ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​ និង​ម៉ុងហ្គោលី​ដែល​ជា​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នៅក្នុង​តំបន់ និង​ពិភពលោក​ក្នុងអំឡុង​ពេល និង​ក្រោយពេល​នៃ​ការរីករាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩​។

មន្ត្រី​អន្តរក្រសួង​មកពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ជួបប្រជុំ​នៅ​ដើម​សប្តាហ៍​នេះ ក្រោម​កិច្ចសម្របសម្រួល​របស់​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ពិនិត្យ​លើ​ទស្សនទាន​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។

លោក រាជ រ៉ា បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​ពី​សមាជិក​ក្រុមការងារ​អន្តរក្រសួង​លើ​ឯកសារ​ទស្សនទាន​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​អាស៊ីបូព៌ា (ERIA)​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ជំរុញ​ឲ្យ​ក្រុមការងារ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ការសិក្សា​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ទទួល​បាន​ជោគជ័យ​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កិច្ចប្រជុំ​ជាមួយ​វិទ្យាស្ថាន ERIA នឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​»​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ឆ្លាស់​វេន​នៃ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការសិក្សា​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ដែល​ជា​វិធានការ​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នៅក្នុង​តំបន់ និង​ពិភពលោក​។

លោក​បន្តថា សព្វថ្ងៃ​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ចរចា​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងត្បូង និង​កំពុង​រៀបចំ​សិក្សា​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​តំបន់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EAEU) រួមមាន សាធារណរដ្ឋ​អាមេនី សាធារណរដ្ឋ​បេឡារុស សាធារណរដ្ឋ​កាហ្សាក់ស្ថាន សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន និង​សហព័ន្ធរុស្ស៊ី​។

លោក​ថ្លែងថា​៖ «​យើង​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រីក​ទីផ្សារ​ថ្មី​បន្ថែមទៀត​។ យើង​ជា​ប្រទេស​មាន​សក្តានុពល​ផ្នែក​កសិកម្ម ដែល​មាន​លទ្ធភាព​ច្រើន​ក្នុង​ការពង្រីក​កសិកម្ម​យើង​ទៅ​ជា​កសិឧស្សាហកម្ម​។ យើង​គិតថា យើង​មាន​លទ្ធភាព​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​ក្នុង​នោះ​ក៏មាន​ម៉ុងហ្គោលី​ផងដែរ​»​។

កាលពី​ឆ្នាំ ២០១៤ ប្រទេស​កម្ពុជា និង​ម៉ុងហ្គោលី​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ស្តីពី​ការបង្កើត​នៃ​ពិគ្រោះ​យោបល់​ទ្វេភាគី​ក្នុង​បំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​។

ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េខាងត្បូង រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​សម្លឹងមើល​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ឥណ្ឌា អូស្ត្រាលី អាមេរិក កាណាដា ចក្រភព​អង់គ្លេស នូវែលសេឡង់ និង​ជប៉ុន​។

យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បានល្អ​សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឲ្យ​រើប​ឡើងវិញ​ក្រោយ​ជំងឺ​កូវីដ​១៩​ដែល​ចាំបាច់​ផ្តោត​ការយកចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​លើ​ការវិនិយោគ​ក្នុង​តំបន់ និង​ពង្រីក​លទ្ធភាព​ធ្វើ​ពាណិជ្ជកម្ម​ដែល​កើតចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-ចិន​ ដោយ​មាន​ភាពចាំបាច់​គួរ​ធ្វើ​ដើម្បី​សម្រួល​ដល់​ការវិនិយោគ​ក្នុងស្រុក និង​បរទេស បង្កើន​តម្លៃបន្ថែម​ក្នុងស្រុក និង​បង្កើត​ការងារ​ធ្វើ​ថែមទៀត​៕ LA