ភ្នំពេញៈ កម្ពុជា និងប្រទេស កាតា បានពិភាក្សាគ្នាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញ និងការការពារការវិនិយោគទៅវិញទៅមក។
នៅក្នុងជំនួបរវាងលោក ម៉ូហាម៉េត អ៊ីស្មែល អាល់អេម៉ាឌី ឯកអគ្គរដ្ឋទូតកាតា និងលោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញ ភាគីទាំង ២ បានពិភាក្សាពន្លឿនការពិនិត្យនៃខ្លឹមសារក្នុងកិច្ចព្រមព្រៀងទាំង ២ ដើម្បីឈានដល់សេចក្តីសម្រេច។
សេចក្តីព្រាងកិច្ចព្រមព្រៀងចំនួន ២ គឺកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបច្ចេកទេស និងកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃការវិនិយោគដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
ឯកអគ្គរដ្ឋទូតកាតា បញ្ជាក់ថា៖ «ប្រទេស កាតា មានបំណងនាំចូលផលិតផលកសិកម្មពីប្រទេស កម្ពុជា»។
លោកបន្តថា កាតាគ្រោងនឹងអញ្ជើញមន្ត្រីជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកាតា និងកម្ពុជាដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១-១២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅប្រទេស កាតា។
លោក កឹម ស៊ីថន បានសន្យាថានឹងពន្លឿនពិនិត្យមើលលើខ្លឹមសារកិច្ចព្រមព្រៀងនេះ ហើយត្រៀមខ្លួនជាស្រេចដើម្បីទៅទស្សនកិច្ចសិក្សានៅវេទិកាជំនួបធុរកិច្ចនៅកាតា។
លោកក៏បានស្នើកាតាឲ្យជួយបញ្ជាទិញអង្ករក្រអូបខ្មែរ និងជំរុញឲ្យប្រជាជនកាតាធ្វើដំណើរមកកម្ពុជាផងដែរ។ លោកបញ្ជាក់ថា៖ «[យើង]ស្នើឲ្យឯកអគ្គរដ្ឋទូតកាតាបង្កើនការនាំចូលទំនិញកសិកម្មកម្ពុជាបន្ថែមទៀត ពិសេសអង្ករក្រអូប និងជួយជំរុញប្រជាជនកាតាចូលមកកម្សាន្តនៅកម្ពុជា»។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីបានសម្រេចបានជាង ២ លានដុល្លារប៉ុណ្ណោះ ក្នុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ចាប់ពីឆ្នាំ ២០១៦ មក៕ LA