
ភ្ញៀវទេសចរចិន ដែលមកកម្ពុជាកំពុងកម្សាន្តនៅឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាចាំបាច់ត្រូវត្រៀមខ្លួនឲ្យកាន់តែប្រសើរដើម្បីទាក់ទាញភ្ញៀវទេសចរចិនដែលកំពុងមានការផ្លាស់ប្តូរ ខណៈប្រទេសនេះកំពុងទទួលបានការមកដល់នៃភ្ញៀវទេសចរចិនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវផ្នែកទេសចរណ៍ក្រៅប្រទេសរបស់ប្រទេស ចិន (Cotri) មានមូលដ្ឋាននៅទីក្រុង Hamburg ប្រទេស អាល្លឺម៉ង់។
ភ្ញៀវទេសចរចិនដែលមកកម្ពុជាបច្ចុប្បន្នមានទម្រង់ ២ ប្រភេទ គឺក្រុមទេសចរកញ្ចប់ ដែលមកជាក្រុមដើរទិញអីវ៉ាន់ ថតរូបលេង និងដើរកម្សាន្តជាដើម ខណៈប្រភេទទី២ ជាក្រុមតូចៗ ដែលមករៀបចំដោយខ្លួនឯងហើយភាគច្រើនជាយុវជន និយាយភាសាអង់គ្លេស និងមានចំណាប់អារម្មណ៍ខ្លាំងលើវិប្បធម៌ និងអាហារក្នុងស្រុក។
វិទ្យាស្ថានឲ្យដឹងថា Cotri នៅពេលនេះ ភ្ញៀវទេសចរចិនបានផ្តាស់ប្តូរទៅរកប្រភេទទេសចរណ៍ទី៣ ឬជា «ក្រុមទេសចរធ្វើតាមចិត្តចង់» ដែលការធ្វើដំណើររបស់ពួកគេមិនធ្វើឡើងតាមក្រុមហ៊ុនទេសចរណ៍ទេ។
នាយក COTRI បានឲ្យដឹងថា បន្ទាប់ពីមួយទសវត្សរ៍នៃកំណើនភ្ញៀវទេសចរក្រៅប្រទេស ប្រជាជនចិនកាន់តែច្រើនឡើងៗ មិនត្រឹមតែមានប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបទពិសោធផងដែរ។ លោកថ្លែងថា៖ «រលកថ្មីនៃតម្រូវការដ៏ទំនើបមកពីប្រទេស ចិន ផ្ដល់ឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនផ្ដល់សេវាទេសចរណ៍របស់កម្ពុជា»។
ប៉ុន្តែវាក៏ចាំបាច់សម្រាប់ការយល់ដឹងពីទីផ្សារទេសចរណ៍ក្រៅប្រទេសរបស់ប្រទេស ចិន ផងដែរ។
សម្រាប់ប្រទេស កម្ពុជា សារៈសំខាន់នៃឱកាសថ្មីៗ ក្នុងការទាក់ទាញភ្ញៀវទេសចរចិនមិនគ្រាន់តែពឹងផ្អែកលើកំណើននៃការមកដល់នោះទេ ប៉ុន្តែក៏ត្រូវរក្សាកម្រិតចំណូលផងដែរ។ នេះបើយោងតាមការស្រាវជ្រាវ។
របាយការណ៍នេះឲ្យដឹងថា៖ «នៅក្នុងតំបន់ជាច្រើនរបស់ប្រទេស កម្ពុជា ការចំណាយក្នុងភ្ញៀវទេសចរម្នាក់ក្នុងមួយថ្ងៃកំពុងធ្លាក់ចុះ ដោយសារតែការទិញអីវ៉ាន់មិនសូវមានសារៈសំខាន់ ខណៈផលិតផល និងសេវាដែលភ្ញៀវទេសចរចង់បាន មិនត្រូវបានអភិវឌ្ឍនៅក្នុងប្រទេស កម្ពុជា តាមចំនួនគ្រប់គ្រាន់នោះទេ»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា កាលពីម្សិលមិញ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកម្ពុជាតាមរយៈការរៀបចំរបស់ក្រុមហ៊ុនទេសចរណ៍នាពេលនេះ បានធ្លាក់ចុះជាងពេលមុនដោយពួកគេភាគច្រើនជ្រើសរើសការធ្វើដំណើរដោយខ្លួនឯងជំនួសវិញ។
លោកថ្លែងថា៖ «ពីមុនមក ការធ្វើដំណើរមកកម្ពុជារបស់ភ្ញៀវទេសចរចិនស្ទើរទាំងអស់ សុទ្ធតែត្រូវបានរៀបចំដោយក្រុមហ៊ុនទេសចរណ៍ ទាំងកន្លែងស្នាក់នៅ កន្លែងទទួលទានអាហារ ទិញទំនិញ និងការធ្វើដំណើរកម្សាន្តជាដើម។ លោកលើកឡើងថា បច្ចុប្បន្ននិន្ននាការនេះកំពុងផ្លាស់ប្តូរ ដោយភ្ញៀវចង់ស្វែងរកជម្រើសដោយខ្លួនឯង»។ លោកបន្តថា បច្ចេកវិទ្យាក៏ជាផ្នែកមួយជំរុញធ្វើឲ្យចំនួននៃការធ្វើដំណើរដោយខ្លួនឯងកើនឡើងផងដែរ។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានទទួលស្គាល់ថា ភ្ញៀវទេសចរចិនដែលមកកម្ពុជាដោយខ្លួនឯង ពិតជាកំពុងកើនឡើង ហើយការផ្លាស់ប្តូរនេះ ដោយសារកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិសុខល្អប្រសើរ ព្រមទាំងជាកន្លែងដែលមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍ និងវិនិយោគផងដែរ។
លោកបានអះអាងថា៖ «កំណើនភ្ញៀវទេសចរចិនមកកម្ពុជាទោះជាក្នុងរូបភាពណាក៏ដោយ គឺសុទ្ធតែផ្តល់នូវភាពវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា»។
ការស្រាវជ្រាវរបស់វិទ្យាស្ថាន Cotri បង្ហាញថា ភ្ញៀវទេសចរចិនជាច្រើននឹងមានលទ្ធភាព និងមានបំណងក្នុងការចំណាយប្រាក់កាន់តែច្រើននៅក្នុងប្រទេស កម្ពុជា ប្រសិនបើពួកគេអាចស្វែងរកសកម្មភាពជាក់លាក់គ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ ភ្ញៀវទេសចរវ័យចំណាស់ សិល្បៈ ឬអ្នកស្រឡាញ់ធម្មជាតិ។
ការផ្ដល់សេវាធ្វើដំណើរ ដែលធ្វើឲ្យពួកគេអាចរៀបចំដោយខ្លួនឯង ពឹងផ្អែកលើចំណេះដឹងអាចជួយបែងចែកភ្ញៀវទេសចរទៅក្នុងតំបន់ផ្សេងៗ ទាក់ទាញពួកគេនៅរដូវមិនសូវសម្បូរភ្ញៀវ និងធ្វើឲ្យពួកគេស្នាក់នៅកាន់តែយូរ និងចំណាយប្រាក់កាន់តែច្រើន៕LA