The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ចំណាយ​ជាង ​$៤០០ លាន​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​

កម្ពុជា​ចំណាយ​ជាង ​$៤០០ លាន​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​

Content image - Phnom Penh Post
អតិថិជន​កំពុង​មើល​ទូរស័ព្ទ​ ដែលដាក់លក់នៅហាងលក់​ទូរស័ព្ទនៅភ្នំពេញកន្លងមក​​។ ហុង មិនា

កម្ពុជា​ចំណាយ​ជាង ​$៤០០ លាន​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​

ភ្នំពេញៈ​ ប្រជាជន​កម្ពុជា​បាន​ចំណាយ​ប្រាក់​យ៉ាង​ហោច​ណាស់​ ៤១៣ ​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ ​២០១៨ ​ទៅ​លើ​អេឡិចត្រូនិក​ ដែល​ជា​កំណើន​ដ៏​​ខ្លាំង​មួយ​ធៀប​នឹង​ឆ្នាំ ​២០១៧​​។ ​នេះ​​បើ​យោង​តាម​ទិន្នន័យ​ពី​​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​លក់​ឧបករណ៍​ប្រើប្រាស់​ក្នុង​លំនៅឋាន​ GfK​។ របាយការណ៍​បង្ហាញ​ថា ​ប្រជាជន​កម្ពុជា​បាន​ចំណាយ​លើ​ការ​​ទិញ​ទូរស័ព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​សំខាន់ៗ​ក្នុង​លំនៅឋាន​ ដូច​ជា​ទូទឹកកក ម៉ាស៊ីន​បោកគក់​ និង​ម៉ាស៊ីន​ត្រជាក់​។

របាយការណ៍​របស់ ​GfK​ ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​លោក ​សុខ ​ពិសិដ្ឋ ​ នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន​ ជីហ្គៀ (G Gear) ​ដែល​ជា​ក្រុមហ៊ុន​ដៃគូ​ជាមួយ​ LG Electronics នៅ​កម្ពុជា​កាល​​ពី​ល្ងាច​ថ្ងៃ​ពុធ​ បាន​ឲ្យ​ដឹង​ថា​ ទឹក​ប្រាក់​​នៃ​ការ​ទិញ​​ទូរស័ព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​សំខាន់ៗ​ក្នុង​គេហដ្ឋាន​​​សរុប​​មាន​រហូត​ដល់​ ៤១៣ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​​ ក្នុង​នោះ​ការ​ទិញ​ទូរស័ព្ទ​ដៃ​មាន​ ២៨២ ​លាន​ដុល្លារ ​និង​សម្ភារ​ប្រើប្រាស់​សំខាន់ៗ​ក្នុង​គេហដ្ឋាន​មាន​ ១២១ ​លាន​ដុល្លារ​។​

តម្លៃ​នេះ​បាន​កើន​ឡើង​ ២៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧ ​ដែល​មាន​ចំនួន ​៣២៣ លាន​ដុល្លារ ​ក្នុង​នោះ​ការ​ទិញ​​ទូរស័ព្ទ​ដៃ ​២១៤ លាន​ដុល្លារ ​និង​​សម្ភារ​ប្រើប្រាស់​សំខាន់ៗ​ក្នុង​គេហដ្ឋាន​មាន ​១០៩ ​លាន​ដុល្លារ​។​

​លោក​ ពិសិដ្ឋ បាន​លើក​ឡើង​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​បាន​​ជំរុញ​កំណើន​តម្រូវ​ការ​​ឧបករណ៍​ប្រើប្រាស់​ក្នុង​លំនៅឋាន ​និង​កំណើន​ការ​លក់​ឧបករណ៍​អេឡិចត្រូនិក។

លោក​បញ្ជាក់​ថា​៖ «​ការ​កើន​ឡើង​ប្រាក់​​ចំណូល​របស់​ប្រជាជន និង​ការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ជាង​មុន​​ទៅ​ដល់​តំបន់​ជនបទ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​ការ​លក់​ផលិតផល​អេឡិចត្រូនិក»។

