ភ្នំពេញៈ ​កម្ពុជា​នឹង​បន្ត​នាំចូល​អំបិល​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​នៅ​ឆ្នាំ​នេះ​ ខណៈ​ការ​ផលិត​អំបិល​សម្រេច​បាន​តែ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​។​ នេះ​បើ​យោង​តាម​​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-​កែប​។

នេះ​ជា​ការ​នាំចូល​អំបិល​ ២ ឆ្នាំ​ជាប់ៗ​គ្នា​ចាប់​តាំង​ពី​​ឆ្នាំ​ ២០១៨ ហើយ​នេះ​ក៏​ជា​ការ​នាំចូល​អំបិល​លើក​ទី៣​ ​ក្នុង​ឧស្សាហកម្ម​​ផលិត​អំបិល​​កម្ពុជា​។

ផ្ទៃដី​ផលិត​អំបិល​នៅ​កម្ពុជា​ប្រមាណ​​ជាង​ ៤ ៥០០ ​ហិកតា ​ដែល​គ្រប​ដណ្តប់​​ក្នុង​ខេត្ត​កំពត-​កែប​ ហើយ​ការ​ផលិត​ឆ្នាំ​​នេះ​សម្រេច​បាន​ទិន្នផល​តែ​ជាង​ ៣០ ០០០ ​តោន​ប៉ុណ្ណោះ​ ក្នុង​ចំណោម​​​តម្រូវ​ការ​ប្រើប្រាស់​សរុប​​​ពី ៨-១០ ​​ម៉ឺន​តោន​ ​ក្នុង ​១ ​ឆ្នាំ​។

ប្រសិន​បើ​អាកាសធាតុ​អំណោយ​ផល​ល្អ​ ​ក្នុង ​១ ​ហិកតា ​គេ​អាច​ផលិត​អំបិល​បាន​​ប្រហែល​ ​២០ ​តោន​។​ នេះ​បើ​តាម​សមាគម​ផលិត​អំបិល​។ ​រដូវ​ផលិត​អំបិល​គិត​ចាប់​ពី​ខែ​មករា ​ដល់​ដើម​ខែ​ឧសភា​ជា​រៀងរាល់​ឆ្នាំ​។

លោក ​ប៊ុន ​បារាំង​ សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​-​កែប​ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​​ពី​ម្សិលមិញ​​ថា ​បរិមាណ​​​នាំចូល​អំបិល​នៅ​ឆ្នាំ​នេះ​អាច​នឹង​លើស​ពី​ឆ្នាំ​មុន​។

លោក​ថ្លែង​ថា៖​ «​ការ​នាំចូល​អំបិល​ពី​​បរទេស​ ​គឺ​ជា​រឿង​ចៀស​មិន​ផុត​សម្រាប់​ឆ្នាំ​នេះ ព្រោះ​គិត​ត្រឹម​ពេល​នេះ ​(ម្សិល​មិញ​) អំបិល​​នៅ​ក្នុង​ឃ្លាំង​ស្តុក​បាន​បញ្ចេញ​លក់​ទៅ​លើ​ទីផ្សារ​អស់​ច្រើន​មក​ហើយ​»។

លោក​បន្ត​ថា​ ថ្នាក់​ដឹកនាំ​សហគមន៍​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​​ពី​ការ​នាំចូល​អំបិល មុន​នឹង​ធ្វើ​ការ​ស្នើសុំ​ទៅ​អាជ្ញាធរ​។​​ តាម​លោក​ ប៊ុន​ បារាំង ​​អំបិល​ដែល​នាំចូល​​​នឹង​ត្រូវ​ឆ្លង​កាត់​ការ​​​ត្រួត​ពិនិត្យ​​​គុណភាព​នៅ​មន្ទីរ​ពិសោធន៍​ត្រឹមត្រូវ​។​

ការ​ធ្លាក់​ចុះ​ទិន្នផល​អំបិល​​ក្នុង​ឆ្នាំ​នេះ​ ​​បណ្តាល​មក​​ពី​កត្តា​ធំៗ​​​ ​២ ​គឺ​អាកាស​ធាតុ និង​ការ​ធ្លាក់ចុះ​​ចំនួន​​អ្នក​ផលិត​។ ​នេះ​បើ​តាម​លោក​ បារាំង​។

