ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP) បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​ដាំ​ដំណាំ​ដំឡូងមី ខណៈ​ក្រសួងពាណិជ្ជកម្ម​កំពុង​រៀបចំ​គោលនយោបាយ​ជាតិ​វិនិយោគ​លើ​ដំឡូងមី​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម និង​ការនាំចេញ​។

បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ UNDP ស្តីពី​ការរៀបចំ​ករណី​វិនិយោគ​សម្រាប់​ដំឡូងមី​បាន​រកឃើញ​ថា ការវិនិយោគ​លើ​ដំណាំ​ដំឡូងមី អាច​ទទួល​បាន​ផល​ច្រើនជាង​ការវិនិយោគ​ក្នុង​វិស័យ​ផលិតកម្ម​ស្រូវ ចិញ្ចឹមសត្វ ស្បៀងអាហារ និង​វិស័យ​ទេសចរណ៍​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា កំណើន​ចំណូល​ពី​សារពើពន្ធ​ផ្ទាល់​សម្រាប់​វិស័យ​ដំឡូងមី​ទទួល​បាន​ប្រមាណ ១៣០ ​លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ​ឆ្នាំ​ដែល​ប្រហាក់ប្រហែល​នឹង​ចំណូល​ពី​ស្រូវ ការចិញ្ចឹម​សត្វ និង​ស្បៀងអាហារ​។ លើកលែង​តែ​វិស័យ​ទេសចរណ៍​ដែល​បាន​ផ្តល់​ចំណេញ​ច្រើន​ជាងគេ​គឺ ១៥១ ​លាន​ដុល្លារ​។

លោក លាង រ័ត្នម៉ាណា ប្រធាន​គម្រោង​របស់​អង្គការ UNDP ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ការរៀបចំ​ករណី​ការវិនិយោគ​សម្រាប់​ដំឡូងមី​របស់​អង្គការ UNDP កាលពី​ថ្ងៃ​សុក្រ​ថា មាន​និន្នាការ​កើនឡើង​នូវ​តម្រូវការ​ដំឡូង​ពី​ទីផ្សារ​ពិភពលោក និង​ពី​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ចាំបាច់​ត្រូវ​វិនិយោគ​លើ​វិស័យ​ដំឡូងមី​។

លោក​ថ្លែងថា​៖ «​ការវិនិយោគ [​ណាមួយ​ដែល​អាច​ធ្វើឡើង​] គឺជា​ការលើក​ទឹកចិត្ត និង​ជួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​សមស្រប​ក្នុង​ការដាំ​ដំឡូងមី​ឲ្យ​គាត់​ដាំដុះ​ដំឡូងមី ហើយ [​យក​រោងចក្រ​] សម្រាប់​កែច្នៃ​ទៅ​ដាក់​នៅ​តំបន់​សមស្រប​នោះ​»​។

លោក​បន្ថែមថា​៖ «​ចំណុចខ្លាំង​របស់​កម្ពុជា​គឺ​ទី​ ១ ផលិតកម្ម​យើង​ធំ ទី​ ២ យើង​មានលទ្ធភាព​ពង្រីក​ផ្ទៃដី​ដាំដុះ ទី​ ៣ ដី​ដែល​យើង​ប្រើប្រាស់​ដាំ​ដំឡូងមី​នៅ​មាន​គុណភាព​ល្អ បើ​ធៀប​ជាមួយ​ថៃ និង​វៀតណាម​»​។

បើ​យោងតាម​របាយការណ៍​របស់​អង្គការ UNDP ការអភិវឌ្ឍ​ក្នុង​វិស័យ​ដំឡូងមី កម្ពុជា​ត្រូវការ​កញ្ចប់​ថវិកា​វិនិយោគសាធារណៈ​ចំនួន ២៩៦ លាន​ដុល្លារ ខណៈ​ដែល​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ​ភាគច្រើន​គឺ​មិនទាន់​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការកែច្នៃ​ក្នុងប្រទេស​នៅឡើយ​ទេ​។

