ភ្នំពេញៈ រដ្ឋាភិបាល​នឹង​ដំឡើង​ច្រកទ្វារ​តំបន់​ព្រំដែន​ថ្មដា​ក្នុង​ខេត្ត​ពោធិ៍សាត់​ទៅ​ជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​ជា​វិធានការ​មួយ​ក្នុង​ការធ្វើឲ្យ​សម្រេច​បាន​នូវ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​តម្លៃ ១៥ ពាន់​លាន​ដុល្លារ​រវាង​ប្រទេស​ជិតខាង​អាស៊ាន​ទាំង​ ២ ​នេះ​តាម​ការគ្រោងទុក​។

យោងតាម​លិខិត​មួយ​បាន​ពី​ខុទ្ទកាល័យ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ដែល​បាន​ផ្ញើជូន​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ស្ដីពី​ការដំឡើង​ច្រកទ្វារ​ថ្មដា នៅពេល​បច្ចុប្បន្ន​ដែល​មាន​ទីតាំង​នៅក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាប់​ព្រំដែន​ជាមួយ​អនុស្រុក Chamrak ក្នុង​ខេត្ត​ត្រាត​របស់​ប្រទេស​ថៃ​ទៅ​ជា​ច្រកទ្វារ​អន្តរជាតិ​ជា​ការឆ្លើយតប​នឹង​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក្នុង​អំឡុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៥៥ ​កាលពី​ខែមីនា​កន្លង​មក​។

លិខិត​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ១៣ ខែ​មីនា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ថ្ងៃទី​ ៩ ខែមិថុនា បាន​ឲ្យ​ដឹងថា​៖ «​ខុទ្ទកាល័យ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី សូម​ជម្រាប​ជូនដំណឹង​ថា រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​មហាផ្ទៃ ក្រសួងការពារជាតិ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្វើការ​ចរចា​ជាមួយ​សម​ភាគី​ថៃ​ដើម្បី​សហការ​ដំឡើង​ច្រកទ្វារ​តំបន់​ព្រំដែន​ថ្មដា​ទៅ​ជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​»​។

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ខែមីនា​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៥៥ ថា​ការបើក​ច្រកទ្វារ​អន្តរជាតិ​អាច​ជួយ​ជំរុញ​សកម្មភាព​ដោះដូរ​ទំនិញ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំង​ ២ និង​ដើម្បី​សម្រេចបាន​តាម​ទិសដៅ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​មាន​តម្លៃ​ ១៥ ​ពាន់​លាន​ដុល្លារ​របស់​ពួកគេ​ត្រឹម​ចុង​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​កំពុង​កើនឡើង​យ៉ាង​រហ័ស​។ តាមរយៈ​ការបើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ យើង​អាច​ជំរុញ​ពាណិជ្ជកម្ម ហើយ​ក៏​អាចជួយ​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។ វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ ២ ​នេះ​»​។

លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​កាល​ពេល​ថ្មីៗ​នេះ​ថា ការស្ដារ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​ ១០ ដែលជា​ផ្លូវ​ដ៏សំខាន់​មួយ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ត្រូវ​បាន​បញ្ចប់ ២៦,៥៣ ​ភាគរយ​ហើយ​។ ផ្លូវ​នេះ​នឹងត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ខែធ្នូ​ឆ្នាំ​ ២០២៣​។

លោក អ៊ុក សុភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែ​មុន​ថា លោក​មាន​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ ដោយសារ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កំពុង​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​នេះ​មាន​តម្លៃ​ប្រហែល​ ៩ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន កើនឡើង​ ៧,១៤ ​ភាគរយ​បើ​ធៀប​នឹង ៨,៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។

កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​សំខាន់ៗ​ដូចជា អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយចន្ទី និង​ស្វាយ ខណៈ​នាំចូល​ពី​ថៃ រួមមាន​ប្រេងឥន្ធនៈ ប្រេង​ចម្អិន សម្ភារ​សំណង់ គ្រឿងយន្ត​កសិកម្ម ឧបករណ៍​អគ្គិសនី គ្រឿងសម្អាង និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​លំនៅឋាន​ជាដើម​៕ LA