ភ្នំពេញ: អគ្គនាយក​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បានឱ្យ​ដឹងថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការចរចា​ជាមួយ​សមភាគី​ថៃ​អំពី​ការបែងចែក​អត្ថប្រយោជន៍​នៃ​តំបន់​ដែល​អះអាង​ថា​ត្រួតស៊ីគ្នា (OCA) នៅក្នុង​ឈូង​សមុទ្រ​ថៃ​។

លោក ជៀប សួរ អគ្គនាយក​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ​កាលពី​ថ្ងៃ​ចន្ទ​ថា រហូត​មក​ដល់​ពេលនេះ​ក្រសួង​កំពុង​រង់ចាំ​ការឆ្លើយតប​ពី​ភាគី​ថៃ ដើម្បី​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​អំពី OCA ដើម្បី​ពន្លឿន​អត្ថប្រយោជន៍​របស់​ប្រទេស​ទាំង​ ២​។

លោក​បានឱ្យ​ដឹងថា រដ្ឋមន្ដ្រី​ក្រសួង​របស់​លោក​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​អាមេរិក​មួយចំនួន​រួចហើយ ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក អាស៊ាន ស្ដីពី​ថាមពល​តាមរយៈ​វីដេអូ​ខន់ហ្វើរិនថា ភាគី​កម្ពុជា​ស្វាគមន៍​ការចរចា​នេះ​កាលពី​សប្តាហ៍​មុន​។

លោក​ថ្លែងថា​៖ «​លោក​រដ្ឋមន្ដ្រី​របស់​ខ្ញុំ​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន​ថា កាលពី​សប្តាហ៍​មុន​យើង​បាន​ធ្វើ​ការងារ​ជាមួយ​រដ្ឋមន្ដ្រី​ថាមពល​របស់​ប្រទេស​ថៃ នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​អាស៊ាន​កាលពី​ឆ្នាំ​ ២០១៩ ហើយ​ក្រោយមក​យើង​បាន​បន្ត​ធ្វើ​ការងារ​ជាមួយ​ពួកគេ​ដើម្បី​បង្កើន​ល្បឿន​ការងារ​នេះ​»​។

ទោះយ៉ាងណា​លោក ជៀប សួរ បានឱ្យ​ដឹងថា​ថ្មីៗ​នេះ រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​ថៃ​បាន​ផ្លាស់ប្តូរ ដូច្នេះ​ភាគី​កម្ពុជា​នឹង​បន្តការងារ​ជាមួយ​រដ្ឋមន្ដ្រី​ថ្មី​ទៅលើ​របាយការណ៍​ដែល​បាន​ពិភាក្សា​គ្នា​រួច ហើយ​ជាមួយ​អតីតរដ្ឋមន្ដ្រី «​នៅពេល​នេះ​យើង​មិនដឹងថា តើ​រដ្ឋមន្ដ្រី​ថាមពល​ថ្មី​របស់​ប្រទេស​ថៃ​នឹង​បន្ត​ការចរចា​ជាថ្មី​ទៅលើ​ឯកសារ​មុន​នោះ​ ឬ​យ៉ាងណា​នោះទេ ឬ​ក៏​លោក​នឹង​ត្រូវការ​ពេលវេលា​ក្នុង​ការសិក្សា​បន្ថែម​លើ​ឯកសារ​ទាំងនោះ​ឡើងវិញ​»​។

លោក​លើកឡើង​ថា​៖ «​នៅពេលនេះ ដូច​យើង​ដឹង​ហើយ​ថា​នៅ​ប្រទេស​ថៃ​គឺមាន​បញ្ហា​ផ្ទៃក្នុង​ទាក់ទង និង​ស្ថានការណ៍​សង្គម និង​នយោបាយ ដូច្នេះ​យើង​មិនទាន់​បាន​កំណត់​ពេលវេលា​ណាមួយ​សម្រាប់​កិច្ចប្រជុំ​បន្ទាប់​នោះទេ ហើយ​នៅពេល​នេះ​យើង​រង់ចាំ​មើល​ពី​ភាគី​ថៃ​»​។

កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៩ លោក ស៊ុយ សែម បាន​ជួបពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ដ្រីក្រសួង​ថាមពល​ថៃ Sontirat Sontijirawong នៅក្រៅ​ជំនួប​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​អាស៊ាន​លើក​ទី​ ៣៧ ស្ដីពី​ថាមពល​នៅ​ទីក្រុង​បាងកក ដោយ​ភាគី​ទាំង​ ២ ​បាន​ឯកភាព​គ្នា​ក្នុង​ការបន្ត​កិច្ចពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​នៅក្នុង OCA រវាង​ប្រទេស​កម្ពុជា និង​ថៃ​។

ការអភិវឌ្ឍ​ទៅលើ​តំបន់ OCA ដែល​មាន​ប្រវែង​ ២៦ ០០០ ​គីឡូម៉ែត្រ​ការ៉េ ដែល​ត្រួត​ស៊ី​គ្នា​នៅ​ព្រំដែន​កម្ពុជា និង​ថៃ​នៅ​ឈូងសមុទ្រ​ថៃ​ជា​ចំណុច​វិវាទ​រវាង​ប្រទេស​ជិតខាង​គ្នា​ទាំង​ ២ ​នេះ​ដែល​បាន​អះអាង​យក​តំបន់​នេះ​រៀងៗ​ខ្លួន​ចាប់​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​រុករក​រួមគ្នា​នៅ​តំបន់​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០០១ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ផ្អាក​ដំណើរការ​ដោយ​រដ្ឋាភិបាល​ថៃ​កាលពី​ឆ្នាំ​ ២០០៩​។ ការចរចា​លើ​កិច្ចព្រមព្រៀង​រួម​ដើម្បី​ស្វែងរក​តំបន់​នេះ​បាន​កើតឡើង​ជា​ថ្មី​នៅពេល​លោកស្រី Yingluck Shinawatra អតីត​នាយករដ្ឋមន្ដ្រី​ថៃ​បាន​ឡើងកាន់​អំណាច​កាលពី​ឆ្នាំ​ ២០១១​។

ក្រោយពី​ការផ្តួលរំលំ​រដ្ឋាភិបាល​លោកស្រី Yingluck កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៤ ក្រុម​មេដឹកនាំ​របស់​ប្រទេស​ទាំង​ ២ ​បាន​ស្វែងរក​ការបន្ត​ការចរចា​នេះ​ឡើងវិញ​។

OCA ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​មាន​កំណប់​ប្រេង និង​ឧស្ម័ន​រហូតដល់​ ៥០០ ​លាន​បារ៉ែល​ដែល​ស្ថិតនៅ​ក្រោម​បាតសមុទ្រ​។

បើ​យោងតាម​អត្ថបទ​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) អំពី​ចក្ខុវិស័យ​ថាមពល​អាស៊ីអាគ្នេយ៍​ខែ​កញ្ញា ឆ្នាំ​ ២០១៣ បាន​ឱ្យ​ដឹងថា ការផលិត​ឧស្ម័ន​របស់​ប្រទេស​ថៃ​ត្រូវ​បាន​រំពឹងថា នឹង​ធ្លាក់ចុះ ៧៥ ​ភាគរយ ​ត្រឹម​ឆ្នាំ​ ២០៣៥ ខណៈ​ដែល​តម្រូវការ​ឧស្ម័ន​ធម្មជាតិ​ក្នុង​ស្រុក​ត្រូវ​បាន​រំពឹងថា​នឹង​កើនឡើង​ក្នុង​អំឡុង​ពេលនោះ​។

IEA ក៏បាន​លើកឡើង​ពី​ដំណោះស្រាយ​នៃ​ជម្លោះ​រយៈពេល​យូរ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ​លើ​តំបន់ OCA ដែល​នឹង​ជា​ទ្រព្យសកម្ម​ដ៏មានតម្លៃ និង​មាន​រយៈពេល​យូរ​ចំពោះ​ចក្ខុវិស័យ​ថាមពល​របស់​ប្រទេស​ថៃ​ ដល់​ឆ្នាំ​ ២០៣៥៕ LA