ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ជំរុញ​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ឥណ្ឌា និង​របស់​ប្រទេស​អាស៊ាន​ចំនួន​ ៤ ដែល​រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម (CLMV) ធ្វើ​ការងារ​រួម​គ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ ដោយ​សង្ឃឹម​ថា​ការសហការ​គ្នា​នេះ​នឹង​ជំរុញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​លើក​ទី ៥ របស់​ប្រទេស​ឥណ្ឌា និង​ក្រុម​ប្រទេស CLMV នៅក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ​ ដែល​ផ្ដោត​លើ​កិច្ចសហការ​សមាហរណកម្ម​ក្នុង​តំបន់​ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ឥណ្ឌា និង​ បណ្ដា​ប្រទេស CLMV ត្រូវ​តែ​ធ្វើ​ការងារ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​។

លោក​បាន​ថ្លែង​ថា​ប្រទេស​ទាំង​ ៥ ​នេះ​គួរតែ​ចាំបាច់​ធ្វើ​ការងារ​ដើម្បី​ទប់ស្កាត់​គោលនយោបាយ​គាំពារ​និយម ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន (B2B)​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​ការលើក​កម្ពស់​លំហូរ​ពាណិជ្ជកម្ម និង​ចង្វាក់​តម្លៃ​ក្នុង​តំបន់ អាស៊ាន​និង​ឥណ្ឌា​បាន​ធ្វើ​សេរីភា​វូបនីយកម្ម​ជាង ៩០ ភាគរយ​នៃ​ពន្ធ​នាំ​ចូល​សរុប​»​។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​ពី​ប្រទេស​ ឥណ្ឌា​ មក​កាន់​តំបន់​អាស៊ាន​បាន​កើនឡើង​ពី ៩៦០ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៥ ដល់ ១,០៥ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦​។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ឥណ្ឌា និង​ក្រុម​ប្រទេស CLMV នេះ​។ វា​ជា​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ​ដែល​សំដៅ​កំណត់​ឱកាស​គម្រោង​ជាក់លាក់ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​នេះ​។ កិច្ចប្រជុំ​នេះ​ក៏​រួម​មាន​កិច្ចប្រជុំ​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ផង​ដែរ​។

លោក Suresh Prabhu រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌា​បាន​ថ្លែង ​កាលពី​ម្សិលមិញ​ថា កម្ពុជា​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​គឺជា​ទិសដៅ​វិនិយោគ​ដ៏ល្អ​មួយ​សម្រាប់​ឥណ្ឌា ដោយសារ​សក្ដានុពល​វិនិយោគ​របស់​ប្រទេស​នេះ​ដូចជា​ការវិនិយោគ​មិន​ប៉ះពាល់​​បរិស្ថាន​របស់​ខ្លួន សេដ្ឋកិច្ច​ពឹង​លើ​ប្រាក់​ដុល្លារ និង​គោលនយោបាយ​បើក​ចំហ​ជាច្រើន​ផ្សេង​ទៀត​ដើម្បី​ទាក់ទាញ​ការវិនិយោគ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​សម្លឹង​ឆ្ពោះ​មុខ​ដើម្បី​ប្រកាស​ពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ​បន្ថែម​ទៀត​ជាមួយ​ប្រទេស​កម្ពុជា​»៕ LA