ភ្នំពេញ: ស្រប​ពេលដែល​ការនាំចេញ​របស់​កម្ពុជា​ប្រមាណ ១,១៤ ពាន់​លាន​ដុល្លារ​ត្រូវ​បង់ពន្ធ​ក្នុង​ការនាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ស្នើឱ្យ​ក្រុមហ៊ុន​អឺរ៉ុប​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម​អាច​មក​ធ្វើការ​បើក​សាខា​នៅ​កម្ពុជា​ដើម្បី​បង្កើន​ខ្សែ​ចង្វាក់​ផលិតកម្ម ដោយសារ​តែ​អឺរ៉ុប​បាន​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​វៀតណាម​។

សហគមន៍​អឺរ៉ុប និង​ប្រទេស​វៀតណាម​បាន​ចាប់ផ្តើម​អនុវត្ត​នូវ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​តាំងពី​ថ្ងៃទី​ ១ ខែ​សីហា មក​ម្ល៉េះ​ដែល​រាល់​មុខ​ទំនិញ​ប្រមាណ​ជា​ ៩៩ ភាគរយ​ត្រូវ​រួច​ពន្ធ​។

ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃទី​ ១៤ ខែ​ តុលា ឆ្នាំ​ ២០២០ នៅ​ទីស្ដី​ក្រសួង​ជាមួយ​លោក Tassilo BRINZ-ER ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែល​ទើប​ទទួល​តំណែង​ថ្មី លោក​ អ៊ិត សំហេង បាន​លើកឡើង​ថា ជាមួយ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​សហគមន៍​អឺរ៉ុប ក្រុមហ៊ុន​អឺរ៉ុប​ទាំងឡាយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម ក៏​អាច​បើក​សាខា​ ឬ​ទីតាំង​ផលិតកម្ម​នៅ​ប្រទេស​កម្ពុជា​បាន​ផងដែរ​ដើម្បី​បង្កើន​ខ្សែចង្វាក់​ផលិតកម្ម​របស់ខ្លួន​។

លោក អ៊ិត សំហេង បាន​ថ្លែងថា​៖ «​ដោយ​សហគមន៍​អឺរ៉ុប​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស វៀតណាម ដូច្នេះ​ម្ចាស់​រោងចក្រ សហគ្រាស​អឺរ៉ុប​ដែល​នៅ​វៀតណាម​ក៏​អាច​មក​បើក​សាខា​នៅ​ប្រទេស​កម្ពុជា​បានដែរ ដើម្បី​បង្កើត​ឱកាស​ការងារ​ថ្មីៗ បង្កើន​ផលិតភាព​សម្រាប់​ការនាំ​ចេញទៅ​អឺរ៉ុប​»​។

លោក សំហេង ​ក៏បាន​បញ្ជាក់ថា ក្រសួង​បាន​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​នាពេល​កន្លងមក ទាំង​លើ​វិស័យ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិសេស​លើ​វិស័យ​វិនិយោគ​។ លោក​ថា ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩ សេដ្ឋកិច្ច​កម្ពុជា​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ពិសេស​លើ​វិស័យ​ការងារ ទេសចរណ៍ ការនាំចេញ​ផលិតផល និង​វិស័យ​នានា​មួយចំនួន​ទៀត ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ផងដែរ ដោយ​បាន​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ឡើងវិញ​។

លោក​បាន​ថ្លែងថា​៖ «​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ធ្វើ​យ៉ាងណា​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​ចូលរួម​ក្នុង​ការអនុវត្ត​គោលនយោបាយ​ជាតិ​នានា​របស់​កម្ពុជា​។

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​ដែលជា​ដៃគូ​របស់​ខ្លួន​ឱ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ហើយ​កម្ពុជា​នៅតែ​ស្វាគមន៍​ជានិច្ច​ចំពោះ​ការវិនិយោគ​របស់​សមាជិក​សភា ពាណិជ្ជកម្ម​អឺរ៉ុប​។ លោក Tassilo BRINZER បាន​បញ្ជាក់ថា លោក​នឹង​ប្រកាស​កៀរគរ​អ្នក វិនិយោគ​ដែលជា​សមាជិក​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ទាំងឡាយ ពិសេស​នៅ​ប្រទេសជិតខាង​មាន​ប្រទេស​ថៃ វៀតណាម​ជាដើម​ឱ្យ​ចាប់អារម្មណ៍​ងាក​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​។

លោក Tassilo បាន​ថ្លែងថា​៖ «​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅតែ​បន្ត​គាំទ្រ និង​សហការ​ជាមួយ​ក្រសួង​ការងារ និង​ផ្តល់ជំនួយ​បច្ចេកទេស​នានា​ពាក់ព័ន្ធ​នឹង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយសារ​តែ​សភាពាណិជ្ជកម្ម​អឺរ៉ុប​មាន​ដៃគូ​ជាច្រើន​ដែល​អាចជួយ​បាន​។​»

លោក​យល់ឃើញ​ថា ជាមួយ​នឹង​គោលនយោបាយ​បើកចំហ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់ចេញ​កន្លងមក​នឹង​ទាក់ទាញ​ក្រុមហ៊ុន និង​វិនិយោគិន​អឺរ៉ុប​អាចមក​ផលិត​នូវ​ផលិតផល​នានា​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​។ លោក​ថា ជាមួយ​កិច្ចសហប្រតិបតិ្តការ​ជាមួយ​ក្រសួង​ការងារ​លោក​នឹង​ខិតខំ​បណ្តុះបណ្តាល​ជំនាញ​បន្ថែមទៀត ដល់​កម្ពុជា​ដែល​តែងតែ​ពឹង​ផ្អែកលើ​វិស័យ​កាត់ដេរ​ឆ្ពោះ​ទៅ​ចាប់​វិស័យ​ផ្សេងទៀត​ដូចជា​ផ្នែក​អេឡិចត្រូនិក​។

កាលពី​ថ្ងៃទី​ ១២ ខែ​សីហា​ កន្លងមក គណ:កម្មការ​អឺរ៉ុប​បាន​ប្រកាស​ជា​ផ្លូវ​ការដក​ពន្ធ​អនុគ្រោះ​ ២០ ​ភាគរយ​ពី​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា​ដែល​ការសម្រេច​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​ប្រមាណ​ ១ ​ភាគ​ ៥ ឬ​ជា​ទឹកប្រាក់​ជាង ១,១៤ ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បង់ពន្ធ​លើ​ការនាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​៕