ភ្នំពេញៈ កម្ពុជា​កំពុង​ចរចា​ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ជាមួយ​សហភាព ​អឺរ៉ុប-អាស៊ី​ (EAEU​) ​​ជា​ប្លុក​សេដ្ឋកិច្ច​សេរី​មួយ​​​មាន​ប្រទេស​ ៥ ​ដែល​សុទ្ធ​តែ​​ជា​អតីត​ សហភាព​សូវៀត ​ដោយ​រំពឹង​ថា ​ទីផ្សារ​ថ្មី​នេះ​​នឹង​រួម​ចំណែក​រក្សា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ EAEU រួម​មាន​ប្រទេស ​៥ ​ដូច​ជា ​អាមេនី​ បេឡារុស​ កាហ្សាក់​ស្ថាន​ និង​កៀហ្ស៊ីស៊ីស្ថាន ​គឺ​ជា​ទីផ្សារ​ថ្មី​មួយ​មាន​ប្រជាជន ​១៨៣ ​លាន​នាក់​ ដោយ​មាន​ផលិតផល​ក្នុង​ស្រុក (GDP)​ រួម​ចំនួន ​២,២ ​ពាន់​ពាន់​លាន​ដុល្លារ​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សិក្ខាសាលា​មួយ ​ស្តីពី​ការ​ផ្សព្វផ្សាយ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី EAEU ​ដល់​ប្រទេស ​កម្ពុជា​កាល​ពី​ម្សិលមិញ​ ​លោក​ស្រី ​តឹក​រ៉េត ​កម្រង ​បាន​ឲ្យ​ដឹង​ថា ​EAEU ​បាន​ផ្ដល់​ការ​រួច​ពន្ធ​នាំចូល​សម្រាប់​ផលិតផល ​៤៦ ​ប្រភេទ​ ដែល​ផលិត​នៅ​​ក្នុង​​ប្រទេស ​កម្ពុជា​ ចាប់​តាំង​ពី ​៣ ឆ្នាំ​កន្លង​មក​ហើយ ក្នុង​នាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ​(LDC)​។​ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ នឹង​មាន​រយៈពេល​រហូត​ដល់​ប្រទេស​ កម្ពុជា ​ចេញ​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ​លោក​ស្រី ​កម្រង​ បាន​ឲ្យ​ដឹង​ថា ​ការ​ចរចា​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​ប្លុក​នេះ​គឺ​ជា​គំនិត​ផ្តួច​ផ្ដើម​ដ៏​ល្អ។​​ ​

លោក​ស្រី​ថ្លែង​ថា​៖ «​នៅ​ពេល​អាច​បើក​ចំហ​ទីផ្សារ​ថ្មី​ និង​ពង្រីក​វា​ យើង​អាច​នាំចេញ​ផលិតផល​កាន់​តែ​ច្រើន​ទៅ​បរទេស​»។

លោក​ស្រី​បន្ត​ថា៖ «​គ្រប់​ទីផ្សារ​ថ្មីៗ ​គឺ​តែង​​តែ​មាន​សក្ដានុពល ​និង​ទទួល​បាន​​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​ប្រកប​ដោយ​ជោគជ័យ​ វា​ត្រូវ​ការ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ពី​ភាគី​ពាក់ព័ន្ធ​​ទាំង​អស់​រួមមាន​​ស្ថាប័ន​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន»​។​

ការ​អនុគ្រោះ​ពន្ធ​នាំចូល​របស់​ EAEU ​ដែល​បាន​ផ្ដល់​ដល់​ទំនិញ​កម្ពុជា ​រួម​មាន​អង្ករ ​សូត្រ ​វាយនភណ្ឌ សាច់ បន្លែ ​កាហ្វេ ​និង​ទំនិញ​ជា​ច្រើន​ផ្សេង​ទៀត​។​

នៅ​ក្នុង​ប្លុក​អាស៊ាន ​មាន​តែ​វៀតណាម​ប៉ុណ្ណោះ​ ដែល​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ជាមួយ​ EAEU ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៦ ​ខណៈ​ប្រទេស ​សិង្ហបុរី ​កំពុង​បន្ត​ការ​ចរចា​។

បើ​យោង​តាម​របាយការណ៍​បាន​ពី​សារ​ព័ត៌មាន​វៀតណាម ​បន្ទាប់​ពី​ FTA​ ត្រូវ​សម្រេច​បាន​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​​ EAEU បាន​កើន​ឡើង ​៣២ ​ភាគរយ​កាល​ពី​ឆ្នាំ ​២០១៧ ​ធៀប​នឹង​ឆ្នាំ ​២០១៦​។​

ពាណិជ្ជកម្ម​ទ្វេភាគី​កាល​ពី​ឆ្នាំ ​២០១៧ ​មាន​ចំនួន ​៣,​៩​ ពាន់​លាន​ដុល្លារ។​ ប្រទេស ​រុស្ស៊ី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​នៅ​ក្នុង​ប្លុក​នេះ ​ដែល​មាន​ចំនួន​ជិត​ ៩០ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​ជា​មួយ​វៀតណាម​។​

ខណៈ​មាន​ការ​ទទួល​ស្គាល់​ថា ​ការ​នាំចេញ​របស់​ប្រទេស ​កម្ពុជា ​ទៅ ​EAEU ​នៅ​មាន​កម្រិត​តូច ​អនុ​ប្រធាន​សភា​​ពាណិជ្ជកម្ម​កម្ពុជា (CCC) លោក​ លឹម ​ហេង ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា វាល្អ​សម្រាប់​ប្រទេស ​កម្ពុជា​ ក្នុង​ការ​រក្សា​ទីផ្សារ​ដែល​មាន​ស្រាប់​របស់​ខ្លួន​ ជា​មួយ​នឹង​សិទ្ធិ​ទទួល​បាន​ការ​អនុគ្រោះ​​ផ្នែក​ពាណិជ្ជកម្ម​ និង​ស្រប​គ្នា​នឹង​ការ​ចរចា​សម្រាប់​ការ​បើក​ចំហ​ទីផ្សារ​ថ្មី។​

លោក​បន្ថែម​ថា​ គំនិត​ផ្ដួចផ្ដើម​សម្រាប់​ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ជា​មួយ​ EAEU ​ជា​វិធានការ​ដ៏​ល្អ​មួយ​។​ ​លោក​ថ្លែង​ថា​៖ «​ផលិតផល​កសិកម្ម​របស់​ប្រទេស ​កម្ពុជា​ ត្រូវ​ការ​យ៉ាង​ខ្លាំង​សម្រាប់​ទីផ្សារ​ថ្មីៗ។ តាម​ពាក្យ​​នៃ​ការ​​ធ្វើ​សកល​ភាវូបនីយកម្ម​ វា​ល្អ​ក្នុង​ការ​រក្សា​ទីផ្សារ​ដែល​មាន​ស្រាប់ ​ស្រប​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ទទួល​បាន​​ទីផ្សារ​ថ្មីៗ​»៕LA​