លោក​បន្ថែម​ថា ​នៅ​ពេល​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តម្លៃ​ទាប​បាន​ពង្រីក​ទៅ​តំបន់​ជនបទ វា​មាន​ឥទ្ធិពល​ភ្លាម​ៗ​​ដល់​តម្រូវ​ការ​ទូរទស្សន៍ ​ទូទឹកកក ​និង​ម៉ាស៊ីន​បោកគក់​សម្លៀក​បំពាក់ ​ខណៈ​​ផលិត​ផល​ម៉ាស៊ីន​ត្រជាក់​​ត្រូវ​ការ​នៅ​ពេល​យូរ​ជាង​គេ​​ដើម្បី​មាន​កំណើន​តម្រូវ​ការ​។​

ក្រៅ​ពី​កត្តា​​កំណើន​ប្រាក់​ចំណូល ​ជម្រើស​ការ​ទូទាត់​ដែល​អាច​បត់បែន​បាន​​​ ដូច​ជា​កំណើន​សេវា​ការ​បង់​រំលស់​ ក៏​​​ជា​កត្តា​ដ៏​សំខាន់​មួយ​ទៀត​ ក្នុង​​ការ​បង្កើន​ការ​លក់​​ផលិតផល​នេះ​នៅ​កម្ពុជា​។ ​​ប្រជាជន​មិន​ចាំ​បាច់​​ត្រូវ​ការ​លុយ​សុទ្ធ​ទាំង​ដុល​ដូច​មុន​ដើម្បី​ទិញ​ផលិតផល​ទាំង​នេះ​ ដូច​មុន​នោះ​ទេ​ ខណៈ​ពេល​នេះ​ពួក​គេ​អាច​ទិញ​ផលិតផល​ជា​ច្រើន​ដោយ​ធ្វើ​ការ​បង់​រំលស់​។ ​

អ្នក​លក់​ឧបករណ៍​ប្រើប្រាស់​ម្នាក់​នៅ​ផ្សារ​ទំនើប​អ៊ីអន​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​ការ​លក់​ឧបករណ៍​ប្រើប្រាស់​បាន​មើល​ឃើញ​កំណើន​ប្រចាំ​ឆ្នាំ ​និង​ភាគ​ច្រើន​នៃ​ការ​ទិញ​លក់​ផលិតផល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេវា​បង់​រំលស់។​

អ្នក​លក់​រូប​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា​៖ «​ការ​លក់​របស់​យើង​អាច​នឹង​កើន​យឺត​ជាង​នេះ​ ប្រសិន​បើ​​យើង​មាន​តែ​ជម្រើស​ឲ្យ​អតិថិជន​ទិញ​ដោយ​បង់​ទាំង​អស់​តែ​ម្តង​​។ ​​ប៉ុន្តែ​នៅ​ពេល​នេះ​​ប្រជាជន​អាច​ទិញ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ដោយ​បង់​រំលស់​តាម​​​ប្រាក់​ចំណូល​​ជាក់​ស្តែង​របស់​ពួក​គេ​»។

ទន្ទឹម​នឹង​​កំណើន​ខ្លាំង​នៃ​តម្រូវ​ការ​ឧបករណ៍​ប្រើប្រាស់​អេឡិចត្រូនិក​ លោក សុខ​ ពិសិដ្ឋ ​បាន​ឲ្យដឹង​ថា ​ក្រុមហ៊ុន​ចែកចាយ​​​ផ្លូវ​ការ​ដូច​ជា​ G-Gear ​កំពុង​ប្រឈម​បញ្ហា​ដ៏​ធំ​មួយ គឺ​​ការ​ប្រកួតប្រជែង​​មិន​ស្មើភាព ​ខណៈ​មាន​អ្នក​នាំចូល​ក្រៅ​ផ្លូវការ​ដោយ​រត់​ពន្ធ​ផលិតផល​ទាំង​នោះ​​មក​​​ប្រទេស កម្ពុជា និង​លក់​បង្ខូច​តម្លៃ​៕LA

អត្ថបទគួរចាប់អារម្មណ៍