
កសិករដាំថ្នាំជក់នៅខេត្តត្បូងឃ្មុំនាពេលកន្លងមក។ ភ្នំុពេញ ប៉ុស្តិ៍
ភ្នំពេញៈ កម្ពុជា និងរៀតណាមបានឯកភាពគ្នាបញ្ចប់នីតិវិធីផ្ទៃក្នុងសម្រាប់បន្តសុពលភាព «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី» រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ឆ្នាំ ២០២១-២០២០។
ការបញ្ចប់នីតិវិធីផ្ទៃក្នុងនេះត្រូវបានធ្វើឡើងបន្ទាប់ពីភាគីទាំង ២ បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំគណៈកម្មាការចម្រុះ (JC) កម្ពុជា-វៀតណាម លើកទី១៨ ស្តីពី «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី» កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានផ្សាយ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំនេះថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយចំពោះមុខទំនិញចំនួន ៣១ នៃបន្ទាត់ពន្ធគយដែលមានដើមកំណើតនៅ កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម។ ក្នុងចំណោមមុខទំនិញទាំង ៣១ នៃបន្ទាត់ពន្ធគយនេះភាគច្រើនជាផលិតផលកសិកម្ម។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករនិងអ្នកនាំចេញមកស្នើសុំវិញ្ញាបនបត្របញ្ជាក់ ដើមកំណើតទំនិញទម្រង់អេស (Co Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញទាំង ៣១ បន្ទាត់ពន្ធគយ។
ដោយឡែក សម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ស្ងួតសម្រាប់អនុវត្តឆ្នាំ ២០២១ សូមផលិតករ និងអ្នកនាំចេញអាចដាក់ពាក្យស្នើសុំមកក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ-នាំចូលនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំនេះ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តាមកិច្ចព្រមព្រៀងនេះ វៀតណាមបន្តផ្តល់កូតា នាំចូលរួចពន្ធលើសន្លឹកថ្នាំជក់ ៣ ០០០ តោន និងអង្ករ ៣០០ ០០០ តោននៅឆ្នាំនេះ។
កម្ពុជា និងវៀតណាមបានយល់ព្រមលើការអនុគ្រោះពន្ធសម្រាប់ផលិតផលកសិកម្មឆ្លងកាត់ព្រំដែនទាំង ២ កាលពីឆ្នាំ ២០១៦។
ទិន្នន័យក្រសួងពាណិជ្ជកម្មឱ្យដឹងថា កម្ពុជាបាននាំចេញសន្លឹកថ្នាំជក់ស្ងួតទៅវៀតណាម ១ ៣៧៧ តោន ដែលមានតម្លៃជិត ៤,២ លានដុល្លារ កាលពីឆ្នាំ ២០២០ ធ្លាក់ ៣៤,៣៦ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។
ទិន្នន័យពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាបាននាំចេញថ្នាំជក់ ៥ ៨២០,៨២ តោន កាលពីឆ្នាំ ២០២០ ធ្លាក់ ១៤,០២ ភាគរយ ធៀបឆ្នាំ ២០១៩។
ចំណែកប្រាក់ទទួលបានមាន ១៧,៤៦ លានដុល្លារ ធ្លាក់ចុះ ២៨,៣៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។ ស្លឹកថ្នាំជក់ស្ងួតត្រូវបាននាំទៅប្រទេសវៀតណាម ហុងគ្រី ឥណ្ឌូនេស៊ី អារ៉ាប់រួម បែលហ្ស៊ិក អាហ្វ្រិកខាងត្បូង ក្រិក សិង្ហបុរី និងអាលឺ្លម៉ង់។
ទិន្នន័យពីក្រសួងកសិកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ផ្ទៃដីដាំថ្នាំជក់មាន ៥ ១៧៥ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមាន ៤ ៨៧៥ ហិកតា។ ការប្រមូលផលបាន ៦ ១៣២ តោន ធ្លាក់ចុះ ១ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