ភ្នំពេញ: ខណៈពេល​ដែល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច សកល និង​តំបន់​បង្ក​ប៉ះពាល់​ដល់​តម្រូវការ និង​ខ្សែចង្វាក់​ផលិតកម្ម​កម្ពុជា​នៅតែ​បន្ត​ទទួល​បាន​ការវិនិយោគ​ថ្មី​បន្ថែមទៀត​។

រោងចក្រ​ថ្មី​ចំនួន​ ៧៧ បាន​បើក​ដំណើរការ​ស្រប​ពេល​រោងចក្រ​ចំនួន ៦ ​បាន​បិទទ្វារ​ដែល​ធ្វើឲ្យ​ចំនួន​រោងចក្រ​ចុះបញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កើន​ដល់​ចំនួន ១ ៨០១ នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០​។ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង នវានុវត្តន៍​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» ដែល​រៀបចំ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ម្សិលមិញ​លោក ហេង សុខគង់ ​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ឲ្យ​ដឹងថា បើទោះបី​ជា​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ ប៉ុន្តែ​តាមរយៈ​គោលនយោបាយ បើកទូលាយ​ដែល​មាន​ភាពទាក់ទាញ​បាន​ធ្វើឲ្យ​ចំនួន​រោងចក្រ​ដែល​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ មាន​ចំនួន​ ៧៧ ក្នុងនោះ ៧៥ ជា​រោងចក្រ​ថ្មី និង ២ ​រោងចក្រ​ទៀត​ជា​ការបើក​ដំណើរការ​ឡើងវិញ ដោយ​រោងចក្រ​ទាំងនេះ​អាច​បង្កើត​ការងារ​ថ្មី​បាន ២៧ ៩០៩ ​នាក់​។ លោក​បន្ត​ថា ជាមួយ​គ្នា​នេះ​ក៏​មាន​រោងចក្រ​ចំនួន ៦ ដែល​មាន​កម្មករ​ធ្វើការ​សរុប​ចំនួន ៦ ០៥២ ​នាក់​បាន​ប្រកាស​បិទ​ដំណើរការ​ផងដែរ​។

គិត​រហូត​មក​ដល់​ចុង​ខែ​មីនា​នៅ​កម្ពុជា​មាន​រោងចក្រ​ធុន​ធំ​សរុប​ចំនួន ១ ៨០១ ដែល​មាន​កម្លាំង​ពលកម្ម​កំពុង​បម្រើ​ការងារ​សរុប ១ ០៦៣ ០៣១ ​នាក់​។ លោក ហេង សុខគង់ បាន​ថ្លែងថា​៖ «​នេះ​ជា​មោទនភាព​មួយ​របស់​កម្ពុជា ខណៈ​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​ជំងឺ​កូវីដ​១៩»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា ចំនួន​នេះ​គឺ​មិន​រាប់​បញ្ចូល​ចំនួន​រោងចក្រ​ដែល​សម្រេច​ព្យួរ​ការងារ​មួយរយៈ ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ទេ។

បើ​តាម​លោក សុខគង់ មូលហេតុ​ចម្បង​មួយ​ដែល​ជំរុញ​ឲ្យ​មាន​រោងចក្រ​ថ្មីៗ​ជាច្រើន​បើក​ដំណើរការ​ក្នុង​អំឡុង​ពេលនេះ​គឺ​ដោយសារ​កម្ពុជា​មិន​បាន​ជួបប្រទះ​កង្វះខាត​ការផ្គត់ផ្គង់​វត្ថុ​ធាតុដើម​ពី​បរទេស ខណៈ​រោងចក្រ​នៅ​ប្រទេស​ជាច្រើន​នៅ​មិនទាន់​មាន​ដំណើរការ​នៅឡើយ​រហូត​ដល់​ពេលនេះ​។ លោក​លើកឡើង​ថា​៖ «​នេះ​ជា​ឱកាស​មាស​របស់​កម្ពុជា ដោយ​បន្ទាប់ពី​កូវីដ​បញ្ចប់​ទៅនឹង​មាន​ការបញ្ជា​ទិញ​ (​សម្លៀកបំពាក់​) ​ជាច្រើន​បាន​បង្វែរ​មក​កម្ពុជា​»​។