លោក​​លើក​ឡើង​ថា ទោះ​​ជា​ក្នុង​ឆ្នាំ ​២០១៩ នេះ​​កម្ពុជា​ជួប​ប្រទះ​នឹង​បាតុភូត​អាកាសធាតុ​ El Nino ដែល​ធ្វើ​ឲ្យ​​​អាកាស​ធាតុ​ក្តៅ​ខ្លាំង និង​​​អូស​បន្លាយ​យូរ​ តែ​សម្រាប់​តំបន់​ផលិត​អំបិល​ក្នុង​ខេត្ត​កំពត-​កែប បែរ​ជា​ទទួល​ភ្លៀង​ធ្លាក់​​​ច្រើន ​ដែល​ធ្វើ​ឲ្យ​កសិករ​មិន​អាច​ធ្វើ​ស្រែ​អំបិល​បាន​​។​

លោក​និយាយ​ថា៖​ «​ប្រសិន​បើ​គ្មាន​​ភ្លៀង​​ចំនួន​ ៣ ​ខែ នៅ​រដូវ​ប្រាំង​ កម្ពុជា​នឹង​មិន​មាន​បញ្ហា​កង្វះ​អំបិល​ទេ​»។​

លោក​បន្ត​ថា​ កង្វះ​កម្លាំង​ពលកម្ម​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ចំនួន​អ្នក​ផលិត​អំបិល​ធ្លាក់​ចុះ​ពី​ ១ ឆ្នាំ ​ទៅ ​១ ឆ្នាំ។ លោក​ថ្លែង​ថា៖ «​ការ​​ធ្វើ​ស្រែ​អំបិល​ត្រូវ​ការ​មនុស្ស​ដែល​មាន​​ភាព​អំណត់ និង​ធ្វើ​ការ​ក្រោម​កម្តៅ​ថ្ងៃ​ ​ហេតុ​​នេះ​ទើប​បច្ចុប្បន្ន​មាន​​​អ្នក​ផលិត​ជា​ច្រើន​​​បាន​នាំ​គ្នា​ងាក​ចេញ​ទៅ​ស្វែងរក​ការងារ​ផ្សេង​។​ នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​កំពុង​​បន្ត​កើត​មាន​ជា​រៀងរាល់​ថ្ងៃ​»។​

តម្លៃ​អំបិល​បច្ចុប្បន្ន​​មិនមាន​ការ​ប្រែប្រួល​ច្រើន​ទេ ដោយ​ក្នុង ​១ ​តោន ​មាន​តម្លៃ​ប្រមាណ​ ​១០០ ​ដុល្លារ​ ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ។

កម្ពុជា​ផលិត​អំបិល​បាន​ច្រើន​ប្រមាណ ​១០ ​ម៉ឺន​តោន​ក្នុង ​១ ឆ្នាំ​រយៈពេល ​៣ ឆ្នាំ​ជាប់​ៗគ្នា​ គឺ​ពី​ឆ្នាំ ​២០១៤ ​ដល់ ​២០១៦។​ ប៉ុន្តែ​ទិន្នផល​​នេះ​បាន​ធ្លាក់ចុះ​ ​៣ ​ឆ្នាំ ​ជាប់​គ្នា​វិញ​ចាប់​ពី​ឆ្នាំ ​២០១៧​ មក​។​

កាល​ពី​ឆ្នាំ ​២០១៨​ កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស ​ចិន ​ជាង​ ១ ​ម៉ឺន​តោន​ ក្នុង​ចំណោម​ផែនការ​នាំចូល​សរុប​ ៣ ​ម៉ឺន​តោន​។

មិនមាន​តួលេខ​ពី​ចំនួន​ទឹក​ប្រាក់​ពី​ការ​​នាំចូល​អំបិល​កាល​ពី​ឆ្នាំ ​២០១៨ ​ទេ ប៉ុន្តែ​កាល​ពី​ឆ្នាំ ​២០០៩ កម្ពុជា​បាន​នាំចូល​អំបិល​ជា​លើក​ដំបូង​ចំនួន​ ២០ ០០០ ​តោន ​ពី​ចិន​ដោយ​ចំណាយ​ប្រាក់​ ២,២​ លាន​ដុល្លារ។

លោក សុន សេងហួត អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បដិសេធ​ផ្តល់​ចម្លើយ ដោយ​ប្រាប់​ថា កំពុង​ជាប់​រវល់​។

ឧស្សាហកម្ម​អំបិល​​កម្ពុជា​រក​បាន​ប្រាក់​ចំណូល​​ប្រហែល​ ២២ ​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​ ២០១៧​។ នេះ​បើ​​តាម​ទិន្នន័យ​របស់​ក្រសួង​៕​ LA