ភ្នំពេញៈ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃទី​ ១​ ខែមេសា ​បាន​អនុម័ត​លើ​ផែន​ទី​ចង្អុល​ផ្លូវ​ (Roadmap) ដើម្បី​ស្តារ​ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ​ក្នុង​អំឡុង​ពេល​ និង​ក្រោយ​ពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ផែន​ទី​ចង្អុល​ផ្លូវ​ត្រូវ​បង្កើត​ឡើង​ស្រប​ពេល​រដ្ឋាភិបាល​អនុម័ត​ផែនការ​មេអភិវឌ្ឍ​ទេសចរណ៍​ខេត្ត​សៀមរាប ២០២១-២០៣៥ ដោយ​កំណត់​ចក្ខុវិស័យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ចំនួន​ ១៨,៤ លាន​នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ផែន​ទីចង្អុល​ផ្លូវ​ (Roadmap) ស្តីពី​ផែនការ​ស្តារ​ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នង​អំឡុង​ពេល​និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩​ គឺជា​អាទិភាព​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​។

វិស័យ​ទេសចរណ៍ ​ក៏ដូចជា​ វិស័យ​កាត់ដេរ​ សម្លៀកបំពាក់​ សំណង់ ​ត្រូវ​បាន​ទទួល​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​វិបត្តិ​ជំងឺកូវីដ​ ១៩​។

Roadmap​ នេះ​នឹង​ក្លាយ​ជា​ត្រី​វិស័យ និង​ជា​ផែន​ការ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​ ដើម្បី​ធានានូវ ​វិធានការ​អន្តរាគមន៍​ទាន់​ពេល​វេលា​និង​ប្រែ​ក្លាយ​វិបត្តិ​ជំងឺ​កូវីដ ១៩ ទៅ​ជា​កាលានុវត្តភាព​សម្រាប់​ការ​កែ​ទម្រង់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​ទៅ​ជាគោល​ដៅ​ទេសចរណ៍​គុណភាព​ សុវត្ថិភាព​ និង​និរន្តរភាព​ក្នុង​ការ​ទាញ​យក​មក​វិញ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​។

ផែនការស្តារ​ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍នេះ ​នឹងត្រូវ​អនុវត្តជា ​៣ ​ដំណាក់​កាល ​គឺដំណាក់​កាល​ទី១ ​(Resilience & Restart) ការ​គ្រប់គ្រង​វិបត្តិ​ក្នុង​ដំណាក់​កាល​ទម្លាប់​ថ្មី (New Normal) និងរៀបចំ​ផែនការ​សម្រាប់​ការស្ដារ​ឡើងវិញ (២០២១)។

ដំណាក់​កាលទី២​ (Recovery) គឺ​ ការស្ដារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ (២០២២-២០២៣) និង​ដំណាក់​កាលទី៣ (Relaunch) ការ​រៀប​ចំ​ឆ្ពោះ​ទៅកាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៤-២០២៥)។

ផែនទី​ចង្អុល​ផ្លូវនេះ​មាន​យុទ្ធ​សាស្រ្ដ​សរុប​ចំនួន​ ៩​ សកម្មភាព​យុទ្ធសាស្រ្ដ​ចំនួន​ ៤៩ ​និង​សកម្ម​ភាព​យុទ្ធសាស្រ្ដ​លម្អិត​ចំនួន​ ១៨០ រួមជា​មួយ​គម្រោង​កម្មវិធី​អាទិភាព​ចំនួន​ ១៧​។

ជាមួយគ្នា​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន ​កាលពី​ថ្ងៃទី​ ៣០ ​ខែមីនា ​បាន​អនុម័ត​ផែនការ​មេអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥​។

ផែនការ​មេអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប​ មាន​គោលដៅ​ធ្វើឱ្យ​ខេត្តនេះ​អាច​ក្តាប់​យក​មក​វិញ​នូវ​មោទន​ភាពជា​គោលដៅ​ទេសចរណ៍​ចម្បង​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​រយៈ​ពេល​មធ្យម​ និង​វែង​ខាងមុខ​។

ផែនការ​មេនេះ ​បានកំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្តសៀមរាប​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរជាតិ​ចំនួន​ ១៨,៤ ​លាននាក់ ​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ចំនួន​ ១០,៩ ​លាន​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន ​៧,៥ ​លាននាក់។

ព្រមទាំង​បង្កើត​ការងារ​ប្រមាណ ​៩៤ ​ម៉ឺននាក់ ​និង​បង្កើត​ចំណូល​ហូរ​ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​ប្រមាណ ​៦ ​ពាន់​លាន​ដុល្លារ៕