ភ្នំពេញៈ ប្រទេស​កម្ពុជា ​កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​ ដើម្បី​ជា​ការបើក​ទីផ្សារ​ថ្មី​មួយ​ទៀត​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ក្នុង​តំបន់ បន្ទាប់ពី​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែ​សីហា​ខាងមុខ​។

ការលើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ និង​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ​នឹង​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ប្រទេស​ឥណ្ឌា​ ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ភ្នំពេញ​។

លោក ប៉ាន សូរស័ក្តិ បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិភាក្សា​ជាមួយ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា ឥណ្ឌា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២»​។

លោក​បន្តថា ក្នុងជំនួប​នេះ​លោកស្រី Manika Jain បាន​ឯកភាព​លើ​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​តាមរយៈ​ការបង្កើត​ក្រុម​ការងារ​រួម​ពាណិជ្ជកម្ម និង​ការវិនិយោគ​កម្ពុជា ឥណ្ឌា ដើម្បី​សម្រួល​ដល់​កិច្ចការ​វិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​យើង​ក៏បាន​ពិភាក្សាគ្នា​ពី​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ ​ដែល​កំពុង​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ក្រសួង​នឹង​ជួបពិភាក្សា​ជាមួយ​ភាគី​ឥណ្ឌា ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​នេះ​។

លោក​ថ្លែងថា​៖ «​ការសិក្សា​ពី​លទ្ធភាព​នេះ​ខាង​កម្ពុជា​យើង​បាន​បង្កើត​ក្រុមការងារ​ចរចា​រួចហើយ ដោយ​ពួកគាត់​នឹង​ធ្វើការ​ពិភាក្សា​ជាមួយ​ឥណ្ឌា​ពី​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ថា តើ​វា​នឹង​ផ្តល់​ផលចំណេញ ឬ​ក៏​ខាត​អ្វីខ្លះ បន្ទាប់មក​រាយការណ៍​ជូន​រដ្ឋមន្ត្រី​។ ប្រសិន​បើ​យើង​មើលឃើញ​ពី​ផលប្រយោជន៍ ភាគី​ទាំង​ ២ នឹង​ចាប់ផ្តើម​ចរចា តែ​យើង​មិនទាន់​អាច​ដឹង​ថា​ធ្វើ​នៅពេល​ណា​នោះទេ​»​។

លោក​បន្តថា ប្រទេស​កម្ពុជា ​ចង់​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា ព្រោះ​ទីផ្សារ​ប្រទេស​នេះ​ធំ​ដែល​វា​នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បើ​កម្ពុជា​អាច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ឥណ្ឌា កម្ពុជា​នឹង​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​កាន់តែ​ច្រើន​ថែមទៀត​។ លោក​បន្ថែមថា​៖ «​បើ​យើង​មាន​កិច្ចព្រមព្រៀង​នេះ​ក្រុមហ៊ុន​សហគ្រាស​របស់​ឥណ្ឌា​នឹង​សម្លឹង​មក​កាន់​កម្ពុជា ដើម្បី​បង្កើត​រោងចក្រ​ផលិត​កែច្នៃ​នាំចេញ​ទៅ​ឥណ្ឌា និង​នាំ​ចេញ​ទៅ​ទិស​ផ្សេង​ទៀត​ផងដែរ​»​។

យោងតាម​ទិន្នន័យ​ពី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ​ជាមួយ​នឹង​ឥណ្ឌា​សម្រេច​បាន ២៤៩,៩២ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩ កើន​ ១០,២៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​តម្លៃ ២២៦,៦៩ ​លាន​ដុល្លារ​។

ទិន្នន័យ​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា ​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ឥណ្ឌា​មាន​ចំនួន ៨២,០៩ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង ៦៩,៤៣ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​កម្ពុជា​នាំចូល​ទំនិញ​មកវិញ​មាន​តម្លៃ ១៦៧,៨៣ ​លាន​ដុល្លារ​ធ្លាក់​ចុះ ៥,៨៤ ​ភាគរយ​។

ការវិនិយោគ​របស់​ឥណ្ឌា​មាន​តម្លៃ ១៩,៨ លាន​ដុល្លារ​ដែល​ស្ថិត​នៅក្នុង​លំដាប់​កំពូល​ទាំង​ ១០ ​នៃ​វិនិយោគិន​បរទេស​នៅ​កម្ពុជា​។ ការវិនិយោគ​ចម្បង​ពី​ឥណ្ឌា​គឺ​ក្នុង​វិស័យ​គ្រឿងយន្ត​កសិកម្ម ថាមពល សំណង់ និង​រ៉ែ​។

បើ​តាម​លោក ស៊ាង ថៃ ប្រទេស​កម្ពុជា​ បាន​ចាប់ផ្តើម​ការចរចា​ជា​លើកដំបូង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ នៅ​មុន​ថ្ងៃទី​ ១២ ខែ​សីហា ដើម្បី​ធ្វើជា​សាក្សី​លើ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ចិន​៕LA