ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​សិក្សា​ និង​ស្រាវជ្រាវ​លើ​ការបង្កើត​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អ៊ីនធឺណិត​ (KHNIC) ​ដែល​ជា​កិច្ចខិតខំ ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង​ការចុះ​ឈ្មោះ Domain Name និង ការជំរុញ​ឲ្យ​ប្រជាជន​ប្រើប្រាស់ ដែន​កម្មសិទ្ធិ​ ឬ Domain ជាតិ [.KH]​។

លោក ជា មានិត រដ្ឋលេខាធិការ MPTC បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្ដីពី​អំពី​ការងារ​បច្ចេកទេស​សិក្សា​ស្រាវជ្រាវ​អំពី​យន្តការ​គ្រប់គ្រង និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អ៊ីនធឺណិត​ក្នុង​សប្តាហ៍​មុន​ដើម្បី​ពិភាក្សា​ស្ដីពី​ទិដ្ឋភាព​បច្ចេកទេស​ទាក់ទង​នឹង​ការគ្រប់គ្រង និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អ៊ីនធឺណិត (KHNIC) ​នេះ​។

លោក​និយាយ​ថា នីតិវិធី​ចុះបញ្ជី​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​ចុះបញ្ជី​អ៊ីនធឺណិត​អាស៊ី​ប៉ាស៊ីហ្វិក​ (APNIC) ​ជា​គំរូ​មួយ​សម្រាប់​ការបង្កើត​ KHNIC​។ KHNIC នឹង​ចាំបាច់​ត្រូវ​ទាក់ទង​ជាមួយ​អង្គការ Internet Corporation for Assigned Names and Numbers (ICANN) និង​អង្គការ Internet Assigned Number Authority (IANA)​។ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប្រទេស​ជាច្រើន​ដូចជា​វៀតណាម​ និង​ថៃ​បាន​បង្កើត​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី អ៊ីនធឺណិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​រួចហើយ​។

លោក​ថ្លែងថា បច្ចុប្បន្ន​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ​គ្រប់គ្រង​ការចុះឈ្មោះ​អ៊ីនធឺណិត​គេហទំព័រ​ខ្មែរ [.KH] ដែល​ត្រូវការ​រយៈពេល​ ១០ ​ថ្ងៃ ខណៈ​ដែល​ទូរគមនាគមន៍​កម្ពុជា​ជា​អ្នកអនុវត្ត​ការងារ​នេះ​។

លោក មានិត ថ្លែងថា​៖ «​ការរៀបចំ KHNIC ជាប់ទាក់ទង​នឹង​នីតិវិធី​ចុះឈ្មោះ និង​ការគ្រប់គ្រង IP address​។ ក្រុមការងារ​នេះ​នឹង​បន្ត​សិក្សា​គំរូ NIC របស់​ប្រទេស​ថៃ វៀតណាម និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ ដើម្បី​ដំណើរការ​ចុះឈ្មោះ​បាន​លឿន និង​ឆាប់រហ័ស​ដោយ​ប្រើ​ប្រព័ន្ធ​ចុះបញ្ជី​តាម​អ៊ីនធឺណិត​»​។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ TRC ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្រុមការងារ​នេះ​នឹងសិក្សា​លម្អិត​សម្រាប់​ការបង្កើត​ KHNIC ​ក្នុងពេល​ខាងមុខ​។

លោក​បញ្ជាក់ថា​៖ «​នៅពេលនេះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​សម្រាប់​ការបង្កើត KHNIC ឲ្យ​ស្របគ្នា​នឹង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​។ យន្តការ​ប្រភេទ​នេះ យើង​ចង់​យក​គំរូ​តាម​បណ្ដា​ប្រទេស​ដែល​កំពុង​ធ្វើ​វា​ក្នុង​រៀបចំ​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អ៊ីនធឺណិត​នេះ​»​។

លោក​បន្ថែមថា​៖ «​យើង​ចង់​ជំរុញ​ឲ្យ​ប្រជាជន​ទាំងអស់​នៅ​កម្ពុជា ប្រើប្រាស់​ Domain ជាតិ​។ នៅពេល​នេះ​យើង​កំពុងស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​ក្នុង​ការរៀបចំ​បទប្បញ្ញត្តិ​ស្ដីពី​ការគ្រប់គ្រង​ដំណើរការ​ KHNIC ​នេះ​។ រហូត​មក​ដល់​ពេលនេះ យើង​មាន​ការចុះបញ្ជី​ Domain ​ក្នុង​ស្រុក​ប្រហែល​ ៣ ០០០ កំពុង​ត្រូវ​បាន​ប្រើប្រាស់​»​។

ទោះយ៉ាងណា​លោក​ឲ្យ​ដឹងថា មិនទាន់​មាន​ការកំណត់​ពេលវេលា និង​ការសម្រេចចិត្ត​ណាមួយ​ត្រូវ​បានសម្រេច​នោះទេ ខណៈ​ដែល​ការងារ​នៅតែ​ត្រូវការ​ពេលវេលា ដើម្បី​សិក្សា​លម្អិត​ជុំវិញ​ការបង្កើត KHNIC នេះ​។

របាយការណ៍​ពី TRC បង្ហាញ​ថា​ការប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​បាន​កើនឡើង​យ៉ាង​រហ័ស​ដោយ​មាន​គណនី​ ១៦,១២ ​លាន​ក្នុង​ឆ្នាំមុន​កើនឡើង​ ១៨,៤៧​ ភាគរយ​។ ចំនួន​គណនី​ហ្វេសប៊ុក​ដែល​ចុះបញ្ជី​ក៏​បាន​កើនឡើង​ ២៩ ​ភាគរយ​ដល់​ ៨,៨ ​លាន​កាលពី​ឆ្នាំមុន​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ ៦ កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា រួមមាន CellCard, Metfone, Smart Axiata, qb, Seatel និង CooTel៕ LA