ភ្នំពេញៈ កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយភាគីចិនលើការបណ្តុះបណ្តលធនធានមនុស្ស ដើម្បីត្រៀមឆ្លើយតបនឹងកំណើនភ្ញៀវទេសចរបរទេស ពិសេសជនជាតិចិនដែលកំពុងមានចំនួនកើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានឲ្យដឹងតាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចុះហត្ថលេខាលើ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាមួយសាកលវិទ្យាល័យ Henan Normal សាលាបច្ចេកទេសជាន់ខ្ពស់ Guangxi Second Light Industry និងក្រុមហ៊ុន Guangxi Hansi Education Investment។
ការចុះហត្ថលេខានេះបានធ្វើឡើងក្នុងឱកាសពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី ១៦ នៅទីក្រុងណានីង ប្រទេស ចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២១ ខែ កញ្ញា។
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក ជុក ជំនោរ កាលពីម្សិលមិញបានប្រាប់ថា ខណៈសមត្ថភាពធនធានមនុស្សនៅកម្ពុជាមានកម្រិតនោះ ដូច្នេះ MoU នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅកម្ពុជា។ លោកបានបន្តថា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍តែងជំរុញឲ្យមានការអភិវឌ្ឍធនធានមនុស្សជាប្រចាំ។
លោកបានថ្លែងថា៖ «បន្ទាប់ពីចុះ MoU រួចក្រសួងនឹងបង្កើតគណៈកម្មការមួយសម្រាប់ធ្វើការជាមួយភាគីចិន ដើម្បីសិក្សាលម្អិតពីនីតិវិធីក្នុងការចាប់ផ្តើមមុននឹងបើកវគ្គ ឬសាលាបណ្តុះបណ្តាល»។
លោក ជុក ជំនោរ រំពឹងថាការចាប់ផ្តើមអនុវត្ត MoU នេះនឹងអនុវត្តក្នុងពេលឆាប់ៗនេះ។
អនុស្សរណៈនេះមានគោលបំណងធ្វើការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ចូលរួមជំរុញការអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងជំរុញបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា។
លោក ថោង ខុន បានថ្លែងថា៖ «វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចមួយដែលត្រូវការជំនាញច្បាស់លាស់ ទើបអាចអភិវឌ្ឍបានប្រកបដោយគុណភាព និងនិរន្តរភាព»។
បើតាមលោករដ្ឋមន្ត្រីកម្ពុជាមានផែនការបំពាក់បំប៉ន និងបណ្តុះបណ្តាលផ្តល់ជំនាញវិជ្ជាជីវៈដល់អ្នកបម្រើការនៅក្នុងវិស័យទេសចរណ៍ឲ្យបានប្រមាណ ៥០ ភាគរយ នៅឆ្នាំ ២០២០ និង ១០០ ភាគរយ នៅឆ្នាំ ២០២៥។
តាមការព្យាករក្នុងឆ្នាំ ២០២៥ កម្ពុជាត្រូវការបំពាក់បំប៉ន និងជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកបម្រើការក្នុងវិស័យនេះប្រមាណ ១,២ លាននាក់ ដើម្បីឆ្លើយតបនឹងចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១១ លាននាក់៕