ភ្នំពេញៈ កម្ពុជា​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ «​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥» ដើម្បី​បង្កើន​ផលិតកម្ម និង​ធ្វើឱ្យ​វា​កាន់តែ​​មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ការនាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ស្រប​ជាមួយ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥ របស់​រដ្ឋាភិបាល​។

គោលនយោបាយ​នេះ​ដែល​បានដាក់​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ១៤ ​ខែ​មករា ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមការងារ​ដំឡូងមី​របស់​រដ្ឋាភិបាល និង​បានអនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​ ១៤ ខែសីហា​ឆ្នាំ​ ២០២០​។

ការដាក់ឱ្យ​ដំណើរការ​គោលនយោបាយ​នេះ​បង្ហាញ​ពី​ការ​ចាប់ផ្ដើម​ដំណើរ​ថ្មី​ក្នុងការ​អភិវឌ្ឍ​កសិពាណិជ្ជកម្ម​របស់​កម្ពុជា​សម្រាប់​កំណើន រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ការសម្រេច​បាន​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥ ​របស់​រដ្ឋាភិបាល​។

ការអភិវឌ្ឍ​គោលនយោបាយ​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ដោយ​ក្រសួងពាណិជ្ជកម្ម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP)​។

លោក ម៉ម អំណត់ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ក្នុងអំឡុង​ពេល​ការដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​គោលនយោបាយ​នេះ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ថា ដោយមាន​ការផលិត​បាន​ ១២ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ ដំឡូងមី​គឺជា​ដំណាំ​កសិឧស្សាហកម្ម​មួយ ដែលមាន​សក្ដានុពល​ពេញលេញ សម្រាប់​ការកែលម្អ​ជីវភាព​រស់នៅ​របស់​កសិករ និង​នាំចេញ​។

លោក​ថ្លែងថា​៖ «​ដោយ​ពឹងផ្អែក​លើ​ចក្ខុវិស័យ​ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដំឡូងមី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​វិស័យនេះ ស្រប​ជាមួយ​នឹង​ក្របខ័ណ្ឌ​ការងារ​នៃ​ផែនការ​អភិវឌ្ឍន៍​យុទ្ធសាស្ដ្រ វិស័យ​កសិកម្ម​ឆ្នាំ​ ២០១៩-២០២៣ ​របស់​ក្រសួង​»​។

លោក Nick Beresford តំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍​ថា ដំណាំ​ដំឡូងមី​ផ្ដល់​ឱកាស​ដ៏ធំធេង ដើម្បី​ឱ្យ​កម្ពុជា​ឈាន​ជើង​ចូលទៅក្នុង​ច្រវាក់​ផ្គត់ផ្គង់​ថ្នាក់​តំបន់​ក្នុង​នាម​ជា​អ្នកផ្គត់ផ្គង់​ដោយផ្ទាល់​ និង​ជា​អ្នក​កែច្នៃ​ផលិតផល​ពាក់កណ្ដាល​សម្រេច និង​ផលិតផល​សម្រេច​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​សកលលោក​។

លោក​ថា​៖ «​ការរៀបចំ​ខ្លួន​ជា​យុទ្ធសាស្ត្រ​បែបនេះ​ផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា​អាច​បង្កើន​ពាណិជ្ជកម្ម និង​ការនាំចេញ​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់ លើក​កម្ពស់​កំណើន​ប្រកបដោយ​បរិយាប័ន្ន និង​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​គោលនយោបាយ​ជាតិ​នោះ​ថា​៖ «​ដំណាំ​ដំឡូងមី​គឺជា​ដំណាំ​កសិឧស្សាហកម្ម និង​ជា​ផលិតផល​នាំចេញ​ដ៏សំខាន់​របស់​កម្ពុជា​ដែល​បានរួម​ចំណែក​ពី​ ៣% ​ទៅ​ ៤% ​នៃ​ GDP និង​ក្នុង​ ១ ​ឆ្នាំៗ​វិស័យ​ដំឡូងមី​បាន​ទទួល​ការវិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ​ ៣០០ ​លាន​ដុល្លារ​ និង​ជា​ផ្ទៃដី​ដាំដុះ​ដំឡូងមី​ទំហំ​ប្រមាណ​ជាង ៦០ ០០០ ​ហិកតា​។

ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ដំឡូងមី​ស្រស់ ក្រៀម និង​ម្សៅ​ប្រមាណ ៣,៣០ លាន​តោន​ដែល​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​ជាង​ ២៦,៤០ ​លាន​ដុល្លារ​។

យោងតាម​របាយការណ៍​របស់​ UNDP ការអភិវឌ្ឍ​ក្នុង​វិស័យ​ដំឡូងមី​កម្ពុជា​ត្រូវការ​កញ្ចប់​ថវិកា​វិនិយោគសាធារណៈ​ចំនួន ២៩៦ លាន​ដុល្លារ ខណៈ​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ​ភាគច្រើន​គឺ​មិនទាន់​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការកែច្នៃ​ក្នុង​ប្រទេស​នៅឡើយ​៕ LA