The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ត្រៀម​រួចរាល់​ក្នុង​ការរក្សាសន្តិសុខ​ស្បៀង និង​ស្ថិរភាព​ថ្លៃ




កម្ពុជា​ត្រៀម​រួចរាល់​ក្នុង​ការរក្សាសន្តិសុខ​ស្បៀង និង​ស្ថិរភាព​ថ្លៃ

Content image - Phnom Penh Post
ក្រសួង​កសិកម្ម​កំពុង​ជំរុញ​ឲ្យ​ប្រជាកសិករ​បង្កើន​ការដាំដុះ​បន្ថែម​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍

កម្ពុជា​ត្រៀម​រួចរាល់​ក្នុង​ការរក្សាសន្តិសុខ​ស្បៀង និង​ស្ថិរភាព​ថ្លៃ

ភ្នំពេញ: ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កម្ពុជា​នឹង​រក្សាបាន​និរន្តរភាព​ស្បៀង​គ្រប់គ្រាន់​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ដែល​ជា​យន្តការ​មួយ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ក្នុង​ការរក្សា​ស្ថិរភាព​ថ្លៃ​លើ​ទីផ្សារ​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​រួមមាន​បន្លែ ត្រី និង​សាច់​នឹង​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ក្នុងស្រុក​ក្នុង​ពេល​រដ្ឋាភិបាល​ធ្វើការ​ទប់ស្កាត់​ការរីករាលដាល​កូវីដ​ ១៩​។

លោក​បន្ថែម​ថា ក្រសួង​បាន​ត្រៀម​ស្តុក​សាច់ជ្រូក​ប្រមាណ ១៣០ ​តោន ​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល​ ៣ ​ខែ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ខណៈ​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​សាច់សត្វ​ក្នុង​ស្រុក​សរុប​ប្រចាំ​ឆ្នាំ​មាន​ជាង ២៣៩ ​ពាន់​តោន​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​នឹង​ពិភាក្សា​ការទិញ​សាច់ជ្រូក​ស្តុក​ទុក​នេះ​ជាមួយ​ក្រុមហ៊ុន​នាំចូល​សាច់​ឲ្យ​ជួយ​ទិញ​ស្តុក ដោយ​មាន​ការផ្តល់​សម្បទាន​ផ្សេងៗ​ដល់​ក្រុមហ៊ុន​»​។

លោក​បាន​បន្តថា​៖ «​ក្រសួង​នឹង​ផ្តល់​ពូជ​សត្វ ពិសេស​ពូជមាន់​ដែល​មាន​រយៈពេល​ខ្លី​ក្នុង​ការទទួលផល​ព្រម​ទាំង​ផ្តល់​ចំណី​សត្វ​ដល់​អ្នក​ចិញ្ចឹម ដើម្បី​ពង្រីក​ផលិតកម្ម​សត្វ​»​។

លោក​បន្ថែម​ថា​ទន្ទឹម​នឹង​នេះ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​បន្លែ​ក្នុង​ស្រុក​ប្រចាំ​ឆ្នាំ​ ២០២០ នេះ​បាន​ប្រមាណ ៧១៦ ១១៣ ​តោន ​ស្មើនឹង​ ៦៨ ​ភាគរយ​ នៃ​តម្រូវការ​បន្លែ​សរុប​ជាង​ ១ ​លាន​តោន​។ លោក​បាន​បន្ថែមថា ទោះបី​យ៉ាង​ណា​កម្ពុជា​ចាំបាច់​ធ្វើការ​នាំចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ប្រមាណ ៣២ ភាគរយ ដើម្បី​បំពេញ​តម្រូវការ​កង្វះខាត​បន្លែ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​ក្នុង​អំឡុង​មាន​ការរីករាលដាល​វីរុស​កូរ៉ូណា រដ្ឋាភិបាល​បាន​ចេញ​វិធានការ​មួយ​ចំនួន​ដូចជា ការជ្រើសរើស​ទីតាំង​ដែល​មាន​សក្តានុពល​ដាំ​បន្លែ និង​មាន​ប្រភពទឹក​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​ផលិតកម្ម​បាន​ពេញ​មួយឆ្នាំ និង​ជ្រើសរើស​សហគមន៍​ដែល​មាន​សក្តានុពល និង​មាន​សមត្ថភាព​​គ្រប់គ្រាន់​ក្នុង​ការផលិត​ដំណាំ​បន្លែ​ក្នុង​ទ្រង់ទ្រាយ​ធំ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ប្រាប់​ដែរ​ថា ក្រសួង​នឹង​ផ្គត់ផ្គង់​គ្រាប់ពូជ​បន្លែ សម្ភារ និង​ឧបករណ៍​កសិកម្ម​ចាំបាច់​ទៅ​ដល់​កសិករ​ផលិត​បន្លែ ជាពិសេស​កសិករ​ក្រីក្រ​ខ្វះ​លទ្ធភាព ហើយ​ក្រសួង​ក៏​នឹង​ផ្តល់​បច្ចេកវិទ្យា​ទំនើប​តាមរយៈ​ការអនុវត្ត​កសិកម្ម​ល្អ​ដោយ​ភាព​វៃឆ្លាត ដើម្បី​បង្កើន​ផលិតកម្ម ដំណាំ​បន្លែ​សុវត្ថិភាព និង​រៀបចំ​ប្រតិទិន​ដាំដុះ​ក្នុង​ការផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ដល់​កសិករ​ផលិត​បន្លែ​។

