ភ្នំពេញៈ លោក​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន TCU Polys Enterprise Co., Ltd ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិន​ធ្វើការ​ពង្រីក​ខ្សែចង្វាក់​ផលិតកម្ម​ការផលិត​បំពង់​ទឹក​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ និង​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​។

ការស្នើ​របស់​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​លោក​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​រោងចក្រ​ផលិត​បំពង់​ទឹក​ខាងលើ​នៅ​ខេត្តកំពង់ស្ពឺ​ពីថ្ងៃ​ទី​ ៣១ ខែកក្កដា ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ផលិតផល​បំពង់​ទឹក​ទាំងនេះ​គឺជា​ប្រភេទ​ផលិតផល​ដែល​រាជរដ្ឋាភិបាល​លើកទឹកចិត្ត ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។ លោក​បានចាត់ទុក​គម្រោង​វិនិយោគ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​រួមចំណែក​បំពេញ​តម្រូវការ​ក្នុង​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ដោយ​មើលឃើញ​ថា ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ផលិតផល​របស់ខ្លួន​ឈរលើ​គុណភាព​ជា​ចម្បង តាមរយៈ​ការប្រើប្រាស់​វត្ថុធាតុដើម​សុទ្ធ​ពិតប្រាកដ ដោយ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព និង​ស្តង់ដា​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ផលិតកម្ម​បាន​ល្អ​។

លោក ចម ប្រសិទ្ធ បន្ថែម​ថា​៖ «​ការចុះ​ទស្សនកិច្ច​នេះ ក្រៅពី​សិក្សា​ស្វែងយល់​លើកទឹកចិត្ត យើង​ក៏បាន​គិតគូរ​ពិនិត្យ​លទ្ធភាព​ជួយ​សហការ​គាំទ្រ និង​តម្រង់ទិស​ផ្នែក​អាជីវកម្ម​របស់​ក្រុមហ៊ុន ហើយ​ក៏​នឹង​ស្តាប់​ពី​តម្រូវការ​ក៏ដូចជា​បញ្ហា​ប្រឈម​នានា​របស់​ក្រុមហ៊ុន​ផងដែរ​»​។

«​ជារួម យើង​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ក្រឹត្យក្រម​ច្បាប់​របស់​កម្ពុជា ដូច្នេះ​ក្នុង​នាម​ក្រសួង​សូម​អបអរសាទរ និង​លើកទឹកចិត្ត​បន្ថែមទៀត ពីព្រោះ​ជា​ផលិតផល​កំពុង​មាន​តម្រូវការ​លើ​ទីផ្សារ​កម្ពុជា ហើយក៏​អាច​ផលិត​ធ្វើការ​នាំចេញ​ដែរ »​។ នេះ​បើ​យោងតាម​ការថ្លែង​របស់លោក​។

លោក ចម ប្រសិទ្ធ ​ក៏បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​តាមរយៈ​ផលរបរ​របស់​ខ្លួន​ក្នុងការ​ចូលរួម​ដេញថ្លៃ​​ផ្គត់ផ្គង់​ឧបករណ៍​សម្ភារ​ទឹកស្អាត​នៅក្នុង​ប្រទេស​កម្ពុជា​។

បើ​យោងតាម​អ្នកតំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ក្រុមហ៊ុន TCU Polys Enterprise Co., Ltd ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៦ និង​បាន​បម្រើសេវា​ផលិត និង​ផ្គត់ផ្គង់​បំពង់​ទឹកស្អាត និង​ទឹកលូ​មកទល់​ពេល​នេះ​មាន​រយៈពេល​ជិត ៥ ​ឆ្នាំ​ហើយ ដែល​មាន​ដើមទុន​វិនិយោគ​សរុប​ប្រហែល ១០ លាន​ដុល្លារ​។

ចំពោះ​ផលិតផល​របស់​រោងចក្រ​មាន​បំពង់​បង្ហូរ​ទឹកលូ​មុខកាត់​ពី ៣០០ ​មម- ២ ០០០​ មម បំពង់​ទឹកស្អាត HDPE មុខកាត់​ពី​ ២០ ​មម-៨០០​ មម ប្រភេទ​បំពង់ PPR (Polypropylene-Random) មុខកាត់​ពី​ ២០ ​មម-២០០ មម ដែល​ប្រើ​សម្រាប់​ទឹក​ត្រជាក់ ទឹក​ក្តៅ និង​មាន​ផលិត​បំពង់​សម្រាប់​ដាក់​ខ្សែភ្លើង បំពង់ UPVC និង PVC​។​ល​។

លោក​បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​ផលិតផល​ដែល​មាន​គុណភាព ដោយ​ប្រើ​វត្ថុធាតុដើម​ជា​ប្រភេទ​គ្រាប់​ជ័រថ្មី​នាំចូល​ពី​ប្រទេស​ថៃ (​ប្រភពដើម​ពី​ប្រទេស​អារ៉ាប់​) ដែល​មាន​បន្ទប់​ពិសោធន៍ និង​ធ្វើតេស្ត​ត្រួតពិនិត្យ​គុណភាព​ផលិតផល​តាម​បទដ្ឋាន​បច្ចេកទេស និង​ស្តង់ដា​អន្តរជាតិ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ផលិត​សម្ភារ​បំពង់​គ្រប់​ប្រភេទ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ក្នុងស្រុក ជាពិសេស​បំពង់​ទឹក​កខ្វក់​កំពុង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ប្រព័ន្ធ​លូ​នៅ​ខេត្ត​ព្រះសីហនុ​»៕ LA