ភ្នំពេញៈ កម្ពុជា​បាន​លើក​ទឹកចិត្ត និង​ស្នើឲ្យ​ក្រុមហ៊ុន​វិនិយោគ Paper Tree Investment Cambodia Co., Ltd បង្កើត​រោងចក្រ​កែច្នៃ​ផលិត​ក្រដាស​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ននេះ​ផលិតផល​ដែល​ក្រុមហ៊ុន​កំពុង​ដាំដុះ និង​ប្រមូល​ទិញ​ពី​អ្នក​ដាំដុះ​នៅ​កម្ពុជា សុទ្ធតែ​ត្រូវ​នាំ​ចេញ​ទៅ​រោងចក្រ​នៅ​ប្រទេស​ថៃ​។

Paper Tree Investment Cambodia Co., គឺ​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Paper Tree Holding Co., Ltd ដែលមាន​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃ​។ ក្រុមហ៊ុន​នេះ​ត្រូវបាន​បង្កើត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៣ ដោយ​មកដល់​ពេល​នេះ​ក្រុមហ៊ុន​កំពុង​ដាំដុះ​លើ​ផ្ទៃដី​សរុប ១ ០៥៦ ​ហិកតា​នៅ​ទីតាំង ៤ ​កន្លែង​ផ្សេងៗ​គ្នា​រួមមាន ២ ​ទីតាំង​ស្ថិតក្នុង​ខេត្ត​បន្ទាយមានជ័យ ១ ​នៅ​ខេត្ត​បាត់ដំបង និង ១ ​នៅ​ខេត្ត​ប៉ៃលិន​។

ក្នុងពេល​ចុះ​ទៅ​ពិនិត្យ​ទិដ្ឋភាព​ផ្ទាល់​នៅ​ក្រុមហ៊ុន Paper Tree Investment Cambodia Co., Ltd កាលពី​ថ្ងៃ​អាទិត្យ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ​បង្កើន​លទ្ធភាព​ដាំដុះ និង​ពង្រីក​ផ្ទៃដី​ដាំដុះ​ដើម​ប្រេងខ្យល់​ឲ្យ​កាន់តែ​ច្រើន​បន្ថែមទៀត ហើយ​ក៏​សូម​ឲ្យ​ក្រុមហ៊ុន​សិក្សា​ពី​លទ្ធភាព​ក្នុង​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​ប្រជាជន ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​ពួកគេ​នៅ​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​ល្អ​។ ទន្ទឹម​នឹង​នេះ​លោក​ក៏បាន​ស្នើឲ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​រោងចក្រ​កែច្នៃ​ក្រដាស​នៅ​កម្ពុជា​ផងដែរ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ស្នើឲ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​បង្កើត​រោងចក្រ​កែច្នៃ ឬ​ផលិត​ក្រដាស​នៅ​កម្ពុជា​តែម្តង ប្រសើរ​ជាង​ដឹកជញ្ជូន​វត្ថុធាតុដើម​ទៅ​ប្រទេស​ថៃ​»​។

លោក តឹក សុភក្តិ ប្រធាន​គម្រោង​ក្រុមហ៊ុន Paper Tree Investment Cambodia Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ខិតខំ​ពង្រីក​ការដាំដុះ​ដើម​ប្រេងខ្យល់​ដោយ​ខ្លួនឯង និង​ប្រមូល​ទិញ​ពី​អ្នក​ដាំដុះ​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​យក​មក​កិន​ជា​ចំណិត​តូចៗ (Wood Chip) មុននឹង​យក​ទៅ​ផ្គត់ផ្គង់​បន្ត​ឲ្យ​ក្រុមហ៊ុន​នៅ​ថៃ​។ លោក​បន្តថា ដើម​ប្រេងខ្យល់ គឺជា​វត្ថុ​ធាតុ​ដ៏សំខាន់​សម្រាប់​យក​ទៅ​កិន​ធ្វើ​ក្រដាស និង​ផលិតផល​មួយចំនួន​ទៀត​។

លោក​បន្ថែមថា បើទោះបី​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ប៉ុន្តែ​បរិមាណ​ដើម​ប្រេងខ្យល់​នៅ​កម្ពុជា​ពេលនេះ​គឺ​មាន​ចំនួន​តិចតួច​នៅឡើយ ដែល​ទាមទារ​ឲ្យ​មាន​ការវិនិយោគ​លើ​ការដាំដុះ​បន្ថែម​ទៀត​មុន​នឹង​ក្រុមហ៊ុន​សម្រេចចិត្ត​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ផលិតផល​សម្រេច​ដូច​នៅ​ប្រទេស​ថៃ​។ លោក​បញ្ជាក់ថា​៖ «​ប្រសិន​បើ​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់ ក្រុមហ៊ុន​គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​ក្រដាស និង​រោងចក្រ​ផលិត​ការ៉ូ​ធ្វើ​ពី​ឈើ​ផងដែរ​»​។

ទោះបី​យ៉ាងណា​លោក​អះអាង​ថា យោងតាម​ស្ថានភាព​បច្ចុប្បន្ន​កម្ពុជា​អាច​នឹង​ត្រូវការ​ពេល​ចន្លោះ​ពី ៣-៥ ​ឆ្នាំ​ទៀត​ ក្នុង​ការពង្រីក​ការដាំដុះ​ដើម​ប្រេងខ្យល់​ឲ្យ​បាន​ច្រើន​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បង្កើត​រោងចក្រ​។

បើ​តាម​លោក សុភក្តិ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​បាន​ប្រមូល​ទិញ​ដើម​ប្រេងខ្យល់​ក្នុង​តម្លៃ​ចន្លោះ​ពី ២៥-៣០ ​ដុល្លារ​ក្នុង​ ១ ​តោន​។

អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​លោក លី សារី បាន​ប្រាប់​ថា បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ​មាន​កសិដ្ឋាន​ដាំ​ដើម​ប្រេងខ្យល់​ចំនួន ៣ ​កន្លែង​ធំៗ​។ ដើម​ប្រេងខ្យល់​មិន​ត្រឹមតែ​ជា​រុក្ខជាតិ​ងាយ​ដាំ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​មាន​សក្តានុពល​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ទៀតផង​។

លោក​បន្តថា ដោយសារ​នៅ​កម្ពុជា​មិនទាន់​មាន​ការវិនិយោគ​លើ​រោងចក្រ​កែច្នៃ​ដើម​ប្រេងខ្យល់​ទៅជា​ផលិតផល​សម្រេច ហេតុនេះ​ផល​ដែល​ប្រមូល​បាន​តែង​ត្រូវ​ក្រុមហ៊ុន​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន យើង​តែង​ជំរុញ​ឲ្យ​អ្នកវិនិយោគ និង​ប្រជាជន​ធ្វើការ​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន ព្រោះ​ក្រៅពី​ជួយ​បង្កើត​ការងារ​ថ្មីៗ និង​ប្រាក់​ចំណូល​សម្រាប់​ក្រុមគ្រួសារ វា​ក៏បាន​ចូលរួម​ជួយ​ដល់​ផ្នែក​បរិស្ថាន​ផងដែរ​»៕ LA