ស្របពេល​នេះដែរ​ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​រៀបចំ​គោលនយោបាយ​ជាតិ​សម្រាប់​វិស័យ​ដំឡូងមី​ផងដែរ​ក្នុង​គោលបំណង​ជំរុញ​ការនាំចេញ​។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​របាយការណ៍​នេះ​ថា ការរៀបចំ​គោលនយោបាយ​នេះ​គឺ​ដោយសារ​ដំណាំ​ដំឡូងមី គឺជា​ដំណាំ​កសិកម្ម​ធំ​ទី​ ២ បន្ទាប់ពី​ដំណាំ​ស្រូវ​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ថា ប្រជាពលរដ្ឋ​ជាច្រើន​បាន​ដាំដំឡូងមី​ដែលមាន​ជាង​កន្លះ​លាន​គ្រួសារ​។ វា​នឹង​អាចជួយ​ជីវភាព​គាត់​កាន់តែ​ល្អប្រសើរ​ដល់​ពួកគាត់​»​។

ទាក់ទង​នឹង​ឯកសារ​គោលនយោបាយ​នេះ លោក​ថ្លែងថា​៖ «​ឯកសារ​យើង​បានដាក់​ទៅកាន់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ហើយ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ទទួល​ឯកភាព​លើ​ខ្លឹមសារ ប៉ុន្តែ​មិនទាន់​ឆ្លង​ទីស្តីការ​នៅឡើយ​ទេ ដោយសារ​ឯកសារ​មិនទាន់​ត្រូវ​តាម​លក្ខខណ្ឌ​កំណត់​របស់​រដ្ឋាភិបាល​»​។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​ខេត្ត​នេះ​ការដាំដុះ​ដំឡូងមី​នៅ​ឆ្នាំនេះ មាន​ចំនួន ៥ ​ម៉ឺន​ហិកតា​ដោយ​ទទួល​បាន​ទិន្នផល​ប្រហែល ១ លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។ លោក​បន្ថែមថា ទីផ្សារ​ដំឡូងមី​របស់​កសិករ​ភាគច្រើន​លក់​ទៅ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​។ លោក​បន្តថា តម្លៃ​ដំឡូងមី​សម្រាប់​ខេត្ត​ត្បូងឃ្មុំ​អាចមាន​ក្នុង​រង្វង់ ៣៤០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​នៅ​ដើម​រដូវ​ប្រមូលផល​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖« ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់​មន្ទីរ​បាន​ផ្សព្វផ្សាយ​ដល់​កសិករ​ដាំដំឡូងមី​ឲ្យ​ត្រូវ​ចេះ​ជ្រើសរើស​ពូជ ការថែទាំ ហើយ​មន្ទីរ​ក៏​បាន​ជំរុញ​ឲ្យ​កសិករ​រៀបចំ​ថ្នាល​សម្រាប់​បណ្តុះ​ពូជ​ដំឡូង ដោយសារ​ពូជ​ដំឡូងមី​មួយចំនួន​នាំចូល​ពី​ក្រៅ​មក​»​។

ទោះ​យ៉ាងណា​លោក​អះអាង​ថា បញ្ហា​ប្រឈម​របស់​កសិករ​គឺ​ជំងឺ​កើត​លើ​ដំឡូងមី និង​គ្រោះរាំងស្ងួត​ជាដើម​។ លោក​ថា​៖ «​យើង​កំពុង​ចងក្រង​កសិករ​ជា​ក្រុម ដើម្បី​លក់​ដំឡូង​ទៅ​ឲ្យ​អ្នក​ប្រមូល​ទិញ​តាមរយៈ​តម្លៃ​ព្រមព្រៀង​គ្នា​ណាមួយ​តាម​ទីផ្សារ​ជាក់ស្តែង​»​។

របាយការណ៍​នេះ​បានបង្ហាញ​ទៀតថា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​សម្រាប់​វិស័យនេះ​ចាំបាច់​ត្រូវមាន​កិច្ចអន្តរាគមន៍​ពី​វិស័យ​សាធារណៈ​តាមរយៈ​ការផ្តល់​ធនធាន ដើម្បី​គាំទ្រ​ដល់​ការដាំដុះ ការកែច្នៃ និង​ស្វែងរក​ទីផ្សារ និង​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ជាដើម​។

តាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម ការនាំចេញ​ដំឡូងមី​របស់​កម្ពុជា​មាន​តម្លៃ ១៧,៨ លាន ​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧ ខណៈ​ការនាំចេញ​នៅ​ឆ្នាំ ២០១៨ បាន​ធ្លាក់​មក​ត្រឹម ១២,៦ លាន​ដុល្លារ​៕ LA

វីដេអូ៖