
លោក Ji Young CHOI នាយកអង្គភាពគោលនយោបាយអាកាសធាតុបៃតងនៅ MOEF ប្រទេសកូរ៉េបានលើកឡើងថា៖ «រដ្ឋាភិបាលកូរ៉េ នឹងបន្តគាំទ្រការផ្លាស់ប្តូរអាកាសធាតុបៃតងនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងទិដ្ឋភាព ២ គឺការពង្រឹងការគាំទ្របច្ចេកទេស និងគម្រោងនៅក្នុងតំបន់ជាច្រើននៃដំណោះស្រាយបៃតងថ្មី ដែលជាកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីធ្វើរួមបញ្ចូលគ្នា និងវិធានការអាកាសធាតុពិភពលោក»។
លោកស្រី Jin Young KIM នាយកទទួលបន្ទុកតំបន់អាស៊ីនៅវិទ្យាស្ថាន GGGI បានកោតសរសើរការពិភាក្សាដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើដំណោះស្រាយការស្ទុះងើបឡើងវិញនៃបរិស្ថានបៃតង។
លោកស្រី Jin Young KIM បាននិយាយថា៖ «GGGI កំពុងស្ថិតក្នុងតួនាទីដែលមានអាទិភាពខ្លាំងជាងគេក្នុងការគាំទ្រគំនិតផ្តួចផ្ដើមដ៏សំខាន់នេះ រួមជាមួយនឹងអ្នកចូលរួមទាំងអស់នៅថ្ងៃនេះ»៕LA