ភ្នំពេញ: រដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​ក្នុង​ការកំណត់​ប្រភេទ​នៃ​ផលិតផល​សក្ដានុពល និង​អាទិភាព​ដើម្បី​បង្កើន​ការនាំចេញ​ក្នុង​ការចាប់យក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ចុះហត្ថលេខា​នៅពេល​ថ្មីៗ ជាមួយ​ចិន និង​ជា​ប្រទេសមួយ​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

លោក ស៊ាង ថៃ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៤ ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ​របស់​ក្រសួង​កាលពី​ថ្ងៃ​សុក្រ​មុន​ស្ដីពី​ការលើកកម្ពស់​ការផលិត និង​ជំរុញ​ការនាំចេញ​នៅក្នុង​តំបន់ និង​ទ្វេភាគី​នៅ​ទីស្តីការក្រសួង​បាន​ថ្លែងថា បន្ទាប់ពី​មាន​កិច្ចប្រជុំ​ ៣ ​លើក​រួច​មក​ហើយ ក្រសួង​បាន​បង្កើត​ក្រុមការងារ​មួយចំនួន​មានដូចជា លេខាធិការដ្ឋាន ស្រាវជ្រាវ និង​ការអភិវឌ្ឍ និង​ផលិតផល​អាទិភាព ព្រមទាំង​រៀបចំ​របាយការណ៍ ដើម្បី​បង្កើនល្បឿន​ការងារ​នេះ​។

លោក​ថ្លែង​បន្តថា​៖ «​គោលបំណង​នៃ​កិច្ចប្រជុំ​លើក​ទី​៤ ​នេះ​គឺ​ដើម្បី​ត្រួតពិនិត្យ និង​បញ្ចប់​ការធ្វើ​បញ្ជី​ផលិតផល និង​ផលិតផល​មាន​សក្ដានុពល​របស់​កម្ពុជា ដើម្បី​រៀបចំ​ផែនការ​បង្កើន​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ស្ថិតក្រោម​ក្របខ័ណ្ឌ​ក្នុង​តំបន់ និង​ទ្វេភាគី ជាពិសេស​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុង​ស្រុក និង​បង្កើន​ការនាំចេញ​»​។

ថ្លែង​មកកាន់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ចន្ទ​លោក ស៊ាង ថៃ ថា ក្រសួង​កំពុង​សិក្សា និង​ត្រូវ​ស្រាវជ្រាវ​បន្ត​សិន (​ត្រូវការ​ពេលវេលា​ថែមទៀត​) ទើប​កំណត់​បាន​នូវ​មុខទំនិញ​ទាំងនោះ​។ លោក​ថា​៖ «​គោលដៅ​នាំចេញ​របស់​យើង គឺ​សម្រាប់​ទីផ្សារ​ដែល​កម្ពុជា​មាន​ទាំងអស់ ហើយ​អាច​ចង្អុលបង្ហាញ​ទីផ្សារ​ជាក់ស្ដែង​មួយចំនួន​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹងថា គំនិត​ផ្តួចផ្ដើម​នេះ​គឺជា​ការឆ្លើយតប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន ដែល​ពិភពលោក​កំពុង​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​ការបង្កើន​ផលិតផល​កសិកម្ម ដែល​កំពុង​ស្ថិតនៅក្នុង​របៀបវារៈ​ដ៏សំខាន់ អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នាពេល​បច្ចុប្បន្ន​។

លោក​ថា​៖ «​ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ផលិតផល​កសិកម្ម​កំពុងមាន​ការចាប់​អារម្មណ៍​លើ​ពិភពលោក​។ ដោយសារ​តែ​យើង​ជា​ប្រទេស​មាន​មូលដ្ឋាន​លើ​កសិកម្ម ដូច្នេះ​នេះ​គឺជា​រឿង​ដ៏ល្អ​ដែល​រដ្ឋាភិបាល​កំណត់​ផលិតផល​អាទិភាព ដើម្បី​ជំរុញ​ការផលិត និង​ការនាំចេញ​»​។ «​នៅពេល​យើង​កំណត់​ផលិតផល​អាទិភាព​រួចហើយ យើង​នឹង​មាន​ផែនទី​ចង្អុល​ផ្លូវ និង​គោលនយោបាយ ពិតប្រាកដ ដូច្នេះ​យើង​មិន​គ្រាន់តែ​បង្កើន​ការផលិត​សម្រាប់​ការនាំចេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​នៅក្នុង​ការកែច្នៃ​អាហារ ខណៈ​ដែល​នៅពេលនេះ យើង​នាំចេញ​វត្ថុ​ធាតុដើម​សំខាន់ៗ​»​។

ក្រសួង​កសិកម្ម​បង្ហាញថា កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ជាង​ ៣ ​លាន​តោន​ ទៅ​ទីផ្សារ​អន្តរជាតិ គិត​ត្រឹម​ពាក់កណ្ដាល​ខែកញ្ញា​។ ទិន្នន័យ​នេះ​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​ ១១ ​ខែ​កញ្ញា កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សម្រេច​ជាច្រើន ដែល​រួមមាន​អង្ករ ដំឡូងមី ម្រេច កៅស៊ូ ផ្លែស្វាយ​ស្រស់ សា្វយចន្ទី ចេក ពោត សណ្ដែកសៀង បន្លែ និង​ថ្នាំជក់​។

ផលិតផល​កសិកម្ម​ទាំងនោះ​ត្រូវបាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា ស្រីលង្កា អូស្ត្រាលី ប៉ាគីស្ថាន រុស្ស៊ី បារាំង បែលហ្ស៊ិក អ៊ីតាលី សាធារណរដ្ឋ​ឆែក ក្រូអាស៊ី ស្វ៊ីស ហូឡង់ អាល្លឺម៉ង់ អាមេរិក ចក្រភព​អង់គ្លេស បេឡារុស នូវែលសេឡង់ ស៊ុយអែត និង​ហុងគ្រី​៕ LA