ភ្នំពេញៈ កម្ពុជា​កំពុង​ជំរុញ​ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់​ឲ្យ​ប្រសើរ​ឡើង ជាពិសេស​ចរាចរណ៍​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ រួមទាំង​ការបើក​ច្រកទ្វារ​អន្តរជាតិ​ថ្មីៗ​ជាមួយ​ប្រទេស​ជិតខាង​នៅក្នុង​គោលបំណង​ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

នៅក្នុង​ពេល​ចុះទៅពិនិត្យ​ការរៀបចំ​ច្រកទ្វារព្រំដែន​អន្តរជាតិ «​ព្រៃវល្លិ​» ​ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង​ព្រំដែន​កម្ពុជា-វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១០ ខែកញ្ញា នេះ​លោក ស៊ុន ចាន់ថុល បាន​និយាយថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​ក្នុង​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​គ្រប់​ទីកន្លែង ព្រម​ជាមួយ​នឹង​ការបន្ត​រៀបចំ​បើក​ច្រកទ្វារ​ព្រំដែន​ជា​បន្តបន្ទាប់​។

លោក​បន្តថា នៅពេល​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​កន្លែង​ឆ្លងកាត់​ទំនិញ​មាន​ភាពងាយស្រួល វា​នឹង​រួមចំណែក​ជួយ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​បាន​មួយចំណែក​បន្ថែមទៀត​។

លោក​ប្រាប់​ទៀត​ថា ក្នុង​មហិច្ឆតា​ប្រែក្លាយ​មុខមាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ ព្រមទាំង​បង្កើន​កម្រិត​ប្រាក់​ចំណូល​ក្នុង​សេដ្ឋកិច្ចជាតិ​នោះ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​បាន​លេច​ឡើង​ជា​បន្តបន្ទាប់ ទោះបី​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​កូវីដ​ ១៩ ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ទោះបី​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​ការរីករាលដាល​ក៏​រដ្ឋាភិបាល​មិនបាន​ផ្អាក ឬ​លុបចោល​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ណាមួយ​នោះទេ ដោយ​រដ្ឋាភិបាល​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​កត្តា​ដ៏សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​ការរីកចម្រើន​»​។

អភិបាលខេត្ត​ស្វាយរៀង​លោក ម៉ែន វិបុល បាន​ប្រាប់ថា បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ល្អប្រសើរ ការបើក​ច្រកទ្វារព្រំដែន​បន្ថែម​ជាមួយ​ប្រទេស​ជិតខាង​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការបង្កើន​ភាពទាក់ទាញ​ឲ្យ​មាន​ការចូល​មក​បណ្តាក់​ទុនវិនិយោគ​កាន់តែ​ច្រើន​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​ការបើក​ច្រក​នេះ​​ (​ព្រៃវល្លិ៍​) ខ្ញុំ​រំពឹងថា នឹង​អាច​ស្រូប​បាន​នូវ​កំណើន​អ្នកវិនិយោគ​បន្ថែមទៀត​មកកាន់​ទីនេះ​ដែល​នឹង​អាចឈាន​ទៅដល់​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មីៗ​បន្ថែមទៀត​នៅពេល​ខាងមុខ​»​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​លោក ស៊ិន ចន្ធី បាន​ប្រាប់ថា ការចាប់យក​ឱកាស​ក្នុង​ការប្រែក្លាយ​ខ្លួន​ទៅ​ជា​មណ្ឌល​ភ័ស្តុភារកម្ម​ក្នុង​តំបន់ គឺជា​ការចាំបាច់​សម្រាប់​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​ស្ថិត​នៅ​ចំ​ទីតាំង​អំណោយផល​ល្អ​។ លោក​បន្តថា ទោះយ៉ាងណា​ដោយសារ​ការខិតខំ​ជំរុញ​របស់​រដ្ឋាភិបាល​ទើប​ចាប់ផ្តើម​នោះ ដូច្នេះ​វា​ត្រូវការ​ពេលវេលា​បន្ថែមទៀត​។

លោក​និយាយ​ថា​៖ «​សម្រាប់​ផែនការ​រយៈពេល​វែង យើង​ពិតជា​ចង់​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ទីតាំង​នៃ​មណ្ឌល​ភ័ស្តុភារកម្ម​ក្នុង​តំបន់​អាស៊ាន ដែល​ទាក់ទាញ​ឲ្យ​អ្នកវិនិយោគ​កាន់តែ​ច្រើន​មូលមក​បើក​ដំណើរការ​រោងចក្រ និង​អាជីវកម្ម​នានា​នៅ​កម្ពុជា​»​។

លោក​ប្រាប់​ទៀត​ថា តាម​ការសិក្សា​របស់ JICA កន្លងមក​បាន​ព្យាករ​ថា សកម្មភាព​ដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា​នឹង​មាន​សម្ទុះ​ឡើង​ជាង​ទ្វេដង​នៅ​អំឡុង​ឆ្នាំ​ ២០២៣-២០២៥​។

ក្នុង​ជំនួប​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ​ស្តីពី​ «​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​សម្រាប់​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​នៅ​កម្ពុជា ដំណាក់កាល​ទី ​២» កាលពី​ថ្ងៃ​ពុធ លោក ស៊ុន ចាន់ថុល ក៏​បាន​លើកឡើង​ដែរ​ថា ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ការធ្វើឲ្យ​ប្រសើរឡើង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ថ្មី​ជាមួយ​ប្រទេស​ជិតខាង គឺជា​កម្លាំង​ចលករ​ក្នុង​ការលើក​កម្ពស់​វិស័យ​ភ័ស្តុភារកម្ម​ដែល​អាច​ប្រកួតប្រជែង​បាន​ជាមួយ​ប្រទេស​ក្នុង​តំបន់​៕ LA