ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកសិកម្មសរីរាង្គដើម្បីជំរុញចង្វាក់ផលិតកម្មសម្រាប់នាំចេញ ដែលនេះជាយន្តការថ្មីមួយទៀតក្នុងការជំរុញផលិតកម្មសរីរាង្គនៅកម្ពុជា។ នេះបើតាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយកាលពីថ្ងៃអាទិត្យ។
វិស័យឯកជនរំពឹងថា គោលនយោបាយកសិកម្មសរីរាង្គនឹងជួយជំរុញទីផ្សារក្នុងស្រុក និងទប់ស្កាត់បន្លែនាំចូលពីប្រទេសជិតខាងបានច្រើន។
ប្រកាសស្តីពី «វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិសម្រាប់អនុវត្តក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង» បានឲ្យដឹងថា វិធាននេះធ្វើឡើងក្នុងគោលដៅលើកកម្ពស់ការជឿជាក់ចំពោះអ្នកផលិត និងអ្នកប្រើប្រាស់ផលិតផលកសិកម្មធ្វើជាចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាពព្រមទាំងលើកកម្ពស់ស្តង់ដាស្របតាមផលិតផលកសិកម្មសរីរាង្គ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង និងជំរុញពាណិជ្ជកម្មផលិតផលស្បៀងនៅលើទីផ្សារក្នុងស្រុក និងការនាំចេញ។
ប្រកាសខាងលើបន្តថា វិធាននេះនឹងជួយលើកកម្ពស់ និងគាំទ្រការចូលរួមរបស់ប្រជាកសិករ សហគមន៍កសិកម្ម និងផ្នែកឯកជន ដើម្បីជំរុញការអនុវត្តវិធានកសិកម្មសរីរាង្គកម្ពុជានៅក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង ហើយក៏នឹងរួមចំណែកគាំពារបរិស្ថាន ថែរក្សាសុខភាព សុវត្ថិភាព និងសុខុមាលភាពប្រជាជនផងដែរ។
ប្រកាសនេះមាន ១៦ ប្រការដោយមានវិសាលភាពគ្របដណ្តប់ចំពោះការអនុវត្តកសិកម្មសរីរាង្គនៅក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង និងចំពោះផលិតផលកសិកម្មសរីរាង្គដែលធ្វើពាណិជ្ជកម្ម រួមមានផ្លែឈើ បន្លែ និងដំណាំស្បៀងផ្សេងៗទៀត។
ខ្លឹមសារប្រកាសនេះឲ្យដឹងថា៖ «វានឹងលើកទឹកចិត្តចំពោះការចូលរួមរបស់ប្រជាកសិករ សហគមន៍ កសិកម្ម និងផ្នែកឯកជនដែលធ្វើការដាំដុះដំណាំស្បៀង ដើម្បីធ្វើពាណិជ្ជកម្មផលិតផលស្បៀងតាមរយៈការផ្តល់សេវាអប់រំ និងតម្រង់ទិសអនុវត្តវិធានកសិកម្មសរីរាង្គកម្ពុជា ដើម្បីធានាបានថា ផលិតផលស្បៀងទាំងអស់នោះមានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ជាចំណីអាហាររបស់មនុស្ស និងចំណីសត្វ»។
លោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុន Natural Agriculture Village ដែលជាក្រុមហ៊ុនចែកចាយបន្លែក្នុងស្រុកបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិសម្រាប់អនុវត្តក្នុងការផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀងនឹងជួយជំរុញការដាំដុះ និងការប្រើប្រាស់បន្លែក្នុងស្រុកបន្ថែមទៀត។ លោកស្រីថ្លែងថា៖ «ខ្ញុំគិតថាជាសញ្ញាល្អដែលរដ្ឋាភិបាលជំរុញការដាំបន្លែសរីរាង្គ ដែលវានឹងអាចធ្វើឲ្យយើងមានលទ្ធភាពនាំចេញបន្លែសរីរាង្គ ដើម្បីបំពេញតម្រូវការទីផ្សារនៅពេលអនាគត»។
លោកស្រីបន្តថា គោលនយោបាយលើកកម្ពស់បន្លែសរីរាង្គនេះក៏នឹងជួយឲ្យអ្នកប្រើប្រាស់ងាកមកទទួលទាន បន្លែក្នុងស្រុកជំនួសឲ្យបន្លែនាំចូលពីប្រទេសជិតខាងផងដែរ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថា វានឹងលើកទឹកចិត្តឲ្យកសិករពង្រីកការដាំបន្លែបន្ថែមទៀត ព្រោះបន្លែសរីរាង្គមានទីផ្សារល្អ និងតម្លៃខ្ពស់។ បើទោះបីជាយើងកំពុងបោះជំហានយឺតៗក្នុងការលើកកម្ពស់បន្លែសរីរាង្គ ដែលវានឹងធ្វើឲ្យទីផ្សារបន្លែរបស់យើងកាន់តែរឹងមាំនៅពេលខាងមុខ»។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងកាលពីសប្តាហ៍មុនថា ដើម្បីបំពេញតម្រូវការបន្លែក្នុងស្រុក កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែពីវៀតណាម និងថៃប្រមាណ ៣២ ភាគរយ ខណៈកម្ពុជាមានលទ្ធភាពក្នុងការផ្គត់ផ្គងបន្លែក្នុងស្រុកប្រចាំឆ្នាំ ២០២០ នេះបានប្រមាណ ៧១៦ ១១៣ តោន ស្មើនឹង ៦៨ ភាគរយ នៃតម្រូវការបន្លែសរុបជាង ១ លានតោន។
កម្ពុជាបាននាំចេញបន្លែក្នុងកម្រិតតិចតួចប៉ុណ្ណោះគឺចំនួន ៣៨,៦៣ តោន នៅក្នុងរយៈពេល ៣ ខែដំបូង ឆ្នាំ ២០២០ ទៅកាន់ទីផ្សារប្រទេសបារាំង ឆែក និងហូឡង់។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ LA