លោក​បន្តថា​៖ «​ការបង្កើត​បណ្តាញ​ទីផ្សារ​ដើម្បី​ផ្សារភ្ជាប់​អ្នកទិញ និង​សហគមន៍​ផលិត​បន្លែ​ក្នុង​ទិសដៅ​ធ្វើឲ្យ​មាន​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ដល់​ទីផ្សារ និង​ការអនុវត្ត​យន្តការ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​»​។

កាលពី​ថ្ងៃទី​ ៥ ខែមេសា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លែ​ទំនិញ​យុទ្ធសាស្ត្រ​ក្នុង​អំឡុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​។ ក្រុមការងារ​នេះ​មាន​តំណាង​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក ចាន់ សុឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា សមាជិក​សហព័ន្ធ​របស់លោក​ទាំងអស់​បាន​ត្រៀម​ស្រូវ និង​អង្ករ​ក្នុង​ស្តុក​គ្រប់គ្រាន់​ក្នុង​ការរក្សា​និរន្តរភាព​ស្បៀង​ក្នុងស្រុក​ចំពេល​មាន​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ នេះ​។ លោក​បាន​បន្តថា វិធានការ​រក្សា​ស្បៀង​ក្នុង​ស្តុក​នេះ​ក៏បាន​ជួយ​រក្សា​តម្លៃ​អង្ករ​លើ​ទីផ្សារ​ក្នុងស្រុក​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ត្រៀម​អង្ករ​គ្រប់គ្រាន់​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​ជំងឺ​កូវីដ-១៩​នេះ ហើយ​យើង​សង្កេតឃើញ​ថា សព្វថ្ងៃ​មិនមាន​ការ​ប្រែប្រួល​តម្លៃ​អង្ករ​លើ​ទីផ្សារ​ក្នុង​ស្រុក​គួរ​ឲ្យ​កត់សម្គាល់​ទេ​»​។

បើ​យោង​តាម​លោក ស្រី វុឌ្ឍី តម្រូវការ​សាច់​សរុប​ប្រចាំ​ឆ្នាំ​មាន​ចំនួន ២៩០ ពាន់​តោន​ ក្នុងនោះ​សាច់គោ​ក្របី​មាន​ចំនួន​ ៨២ ​ពាន់​តោន សាច់ជ្រូក មាន​ ១៥៣ ​ពាន់​តោន ​សាច់​បក្សី ៥៤ ​ពាន់​តោន និង​សាច់​ផ្សេងទៀត​សរុប ១៦៥ ​តោន ខណៈ​ផលិតកម្ម​ក្នុង​ស្រុក​ប្រចាំ​ឆ្នាំ​មានលទ្ធភាព​ផ្គត់ផ្គង់​ប្រមាណ ២៣៩ ​ពាន់​តោន​ស្មើនឹង ៨២ ​ភាគរយ​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