
សំណង់អគារកំពុងសាងសង់មួយ នៅរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបានចំណាយទឹកប្រាក់ ៥០២ លានដុល្លារដើម្បីនាំចូលវត្ថុធាតុដើម និងសម្ភារសម្រាប់គាំទ្រដល់វិស័យសំណង់នៅឆមាសទី ១ ឆ្នាំ ២០១៨ នេះគឺកើនឡើង ៦ ភាគរយពីទឹកប្រាក់ ៤៧៤ លានដុល្លារកាលពីឆមាសទី ១ ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ធនាគារជាតិនៃកម្ពុជា។
ខណៈទឹកប្រាក់នៃការនាំចូលបង្ហាញពីអត្រាកំណើនទាប អ្នកនៅក្នុងឧស្សាហកម្មនេះបានលើកឡើងថា វាជាកម្រិតគួរឲ្យពេញចិត្តដែលឆ្លុះបញ្ចាំងពីស្ថិរភាព វិស័យសំណង់កម្ពុជា ស្របពេលកម្ពុជាស្ថិតក្នុងឆ្នាំដែលមានការរៀបចំការបោះឆ្នោតថ្នាក់ជាតិ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជាព្យាករថា សកម្មភាពសំណង់នឹងមើលឃើញកំណើនកាន់តែធំនៅឆមាសទី ២ និងកំណើនតម្រូវការសម្ភារសំណង់ក៏នឹងមានកំណើនបន្ថែមផងដែរ។
ខណៈសម្ភារភាគច្រើនដែលប្រើប្រាស់ក្នុងវិស័យសំណង់នៅពេលនេះកំពុងពឹងផ្អែកលើការនាំចូលលោក ស៊ីវផេង បានថ្លែងថាមាននិន្នាការកំណើននៃការផ្គត់ផ្គង់សម្ភារក្នុងស្រុក ដូចជាស៊ីម៉ងត៍ ឥដ្ឋ និងសម្ភារមូលដ្ឋានជាច្រើនផ្សេងទៀត។
លោកបានថ្លែងថា៖ «នៅពេលវិស័យសំណង់នៅតែរក្សាកំណើន ហើយតម្រូវការសម្ភារបន្តកើនឡើង ក្រុមវិនិយោគិនក្នុងស្រុកកាន់តែច្រើននឹងបង្កើតការផលិតផលិតផលសំណង់សម្រាប់វិស័យនេះហើយយើងនឹងពឹងផ្អែកកាន់តែតិចលើការនាំចូល»។
បើទោះបីយ៉ាងនេះក្តី របាយការណ៍មិនបានប្រាប់ពីផលិតផលដែលកម្ពុជានាំចូលសម្រាប់វិស័យសំណង់នោះទេ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងសំណង់ ១ ៦៤៣ នៅឆមាសទី ១ ឆ្នាំនេះជាមួយនឹងទីតាំងសរុបទំហំ ៥,៣ ម៉ែត្រក្រឡា។ តម្លៃប៉ាន់ប្រមាណពីគម្រោងដែលបានអនុម័តនេះបានកើនឡើងដល់ប្រហែល ២,១ ពាន់លានដុល្លារ។
លោក Roongrote Rangsiyopash ប្រធាននាយកប្រតិបត្តិ SCG ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ផលិតស៊ីម៉ងត៍កំពតកម្ពុជាបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា វិស័យសំណង់របស់កម្ពុជាបានបង្ហាញកំណើនជាបន្ត ដោយសារតែអគារពាណិជ្ជកម្ម និងអគារលំនៅឋាននៅក្នុងទីក្រុងសំខាន់ៗ កំពុងរក្សាកំណើនដ៏រឹងមាំ។
ក្រុមហ៊ុន SCG បានរាយការណ៍ប្រាក់ចំណូលបានពីការលក់ចំនួន ២០២ លានដុល្លារកាលពីឆមាសទី ១ ឆ្នាំនេះកើនឡើង ១៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ LA