ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ផ្លែស្វាយ​ស្រស់​កម្ពុជា​ប្រមាណ ១០០ តោន​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ដោយ​ផ្ទាល់​ជា​លើកដំបូង។

ការថ្លែង​របស់​លោក​រដ្ឋមន្ត្រី​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​សម្ពោធ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ៧ ឧសភា នៅ​ទីក្រុង​ភ្នំពេញ។

លោក​ថ្លែង​ទៀតថា៖ «ដោយសារ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ១៩​គឺ​យើង​អនុញ្ញាត​ក្រុមហ៊ុន​នីមួយៗ​បាន​រៀបចំ ផ្លែស្វាយ​ស្រស់​ចំនួន ១ កុងតឺន័រ​ដែលមាន​បរិមាណ ២០ តោន​ក្នុង ១ កុងតឺន័រ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន យើង​ជឿថា​បន្ទាប់​ពីនេះ​ទៅ​ក្រុមហ៊ុន​នីមួយៗ​នឹង​បង្កើន​ការនាំចេញ​របស់ខ្លួន​បន្ថែម​ទៀត»។

ការនាំចេញ​ផ្លូវការ​នេះ បន្ទាប់ពី​រដ្ឋបាល​គយ​ចិន​កាលពី​ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំនេះ​បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន ៣៧ និង​រោងចក្រ​វេចខ្ចប់​ចំនួន ៥ អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន។

លោក អ៊ុ សាវឿន ប្រធាន​សមាគម​កសិកម្ម​ស្វាយកែវ​រមៀត​គិរីរម្យ​ដែលមាន​សមាជិក​ដាំ​ស្វាយ​ជាង ២ ០០០ ហិកតា​នៅ​ខេត្តកំពង់ស្ពឺ បាន​ស្វាគមន៍​ចំពោះ​កម្ពុជា​បាន​សម្ពោធ​ការនាំចេញ​ស្វាយ​ស្រស់​ជា​លើកដំបូង​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។

លោក សាវឿន ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «យើង​សប្បាយរីករាយ​ណាស់​ដែល​ស្វាយ​កម្ពុជា​អាចមាន​ទីផ្សារ​នៅ​ចិន។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​បើក​ទីផ្សារ​ឲ្យ​ស្វាយកែវ​រមៀត​ទៅ​ប្រទេស​ចិន»។

លោក សាវឿន បានឱ្យ​ដឹងថា សមាជិក​របស់លោក​ចំនួន ៧ ចម្ការ​ស្មើនឹង ១ ០០០ ហិកតា ត្រូវ​បាន​រដ្ឋបាល​គយ​ចិន​អនុម័ត​ឲ្យ​នាំចេញ​ដោយផ្ទាល់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ប៉ុន្តែ​មិនទាន់​បាន​នាំចេញ​នៅ​ថ្ងៃទី ៧ ឧសភា​នេះ​ទេ។

លោក​និយាយថា៖ «យើង​ពុំទាន់​បាន​នាំចេញ​លើកដំបូង​នេះ​ទេ ព្រោះ​យើង​អត់​បាន​ណាត់​ជាមួយ​អ្នកទិញ​ជាមុន ហើយ​យើង​ក៏​ជាប់​ម៉ៅ​ចម្ការ​ឲ្យ​គេ​រួចទៅហើយ ប្រហែល​ឆ្នាំក្រោយ​ទើប​យើង​អាច​ចាប់ផ្តើមបាន»។

កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ១៤២ ៥៥៦ តោន​ក្នុង​រយៈពេល ៤ ខែ​ដំបូង​ឆ្នាំ ២០២១ កើនឡើង ២៣៩,១៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។

គិត​ត្រឹម​ឆ្នាំ ២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ​ប្រមាណ ១៣ ម៉ឺន​ហិកតា ក្នុងនោះ ផ្ទៃដី​ប្រមូល​ចំនួន ៩១ ១០៤ ហិកតា ដែល​អាច​ផ្តល់​ផល​ជា​មធ្យម​ប្រមាណ​ជាង ១,៣៨ លាន​តោន​ក្នុង ១ រដូវ៕