ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានចំណាយជាង ១១ ៣៧៦ លានដុល្លារចាប់ពីឆ្នាំ ១៩៩៣ ដល់ដំណាច់ឆមាសទី ១ ឆ្នាំ ២០២០ ដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាធារណៈនៅក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលសំដៅរួមចំណែកទ្រទ្រង់ជីវភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតកម្ម។
របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីដើមសប្ដាហ៍មុននៅក្នុងឆមាសទី ១ ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៤៧៩,០៥ លានដុល្លារអាមេរិក (ស្មើនឹង ៣៤៦,៤៥ លានSDR) ស្មើនឹងប្រមាណ ២៥ ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៤០០ លាន SDR) ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានចំនួនប្រមាណ ៩៣ ភាគរយត្រូវនឹង ៤៤៣,៦៥ លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគីមានចំនួនប្រមាណ ៧ ភាគរយត្រូវនឹង ៣៥,៤០ លានដុល្លារអាមេរិក។
គោលដៅនៃការខ្ចីឥណទានសម្បទានទាំងនេះគឺសុទ្ធតែសម្រាប់ហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្របដណ្ដប់ប្រមាណ ៩៣ ភាគរយ និងវិស័យអាទិភាពចំពោះផ្សេងៗទៀត ប្រមាណ ៧ ភាគរយ។ ជារួមឥណទានទាំងនេះសុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យម ៥៦ ភាគរយ។
វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមាន ផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធធារាសាស្ដ្រ អគ្គិសនី ការផ្គត់ផ្គង់ទឹក និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត។ល។
លោក មាស សុខសេនសាន អ្នកនាំពាក្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា ប្រាក់ទាំងអស់នេះត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសក្នុងគោលបំណងកែលម្អជីវភាពរស់នៅរបស់ប្រជាជន សកម្មភាពសេដ្ឋកិច្ច និងការដឹកជញ្ជូន។
លោកថ្លែងថា៖ «នៅពេលនេះយើងមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងរយៈពេលជាច្រើនឆ្នាំ ដែលផ្ដល់លទ្ធភាពដល់យើងក្នុងការសន្សំប្រាក់ ហើយយើងកាត់បន្ថយចំនួនកម្ចីជាងមុន។ នេះមានន័យថា វាអាចផ្ដល់ដល់យើងនូវលទ្ធភាពកាន់តែច្រើនក្នុងការបង្កើនគុណភាពហេដ្ឋារចនាសម្ព័ន្ធ ដែលខុសគ្នាពីអ្វីដែលយើងមានពីមុន ដែលយើងគ្រាន់តែផ្ដោតការយកចិត្តទុកដាក់លើបរិមាណ ប៉ុន្តែនៅពេលនេះគេនិយាយអំពីគុណភាពរបស់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជានៅតែជាប្រទេសដែលមានសមត្ថភាព នៅក្នុងក្រសែភ្នែករបស់បណ្ដាប្រទេសជាដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិក្នុងការគ្រប់គ្រងបំណុល ហើយបំណុលរបស់ប្រទេសនេះនៅតែមានកម្រិតទាបបើធៀបនឹងផលិតផលសរុបក្នុងស្រុក (GDP)។ លោកបានឲ្យដឹងថា បំណុលរបស់រដ្ឋាភិបាលជាង ៩០ ភាគរយកំពុងប្រើប្រាស់សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
លោកលើកឡើងថា៖ «ខ្ញុំបានសង្កេតឃើញក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះថា គុណភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺកាន់តែមានគុណភាព ដោយសារតែភាគច្រើនគឺត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកជំនាញរបស់ម្ចាស់ជំនួយ ឬដៃគូអភិវឌ្ឍន៍។ ខ្ញុំហ៊ាននិយាយថា យើងទទួលបានប្រសិទ្ធភាពច្រើនណាស់ក្នុងការប្រើប្រាស់កម្ចី ហើយនេះពិតជាជួយក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ»។
របាយការណ៍របស់ក្រសួងបានឲ្យដឹងថា បើគិតចាប់ពីឆ្នាំ ១៩៩៣ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្ដែងសរុបចំនួន ៨,៤៩ ពាន់លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៦៥ ភាគរយនៃទំហំឥណទានសម្បទានសរុប ក្នុងនោះប្រមាណ ៨៦ ភាគរយត្រូវបានប្រើប្រាស់ ដើម្បីហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រមាណ ១៤ ភាគរយទៀតក្នុងវិស័យផ្សេងទៀត។
បើគិតចាប់ពីឆ្នាំ ១៩៩៣ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងផ្ដល់ឥណទាន និងកិច្ចព្រមព្រៀងមិនមែនឥណទានជាមួយឥណទាយិកសរុប ២,៩៧ ពាន់លានដុល្លារក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្របដណ្ដប់ប្រមាណ ៩៩ ភាគរយ និង វិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១ ភាគរយ។
នៅឆមាសទី ១ ឆ្នាំ ២០២០ ឥណទាយិកបានដកសាច់ប្រាក់យកទៅប្រើប្រាស់ជាក់ស្ដែងសរុបចំនួន ២២៣,៧៧ លានដុល្លារ។ បើគិតចាប់ពីឆ្នាំ ១៩៩៣ រហូតមកដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ ឥណទាយិកបានដកសាច់ប្រាក់ទៅប្រើប្រាស់ជាក់ស្ដែងសរុបចំនួន ១,៩៥ ពាន់លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៦៦ ភាគរយនៃការផ្ដល់ឥណទាន ដែលបានចុះកិច្ចព្រមព្រៀងខាងលើក្នុងនោះ ៩៩ ភាគរយត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ១ ភាគរយទៀតក្នុងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។
បើយោងតាមការស្ទង់មតិរួម ១ ដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ ២០១១ របស់រដ្ឋាភិបាលជប៉ុន និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា កម្ពុជាត្រូវការជាង ១៣ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍ និងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រឹមឆ្នាំ ២០២០ ប្រសិនបើប្រទេសនេះមានបំណងបន្តទាក់ទាញការវិនិយោគបរទេស៕ LA