ភ្នំពេញ: ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ជាមួយ​គណៈកម្មាធិការ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទីក្រុង​ស៊ាងហៃ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

ការចុះ MoU រវាង​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាមួយ​លោក ZHANG QUAN អគ្គនាយក​គ្រប់គ្រង​គណៈកម្មាធិការ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទីក្រុង​ស៊ាងហៃ​ដែល​ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ២៩ ខែ​តុលា​ ​កន្លងមក​។

លោក ប្រសិទ្ធ បាន​ឱ្យ​ដឹងថា MoU នេះ​នឹង​បង្កើន​នូវ​ឱកាស​សហការ​រួមគ្នា​ក្នុង​ការអនុវត្ត​គម្រោង​ពាក់ព័ន្ធ​នឹង​កិច្ចការ​អាទិភាព​មួយចំនួន​មានដូចជា ការបណ្តុះបណ្តាល​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កសិកម្ម និង​ការកែច្នៃ​កសិផល អនាម័យ សុខភាព បរិស្ថាន ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​។

លោក​ថ្លែងថា​៖ «​យើង​សូម​ស្វាគមន៍​ការចុះ​អនុស្សរណៈ​យោគយល់​នៅលើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​រវាង​កម្ពុជា និង​ចិន​ដែល​វា​នឹង​ជួយ​ដល់​ការជំរុញ​អភិវឌ្ឍន៍​លើ​កិច្ចការ​ស្រាវជ្រាវ​រួមគ្នា​ថ្មីៗ​រវាង​អ្នកស្រាវជ្រាវ​កម្ពុជា និង​ចិន​ព្រមទាំង​ការផ្លាស់ប្តូរ​បទពិសោធ ការផ្លាស់ប្តូរ​បច្ចេកទេស និង​បច្ចេកវិទ្យា របកគំហើញ​ថ្មីៗ និង​ការសហការ​អនុវត្ត​គម្រោង​ថ្មី​ផង​ដែរ​»​។

លោក​រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ទៀតថា ក្រសួង​នឹង​បន្ត​អនុវត្ត​យ៉ាង​យកចិត្ត​ទុកដាក់​ជា​អាទិភាព​លើ​ការជំរុញ​អភិវឌ្ឍន៍​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ឧស្សាហកម្ម សហគ្រិនភាព និង​ការអភិវឌ្ឍ​បៃតង​។

លោក​បញ្ជាក់ថា​៖ «​អនុស្សរណៈ​យោគយល់​នេះ​ក៏បាន​បង្ហាញ​នូវ​សមិទ្ធផល​ថ្មី​មួយ​របស់​កម្ពុជា​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់​ខាងក្នុង និង​ការស្វាគមន៍​នូវ​កិច្ចសហប្រតិបត្តិការ​ខាងក្រៅ​របស់​កម្ពុជា​»​។

តាមរយៈ​ការចុះ MoU នេះ ភាគី​ទាំង​ ២ ក៏​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​ក្នុង​ការបង្កើត​សាខា​ធនាគារ​បច្ចេកវិទ្យា​បៃតង​នៅ​កម្ពុជា​ផង​ដែរ​។

ការបង្កើត​ធនាគារ​បច្ចេកវិទ្យា​បៃតង​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​កៀរគរ ចាត់ចែង និង​សម្របសម្រួល​ទៅដល់​ការប្រើប្រាស់​មូលនិធិ ឬ​ឥណទាន​បៃតង​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​វិនិយោគ​បៃតង​ខ្នាត​ធំ​មាន​ដូចជា​ការវិនិយោគ​លើ​គម្រោង​វារីអគ្គីសនី ថាមពល​ព្រះអាទិត្យ គម្រោង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ផលប៉ះពាល់​បរិស្ថាន​៕ LA