ភ្នំពេញៈ ក្រុមហ៊ុន​កម្ពុជា​តេលា​ដែល​ធ្វើ​អាជីកម្ម​លើ​ការចែកចាយ​ប្រេងឥន្ធនៈ​ដ៏ធំ​នៅ​កម្ពុជា​បាន​ទិញ​សិទ្ធិ​ដំណើរការ​ម៉ាក​យីហោ​ភោជនីយដ្ឋាន​ល្បី «The Habit Burger Grill» មកពី​សហរដ្ឋអាមេរិក​ដើម្បី​បម្រើសេវា​អាហារ​រហ័ស​នៅ​កម្ពុជា ដោយ​បើក​ដំណើរការ​សាខា​ដំបូង​នេះ​ថ្ងៃនេះ​នៅ​តំបន់​ទួលគោក រាជធានី​ភ្នំពេញ​។

លោក យី សុផល ប្រធាន​ប្រតិបត្តិ The Habit Burger Grill បានឱ្យដឹងថា ដោយ​មើលឃើញ​និន្នាការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ចូលចិត្ត​ទទួលទាន Burger ​ដូច្នេះហើយ​បានជា​ក្រុមហ៊ុន​កម្ពុជា​តេលា​ដែល​តែងតែ​គិតគូរ​លើ​គុណភាព​ផលិតផល​ជា​ចម្បង​បាន​ទិញ​ហ្វ្រេនឆាយ​យីហោ​របស់​អាមេរិក​ The Habit Burger Grill មក​បម្រើ​ដល់​អតិថិជន​នៅ​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh news ​កាលពី​ថ្ងៃ​ម្សិលមិញ​។

បើ​តាម​លោក សុផល The Habit Burger Grill សាខា​ទី​ ១ នៅ​ទីតាំង​ខណ្ឌទួលគោក ជិត​ស្ពាន​អាកាស​​ ៥​​ មករា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ហើយ​ក្រុមហ៊ុន​មាន​ផែន​ការបើក​សាខា​ទី​ ២ លើ​មហាវិថី​ម៉ៅសេទុង​ទល់មុខ​ស្ថានទូត​ចិន​នៅ​ខែក្រោយ​នេះ និង​សាខា​បន្តបន្ទាប់​ទៀត​នៅពេល​ក្រោយ​។

លោក ជី សិលា សហគ្រិន​កម្ពុជា​ដែល​ធ្លាប់​បើក​ដំណើរការ​សេវា​ម្ហូបអាហារ​ជាច្រើន​នៅ​កម្ពុជា​តាមរយៈ​ការទិញ​យីហោ​បរទេស និង​ការបង្កើត​យីហោ​ក្នុងស្រុក​បាន​កត់សម្គាល់​ថា អាហារ​ទាន់​ចិត្តជា​ប្រភេទ​អាហារ​ពេញនិយម​នៅ​កម្ពុជា ជាពិសេស​ចំណោម​យុវវ័យ​។

លោក ជី សិលា បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ទីផ្សារ​អាហារ​រហ័ស​នៅតែ​ល្អ​នៅ​កម្ពុជា ដែល​ប្រជាជន​នៅតែ​ចូលចិត្ត​វា​ខ្លាំងណាស់​»៕ LA