
ក្រាហ្វិកបង្ហាញពីទិន្នន័យនាំចេញកង់របស់កម្ពុជា និងប្រទេសផ្សេងទៀតទៅ EU តាមឆ្នាំនីមួយៗ។ រៀបចំដោយ លាង ផាន់ណារ៉ា
ភ្នំពេញៈ កម្ពុជាបានក្លាយជាប្រទេសនាំចេញកង់ទៅទីផ្សារសហភាពអឺរ៉ុប (EU) ឈានមុខគេកាលពីឆ្នាំ ២០១៧ ជាលើកដំបូងដែលជំនួសកោះតៃវ៉ាន់ដែលកាន់កាប់តំណែងជាអ្នកនាំចេញកង់ច្រើនជាងគេទៅ EU អស់រយៈពេលជាង ២០ ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ Bike-EU.com.។
យោងតាមរបាយការណ៍ Bike-EU.com ដែលចេញផ្សាយកាលពីថ្ងៃចន្ទកម្ពុជាបាននាំចេញកង់ទៅទីផ្សារនៅបណ្តាប្រទេសទាំង ២៨ នៃ EU ចំនួន ១,៤២ លានគ្រឿងនៅឆ្នាំ ២០១៧ គឺកើនឡើង ៩ ភាគរយពីត្រឹម ១,២៩ លានគ្រឿងពីឆ្នាំ ២០១៦។
កោះតៃវ៉ាន់ដែលជាអ្នកនាំចេញកង់លេខមួយទៅ EU កន្លងមកបានជួបការធ្លាក់ចុះ ១៥ ភាគរយដោយបរិមាណនាំចេញបានថយចុះពី ១,៥៦ លានគ្រឿងកាលពីឆ្នាំ ២០១៦ មកត្រឹម ១,៣១ លានគ្រឿងនៅឆ្នាំ ២០១៧។
លោក សៀង ថាយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងកាលពីម្សិលមិញថាការផលិតកង់របស់កម្ពុជាបានផ្លាស់ប្តូរជាបណ្ដើរៗពីការនាំចូលគ្រឿងបន្លាស់សម្រាប់ការដំឡើងទៅជាឧស្សាហកម្មមួយដែលផលិតគ្រឿងផ្គុំក្នុងស្រុកកាន់តែច្រើន។ វិធានការនេះបានជួយកម្ពុជាអាចបំពេញលក្ខខណ្ឌតម្រូវពីសហភាពអឺរ៉ុប ដើម្បីនាំចេញកង់ដោយរួចពន្ធ។
លោកថ្លែងថា៖ «ការក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេមានន័យថា កេរ្ដិ៍ឈ្មោះរបស់យើងជាអ្នកនាំចេញកង់គឺល្អបំផុតនៅលើឆាកអន្តរជាតិ»។
លោកបន្ថែមថា៖ «សមិទ្ធផលនេះនឹងជួយដល់ពួកយើងទទួលបានការបញ្ជាទិញកាន់តែច្រើន ហើយនឹងបង្កើនការផលិតរបស់យើងដើម្បីបង្កើតការងារបន្ថែមសម្រាប់ប្រជាជនយើង»។
កង់ដែលផលិតនៅកម្ពុជាអាចចូលទៅសហភាពអឺរ៉ុបដោយរួចពន្ធ ដោយសារការកែសម្រួលលក្ខខណ្ឌច្បាប់ដែលធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៤ ដែលតម្រូវឲ្យមានគ្រឿងផ្គុំ ៣០ ភាគរយផលិតនៅកម្ពុជាទើបអាចនាំចេញទៅ EU ដោយស្ថិតក្នុងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
ការអនុគ្រោះពន្ធនេះបានអនុញ្ញាតឲ្យក្រុមហ៊ុនដាក់បញ្ចូលគ្រឿងបន្លាស់ពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរីជាគ្រឿងផ្គុំក្នុងស្រុក។ ប៉ុន្តែការលើកលែងគ្រឿងផ្គុំក្នុងស្រុកអប្បបរមាត្រូវផុតកំណត់កាលពីឆ្នាំ ២០១៧ ហើយរដ្ឋាភិបាលកំពុងស្វែងរកការបន្តរយៈពេល ៣ ឆ្នាំទៀតដើម្បីការពារឧស្សាហកម្មនេះ។
ភាគច្រើននៃក្រុមហ៊ុនផលិតកង់ទាំងអស់នៅកម្ពុជាមកពីកោះតៃវ៉ាន់ ហើយមានការិយាល័យកណ្ដាលនៅទីនេះ។
យោងតាមលោក ស៊ាង ថៃ មានក្រុមហ៊ុនផលិតកង់ចំនួន ៥ នៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនទាំងអស់នោះមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានថ្លែងកាលពីម្សិលមិញថា នោះគឺជាព័ត៌មានល្អសម្រាប់កម្ពុជាដែលបានក្លាយជាប្រទេសលេខមួយក្នុងការនាំចេញកង់ទៅ EU។
លោកបន្តថា វាបានបង្ហាញថា ការធ្វើពិពិធកម្មលើវិស័យនាំចេញរបស់ប្រទេសកម្ពុជា ក្រៅពីភាគច្រើនជាផលិតផលជាប់ទាក់ទងនឹងសម្លៀកបំពាក់។
ប៉ុន្តែលោកបានថ្លែងថាប្រទេសនេះត្រូវការពង្រឹងការផលិតក្នុងស្រុករបស់ខ្លួន ដើម្បីផលិតគ្រឿងផ្គុំកង់កាន់តែច្រើនដើម្បីបង្កើតតម្លៃបន្ថែមពីឧស្សាហកម្មកង់។
លោកថ្លែងថា៖ «តម្លៃបន្ថែមប៉ុនណាដែលត្រូវបានបង្កើតឡើងដោយឧស្សាហកម្មកង់នោះគឺមានសារៈសំខាន់ណាស់»។
លោក ច័ន្ទ សុផល បានបន្តថា៖ «យើងសង្ឃឹមថានៅពេលទំហំទីផ្សារកាន់តែធំ វាជាការលើកទឹកចិត្តដ៏ល្អសម្រាប់ក្រុមវិនិយោគិនក្នុងការបង្កើតផលិតផលក្នុងស្រុកកាន់តែច្រើន»៕LA