ខណៈ​កម្ពុជា​ត្រូវ​បាន​គេ​ដឹងថា ផលិតផល​នាំចេញ​របស់ខ្លួន​ភាគច្រើន​នៅពេល​បច្ចុប្បន្ន​ជា​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ លោក សុខគង់ បាន​និយាយ​ថា កម្ពុជា​កំពុង​ជំរុញ​ការធ្វើ​ពិពិធកម្ម​នៅក្នុង​វិស័យ​រោងចក្រ​ដោយ​មិន​ចង់​ឲ្យ​មាន​ការពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​វាយនភណ្ឌ​តែ​ ១ ​មុខ​នោះទេ​។

លោក​បន្តថា ទន្ទឹម​នឹង​ការធ្វើ​ពិពិធកម្ម​កម្ពុជា​ក៏​កំពុង​ខិតខំ​ពង្រីក និង​ពង្រឹង​ខ្សែចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​វែង​ផងដែរ ដើម្បី​អាច​បង្កើត​ការងារ​ថ្មីៗ​សម្រាប់​ប្រជាជន ដោយ​ចៀសវាង​ការនាំចេញ​វត្ថុធាតុដើម​ទៅ​ក្រៅប្រទេស​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ធ្វើ​ពិពិធកម្ម​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅ​ជា​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​ជំនាញ​»​។ យើង​កំពុង​ជំរុញ​រោងចក្រ​នៅ​កម្ពុជា​ឲ្យ​ទៅជា Smart Factory»​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ឲ្យ​ដឹងថា GMAC ទទួល​បាន​សមាជិក​ថ្មី​ចំនួន ៥ រោងចក្រ​​ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​ឆ្នាំ ២០២០ ​នេះ​។

លោក​ថ្លែងថា​៖ «​ទន្ទឹមនឹង​ទទួល​បាន​សមាជិក​ថ្មី​នេះ សមាជិក​របស់ខ្ញុំ​មួយ​ចំនួន​ក៏បាន​បិទទ្វារ​ដែរ ប៉ុន្តែ​ខ្ញុំ​អត់​មាន​តួលេខ​នោះទេ​»​។

ធនាគារ​ពិភពលោក​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រង​ការប៉ះទង្គិច​យ៉ាងដំណំ​ពី​ការផ្ទុះ​ជំងឺ​កូវីដ​១៩​នេះ​។ សម្រាប់​កំណើន​ក្នុង​ឆ្នាំ​ ២០២០ ត្រូវបាន​ព្យាករ​ទុក​ថា នឹង​ថយ​ល្បឿន​មក​នៅ​ត្រឹម​ ២,៥ ​ភាគរយ ខណៈ​កាលពី​ឆ្នាំ​ ២០១៩ កំណើន​សេដ្ឋកិច្ច​មាន​រហូត​ដល់ ៧,១ ភាគរយ​។

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គិត​ត្រឹម​ចុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩ រោងចក្រ​តម្បាញ កាត់ដេរ ចាក់ កាបូប ស្បែកជើង មាន​ចំនួន​ ១ ០៩៩ រោងចក្រ​ផលិត​ម្ហូបអាហារ ភេសជ្ជៈ និង​បារី​មាន​ចំនួន​ ១៦៣ រោងចក្រ​ផលិតផល​ពី​ឈើ (​លើកលែង​គ្រឿងសង្ហារិម​) មាន ៣៦ រោងចក្រ​ផលិត​ក្រដាស និង​បោះពុម្ភ​លើ​សម្លៀកបំពាក់​មាន​ចំនួន ៦៣ រោងចក្រ​​ឧស្សាហកម្ម​គីមី កៅស៊ូ និង​ប្លាស្ទិក មាន ១៤៥ និង​រោងចក្រ​ផលិតកម្ម​ពី​រ៉ែ​លោហៈ​មាន​ចំនួន ៥៨ រោងចក្រ​កែច្នៃ​លោហៈ​មាន​ ១៦៣ រោងចក្រ​គ្រឿងសង្ហារិម​មាន​ ២០ ​រោងចក្រ​ផលិត​គ្រឿងអគ្គិសនី ឧស្ម័ន មាន​ ១ និង​រោងចក្រ​កម្មន្តសាល​ផ្សេងៗ​សរុប ៥៣៕

វីដេអូ៖