ភ្នំពេញៈ ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​អានុភាព​ ៦០ ​មេហ្គាវ៉ាត់ ​របស់​ក្រុមហ៊ុន Schneitec Renewable Co., Ltd ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ត្រូវ​បាន​តភ្ជាប់​ចូលក្នុង​បណ្តាញ​ជាតិ​ហើយ​កាលពី​ចុង​សប្តាហ៍​មុន ដែល​ធ្វើឲ្យ​ថាមពល​អគ្គិសនី​ដែល​ផលិត​ពី​សូឡា​កើន​ដល់ ១៥០ ​មេហ្គាវ៉ាត់​។ នេះ​បើតាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

រហូត​មកដល់​ពេលនេះ​មាន​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ចំនួន ៣ ​កន្លែង​ ដែល​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​រួមមាន​ស្ថានីយ​នៅ​បាវិត​ (​ខេត្តស្វាយរៀង​) អានុភាព ១០ ​មេហ្គាវ៉ាត់​ នៅ​កំពង់ស្ពឺ អានុភាព ៨០ ​មេហ្គាវ៉ាត់ និង​នៅ​កំពង់ឆ្នាំង​អានុភាព ៦០ ​មេហ្គាវ៉ាត់​។

លោក វិចទ័រ ហ្សូនា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃអាទិត្យ​ថា នេះ​ជា​ដំណើរ​វិវឌ្ឍន៍​ថ្មី​មួយទៀត​របស់​វិស័យ​អគ្គិសនី​កម្ពុជា​ក្នុង​ការបង្កើន​សមត្ថភាព​ផលិត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការបន្ទាប​តម្លៃ​អគ្គិសនី​ទៅដល់​អ្នកប្រើប្រាស់​។

លោក​បន្តថា ការដាក់​ដំណើរការ​ស្ថានីយ​នៅ​ខេត្តកំពង់ឆ្នាំង​បាន​ធ្វើឲ្យ​ថាមពល​អគ្គិសនី​ដែល​កម្ពុជា​ផលិត​បាន​ពី​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កើន​ដល់ ១៥០ ​មេហ្គាវ៉ាត់​ នៅក្នុង​ចំណោម​គម្រោង​វិនិយោគ​លើ​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​សរុប ៤១០ ​មេហ្គាវ៉ាត់​ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​។

លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​ប្រភព​អគ្គិសនី​បៃតង​ដែល​ជា​ការខិតខំ​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​យើង​ធានាបាន​ទាំងស្រុង​ចំពោះ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ដោយ​មិន​មាន​ការកាត់ផ្តាច់​តាម​តំបន់ និង​តាម​ពេល​ក្នុង​រដូវប្រាំង​ដូច​កាលពី​ឆ្នាំ​ ២០១៩ ទៀត​ទេ​»​។

ផ្ទាំង​កញ្ចក់​សូឡា​ដែល​ដាក់​ដំឡើង​នៅក្នុង​ខេត្តកំពត​។ហេង ជីវ័ន

បើ​តាម​លោក ហ្សូនា នៅ​ថ្ងៃ​ធ្វើការ​ធម្មតា​ (​ចន្ទ-សុក្រ​) តម្រូវការ​ថាមពល​អគ្គិសនី​ប្រើប្រាស់​មាន​ក្នុង​រង្វង់​ ១ ៨០០ ​មេហ្គាវ៉ាត់ ខណៈ​ថ្ងៃ​ឈប់សម្រាក​មាន​ចន្លោះ​ពី ១ ៣០០ - ១ ៤០០ ​មេហ្គាវ៉ាត់​ក្នុង​ ១ ​ថ្ងៃ​។

បច្ចុប្បន្ននេះ Schneitec Renewable Co., Ltd មាន​គម្រោង​វិនិយោគ​លើ​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ចំនួន ៣ កន្លែង​នៅ​កម្ពុជា ក្នុង​នោះ ២ ​កន្លែង​កំពុង​ដំណើរការ​គឺ​ស្ថានីយ​អានុភាព ៨០ ​មេហ្គាវ៉ាត់ ​នៅ​ខេត្តកំពង់ស្ពឺ និង​អានុភាព ៦០ ​មេហ្គាវ៉ាត់​នៅ​ខេត្តកំពង់ឆ្នាំង ចំណែក ៦០ ​មេហ្គាវ៉ាត់​ នៅ​ខេត្តពោធិ៍សាត់​កំពុង​សាងសង់​។ នេះ​បើតាម​លោក ហ្សូនា​។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC) ​មិន​អាច​ទាក់ទង​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​កាលពី​ថ្ងៃ​សៅរ៍​លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ អានុភាព ៦០ ​មេហ្គាវ៉ាត់​នេះ​បាន​តភ្ជាប់​ចូល​បណ្តាញ​ជាតិ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​ ១០ ខែ មេសា ឆ្នាំ​ ២០២០​។ ​ការដាក់​ចូលក្នុង​បណ្តាញ​ជាតិ​នៅពេល​នេះ​គឺជា​ការរួមចំណែក​ក្នុង​ការបង្កើន​ប្រភព​ផ្គត់ផ្គង់ និង​ដើម្បី​ជួយ​បង្កើន​សមាមាត្រ​របស់​ថាមពល​កកើត​ឡើងវិញ​ទៅក្នុង​បណ្ដាញ​ជាតិ​។

លោក​បន្តថា នេះ​ជា​ថាមពល​កកើត​ឡើងវិញ ហើយ​ជា​ថាមពល​ស្អាត​ដែល​មិនមាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ស្រប​ជាមួយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការបង្កើន​សមាមាត្រ​ថាមពល​កកើត​ឡើងវិញ​គ្រប់​រូបភាព និង​រាប់ទាំង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ឲ្យ​កាន់តែ​ច្រើន​ក្នុង​បណ្ដាញ​អគ្គិសនី​ជាតិ​។

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​ផលិត​ថាមពល​បាន​ចំនួន ១១ ២៦១ លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​ឆ្នាំ ២០១៩ កើនឡើង ២១ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ៩ ៤២៧ លាន​គីឡូវ៉ាត់ម៉ោង​៕ LA

វីដេអូ៖