ភ្នំពេញ៖ អ្នក​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ម្រេច​ទាំង​ម្រេច GI និង​មិនមែន GI មាន​ផែនការ​នាំចេញ​ម្រេច​ឲ្យ​បាន ៥ ០០០ តោន នៅ​ឆ្នាំ ២០២១ នេះ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​កំពុង​តែ​ហក់​ឡើង​ទាំង​ក្នុង​តំបន់ និង​សហគម​អឺរ៉ុប។

លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ និង​គ្រឿងទេស​កម្ពុជា (CPSF) ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់ CPSF មាន​ផែនការ​នាំចេញ និង​កែច្នៃ​ម្រេច​ទៅ​កាន់​ទីផ្សារ​ភាគ​ច្រើន​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​អាល្លឺម៉ង់។

លោក ម៉ាក់ នី ក្នុង​នោះ ក្រុមហ៊ុន Olam ដែល​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម មាន​ផែនការ​នាំចេញ​ច្រើន​ជាង​គេ​រហូត​ដល់ ៣ ០០០ ទៅ ៤ ០០០ តោន សម្រាប់​ទីផ្សារ​វៀតណាម និង​ក្រុមហ៊ុន Fuchs ដែល​ជា​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ ក៏​មាន​ផែនការ​នាំចេញ​ម្រេច​ចំនួន ១ ០០០ តោន​ផង​ដែរ។

ក្រៅ​ពី​នេះ ក្រុមហ៊ុន​ស្រុក​ចំនួន ២ គឺ​ក្រុមហ៊ុន សិលា ផិបភើរ ខូអិលធីឌី និង​ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា (Signature of Asia ) មាន​ផែន​ការ​នាំចេញ​ប្រហែល ១០០ តោន។

កាល​ពី​ឆ្នាំ ២០២០ សមាជិក​របស់ CPSF ទាំង​អស់​បាន​នាំចេញ​ម្រេច​ទាំង​ម្រេច GI និង​មិនមែន GI ក្នុង​បរិមាណ​ជាង ៣ ០០០ តោន។ នេះ​បើ​តាម​ប្រធាន CPSF។

លោក ម៉ាក់ នី ឲ្យ​ដឹង​ថា៖ «ក្រុមហ៊ុន​ដែល​សមាជិក​របស់​យើង​មាន​ផែនការ​នាំចេញ​ច្រើន​នៅ​ឆ្នាំ​នេះ ដោយ​ទិន្នផល​ម្រេច​ពិភព​លោក​ធ្លាក់​ចុះ ដូច្នេះ​សមាជិក​ម្នាក់ៗ​នាំ​គ្នា​សម្រុក​ទិញ​ស្តុក​ទុក​ដោយ​រំពឹង​ថា នឹង​មាន​ទីផ្សារ​ល្អ​ជា​បន្តបន្ទាប់ៗ​ពី​ពេល​នេះ​ទៅ​»។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុមហ៊ុន​លោក​បាន​ដាក់​ផែនការ​ទិញ​ម្រេចស​រីរាង្គ​ពី​ខេត្ត​មណ្ឌលគិរី ចំនួន ១០០ តោន ដើម្បី​កែច្នៃ​នាំចេញ​ទៅ​ប្រទេស​ហ្វាងឡង់។

លោក​សម្គាល់​ថា៖ «ឆ្នាំ​នេះ​យើង​ទិញ​ម្រេច​ច្រើន​ជាង​ពី​ឆ្នាំ​ទៅ​ដែល​យើង​ទិញ​បាន​ចំនួន ៤០ តោន​ប៉ុណ្ណោះ ហើយ​យើង​ឃើញ​ថា ទីផ្សារ​ម្រេច​ឆ្នាំ​នេះ​បាន​ងើប​ឡើង​បន្តិច​ធៀប​នឹង​​ឆ្នាំ​មុន ប៉ុន្តែ​វា​មិន​ប្រសើរ​ប៉ុន្មាន​នោះ​ទេ»។

តម្លៃ​ម្រេច​មិនមែន GI បាន​ហក់​ឡើង​ចន្លោះ​ពី ២០ ទៅ ៣០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន។ សព្វថ្ងៃ​ម្រេច​មិនមែន GI មាន​តម្លៃ​ប្រមាណ ១ ៤ ០០០ រៀល​ ក្នុង ១ គីឡូ​ក្រាម ខណៈ​ឆ្នាំ​មុន​ម្រេច​មាន​តម្លៃ​ត្រឹម ១០ ០០០ រៀល ប៉ុណ្ណោះ។ ប្រទេស​កម្ពុជា អាច​ផលិត​ម្រេច​បាន​ប្រមាណ ២ ម៉ឺន​តោន ក្នុង ១ ឆ្នាំៗ។ នេះ​បើ​តាម លោក ម៉ាក់ នី។

លោក​និយាយ​ថា៖ «គោលដៅ​យើង​ធ្វើ​ម៉េច​ឲ្យ​វិស័យ​ម្រេច​រួម​គ្នា​ដែល​វា​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អ្នក​វិនិយោគិន​មក​ពី​ក្រៅ​ប្រទេស​ក្នុង​ការ​សម្លឹង​ឃើញ​សក្តានុពល​ផលិតផល​ម្រេច​របស់​យើង និង​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​ព័ត៌មាន​អំពី​ទីផ្សារ​ម្រេច​ជាដើម»។

សហព័ន្ធ​មាន​សមាជិក​ជា​សហគមន៍​អ្នក​ផលិត​ចំនួន ១៥ ដែល​មាន​ផ្ទៃដី​ប្រមាណ ៧០០ ហិកតា ដែល​ផលិត​ម្រេច​បាន​ចន្លោះ​ពី ១ ២០០ ទៅ ១ ៥០០ តោន ក្នុង ១ ឆ្នាំ។

កាល​ពី​ឆ្នាំ ២០២០ ម្រេច​កំពត GI បាន​នាំចេញ​ប្រមាណ ៧០ តោន ទៅ​កាន់​បណ្តា​ប្រទេស​ជាង ៥០ ដែល​ភាគ​ច្រើន​នៅ​ទ្វីប​អឺរ៉ុប ដោយ​ម្រេច​ខ្មៅ​ថ្លៃ ១៥ ដុល្លារ ម្រេច​ក្រហម​ថ្លៃ ២៥ ដុល្លារ និង​ម្រេច​ស​ថ្លៃ ២៨ ដុល្លារ ក្នុង ១ គីឡូក្រាម​ដូចគ្នា។ នេះ​បើ​តាម​លោក ងួន ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត (KPPA)។

ម្រេច​នៅ​កម្ពុជា​មាន​ផ្ទៃដី​ទូទាំង​ប្រទេស​ចំនួន​ជាង ៦ ៧០០ ហិកតា ដែល​ផ្តល់​ទិន្នផល​សរុប​ជាង ២ ម៉ឺន​តោន ក្នុង ១ ឆ្នាំ៕